លោកអភិបាល​រាជធានីព្រមានថា ៖ «បើធ្វើមិនកើត​ ឈប់​ទៅ»

រាជធានី​ភ្នំពេញ ៖ ​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ព្រមាន​ត្រង់​ៗ​​ទៅ​​លើ​ក្រុមហ៊ុន​ឯកជន​ចំនួន​២ ទី១-​​​ក្រុមហ៊ុន​ Ly brother និង​២-​ក្រុមហ៊ុន​មួយទៀត​មិន​ស្គាល់ឈ្មោះ​ ដែល​កំពុង​ទទួល​សិទ្ធិ​ម៉ៅ​​ការ​ស្ថាបនា​ប្រឡាយ និង​ផ្លូវ​អម​សង​ខាង​​ប្រឡាយ​​បឹង​​ត្របែក​ថា ​នឹង​ដកសិទ្ធិ​ទាំង​អស់ពី​ក្រុមហ៊ុន​នេះ​​ចេញ​តែ​ម្តង ប្រសិនបើ​នៅ​តែ​មាន​ភាព​យឺតយ៉ាវ​ខ្ជីខ្ជា​​រ មិន​ស្វាហាប់​ក្នុង​ការងារ​ទៀត​​នោះ ។​

លោក​បាន​ព្រមាន​​បែប​​​នេះ នៅ​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ដោះស្រាយ​ផល​ប៉ះ​ពាល់​ការ​​​ស្តារ ដែល​កំពុង​ដំណើរការ​បុក​ស៊ី​ផាយ​ (​បុក​បន្ទះ​ដែក​ទប់​ កុំ​ឱ្យ​​បាក់​​ដី​​តាម​មាត់​ប្រឡាយ​) ប្រឡាយ​បឹង​ត្របែក​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ​កក្កដា​ ២០១៦ ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ ក្នុង​ការ​ស្ថាបនា​ប្រឡាយ​នោះ និង​អាជ្ញាធរ​ មន្ទីរ​ជុំនាញ​ជា​ច្រើន​រូប​ទៀត ។

​លោក​មាន​ប្រសា​ស​ន៍​បន្ត​​​​ថា ក្នុង​នាម ​ជា​ក្រុមហ៊ុន​ដែល​បាន​​ទទួល​​សិទ្ធិ​ពីសា​លា​រាជធានី​​ភ្នំពេញ គឺ​គិតតែ​ម្យ៉ាង​គត់ គឺ​ការ​​ស្ថាបនា​ឱ្យ​​បាន​លឿន​ ទៅ​តាម​គម្រោង មិនមែន​ចេះ​តែ​ខ្លាច​នេះ​ ខ្លាច​នោះ ​មិន​ចេះ​ចប់​នោះ​ទេ ។ ចំណែក​ផល​ប៉ះពាល់​ គឺ​អាជ្ញាធរ​ជា​អ្នក​​ដោះស្រាយ​ក្រុមហ៊ុន​ដឹង​​តែ​ពី​ធ្វើ​ទៅ ។​

លោកប​ន្ត​ថា បើ​ក្រុមហ៊ុន​ធ្វើ​មិនកើត​ទេ​ ឈប់​ទៅ ​សាលា​រាជធានី​ភ្នំពេញ​នឹង​រក​ក្រុមហ៊ុន​ថ្មី​ មក​ជំនួស​វិញ ព្រោះ​ការងារ​នេះ ​ត្រូវ​តែ​លឿន បើ​អនុវត្ត​ការងារ​នេះ ​មិន​បាន​លឿន​​ទេ មិន​មានទឹក​គ្រប់គ្រាន់​សម្រាប់​ស្ថា​នី​យ​​ថ្មី ​ដែល​បាន​និង​កំពុង​ស្ថាបនា​ ស្ទើរតែ​ជិត​រួច​រាល់​​នោះបូម​ទេ​​ ។

អាជ្ញាធរ​ខណ្ឌចំការមន​​បានឱ្យ​ដឹងដែរ​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ប៉ះពាល់​ជាមួយ​គម្រោង​ខាងលើ​​នេះ ត្រូវ​បាន​ចែក​ចេញ​ជា​៣​តំបន់ គឺ​តំបន់​A ជា​តំបន់​ដែល​បងប្អូន​ រស់នៅ​តាម​មាត់​ប្រឡាយ​មាន​ចំនួន​៣១៥​ខ្នង​ផ្ទះ​, ​តំបន់​B ប្រជាពលរដ្ឋ​រស់នៅ​មាត់បឹង​មាន​​ចំនួន​១២៣​ខ្នង​ និង​តំបន់​C ​ជា​តំបន់​ក្នុង​បឹង​មានផ្ទះ និង​ដី ត្រូវ​បាន​គេ​រំលោភ​យក​ធ្វើ​កម្ម​សិទ្ធិផ្ទាល់ខ្លួន ​មាន​២៣៨​ខ្នង​ផ្ទះ និង​ក្បាលដីមាន​ចំនួន​៦៧៦ ។​

ជាមួយ​គ្នា​នេះ អាជ្ញាធរ​មានការ​ខកចិត្ត​ ចំពោះ​ការ​រំលោភ​បឹង​ត្របែក​ ដែល​ជា​បឹង និង​ជា​ប្រឡាយ​បង្ហូរទឹកដ៏​សំខាន់​ នៅ​ប៉ែក​ខាង​ត្បូង​រាជធានី​ភ្នំពេញ​ ពី​អ្នកមាន​បុណ្យ​ស័ក្តិ​​មួយ​ចំនួន​ ​​ដែល​ជា​គំរូ​អាក្រក់​តែ​ម្តង ។​ អាជ្ញាធរ​ដដែល​​​បញ្ជាក់​ថា អាង​ស្តុក​ទឹក និង​ប្រឡាយ​​បឹង​ត្របែក​ខាងជើង និង​ខាងត្បូង​មាន​ទំហំ​​ជាង​៣០​ហិ​កតា ត្រូវ​បាន​គេ​ចាក់​ដី​រំលោភ​យក​ធ្វើ​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន ​ស្ទើរ​អស់​ទៅ​ហើយ គឺ​សព្វថ្ងៃ​នៅ​មិន​ដល់​១០​ហិ​កតា​ផង ត្រូវ​​​គេ​ចាក់​ដី​សង់​សំណង់​​ផ្សេង​ៗ ។ ចំណែក​ផ្ទៃ​បឹង​ដែល​នៅ​សល់​ក្នុង​ទឹក ត្រូវ​បាន​បោះបង្គោល​ពុះ​ជា​ឡូ​ត៍​ ធ្វើ​ឱ្យ​​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​​អាង​ស្តុក​ទឹក និង​ប្រ​ព័ន្ធ​​ប្រឡាយ​បង្ហូរទឹក​បឹង​ត្របែក​នេះ ។

សូម​បញ្ជាក់​ថា គម្រោង​ស្តារ​ប្រឡាយ និង​ស្ថាបនា​ផ្លូវ​អម​ប្រឡាយ​បឹង​ត្របែក​នេះ បាន​និង​កំពុង​ដំណើរការ​បុក​ស៊ី​ផាយ​ធ្វើ​ជញ្ជាំង​ប្រឡាយ និង​ផ្លូវ​បេតុង ​អម​ប្រឡាយ​ចាប់ពី​ផ្លូវ​លេខ​៤៨៨ ​ដល់​ស្ថា​នី​យ​​បូមទឹក​បឹង​ត្របែក​ មាន​ប្រវែង​៩៧៥​ម៉ែត្រ មាន​ទទឹង​៥​ម៉ែត្រ​សងខាង ។ ​ហើយ​ក្រុមហ៊ុន​ទាំង​ពីរ​ខាងលើ​នេះ មួយ​ទទួល​ម៉ៅ​​ការ​បុក​ស៊ី​ផាយ និង​មួយទៀត​ ទទួល​ធ្វើ​ផ្លូវ​អម​សង​ខាង​ប្រឡាយ​តែ​ម្តង ​។