ស្លាប់​ទាំង​ម្តាយ និង​កូន​ក្នុងពេល​សម្រាលកូន​ក្នុង​មណ្ឌល​សុខភាព​ឃុំ​ពង្រ ក្រុមគ្រួសារ​ អំពាវនាវ​រក​យុត្តិធម៌ ចោទ​គ្រូពេទ្យ​ធ្វេសប្រហែស​

​ខេត្តកំពង់ឆ្នាំង​៖ ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ ដែល​បាន​ស្លាប់​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​ក្នុងពេល​សម្រាលកូន នៅក្នុង​មណ្ឌល​សុខភាព​ពង្រ ឃុំ​ពង្រ ស្រុក​រលាប្អៀរ កាលពី​យប់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ បាន​អំពាវនាវ​ឲ្យ​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​ស្ថាប័ន​មាន​សមត្ថកិច្ច ជួយ​រក​យុត្តិធម៌​ដល់​ស្ត្រី​រងគ្រោះ ដែល​ស្លាប់​ដោយ​ការ​បង្កើតកូន​ធ្វេសប្រហែស និង​មិន​យកចិត្តទុកដាក់​របស់​គ្រូពេទ្យ​ឆ្មប​មណ្ឌល​សុខភាព​ពង្រ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។

បុរស​ឈ្មោះ ក​យ ពេ​ជដា​រ៉ា អាយុ​៣៤​ឆ្នាំ ជា​ប្តី​ស្ត្រី​រងគ្រោះ​បាន​និយាយ​ឲ្យ​ដឹងថា​៖ ប្រពន្ធ​គាត់ ឈ្មោះ ម៉ក់ ច័ន្ទ​ឌី អាយុ​២៧​ឆ្នាំ គ្រួសារ​គាត់​មាន​ទីលំនៅ​ភូមិ​កំពង់​រាំង ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ។ ប្រពន្ធ​គាត់​សម្រាលកូន​ស្លាប់​នេះ គឺជា​កូន​ទី​២ កន្លងទៅ​ប្រពន្ធ​គាត់​ក៍​ធ្លាប់ សម្រាលកូន​ទី​១ នៅក្នុង​មណ្ឌល​សុខភាព​ពង្រ​នេះដែរ តែ​បាន​សុខ​សប្បាយ​មិន​អី​ទេ ។ ដោយឡែក​ពេល​មក​សមរាលកូន​លើក​ទី​២​នេះ​នៅ គឺ​យប់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ ប្រពន្ធ​គាត់​បាន​ឈឺពោះ​សម្រាលកូន រូបគាត់​រួម​នឹង​ក្រុមគ្រួសារ បាន​ដឹក​ប្រពន្ធ​គាត់ តាម​កាណូត​បា​ឡា​ស្មាច់ និង​បន្ត​ដឹក​តាម​ម៉ូតូឌុប មកដល់​មណ្ឌល​សុខភាព​ពង្រ នៅវេលា​ម៉ោងជាង​២​យប់ ។​

​ពេលមកដល់​គាត់​ហៅ​គ្រួ​ពេទ្យ ប្រហែល​២០​នាទី​ទើប​បើកទ្វារ​ឲ្យ​ប្រព​ន្ឋ​ខ្ញុំ​ចូល និង​បាន​ឲ្យ​ឡើងលើ​គ្រែ​សម្រាលកូន ដោយ​ប្រាប់ថា ដល់ពេល​ត្រូវ​កើត​ហើយ និង​បានអោយ​ប្រពន្ធ​ខ្ញុំ​ប្រឹង​បង្កើតកូន​ដោយ​ខ្លួនឯង តែ​មិនទាន់​កើត ដោយ​ឃើញ​ប្រព​ន្ឋ​គាត់​កាន់តែ​អស់កម្លាំង ក្រុមគ្រួសារ​គាត់​បាន​សុំ​ឲ្យ លោកគ្រូ​ពេទ្យ​ជួយ​ចាក់​ថ្នាំ​កម្លាំង​ឲ្យ ពេទ្យ​ក៍​ចាក់​ថ្នាំ​ត្រគៀក ម្ខាង​មួយ​ម្ជុល ។ បន្ទាប់មក​ឃើញ​សភាព​ប្រពន្ធ​ខ្ញុំ​កាន់តែ​មិន​ស្រួល ពេទ្យ​បាន​ចាក់​ថ្នាំ​នៅ​ភ្លៅ​មួយ​ម្ជុល​ទៀត ពេលនោះ​ប្រពន្ធ​គាត់​កាន់តែ​មិន​ស្រួល​ខ្លាំង រូបគាត់​និង​ក្រុមគ្រួសារ បាន​អង្វរ​ពេទ្យ អោយ​បញ្ជូន​ប្រពន្ធ​គាត់​មក​មន្ទីរពេទ្យ​ខេត្ត តែ​ទម្រាំ ឡានពេទ្យ​ទៅដល់ ប្រពន្ធ​គាត់​ជ្រុលពេល​ទៅហើយ​។ ពេលនោះ​គ្រួ​ពេទ្យ​ទៅយក​ខ្យល់​អុកស៊ីហ្សែន​ក៏​អត់ ទៅរក​ប្រដាប់​សប់​ខ្យល់​ដោយ​ដៃ​ក៏​គ្មាន មានតែ​របស់​ក្មេង​យកមក​សប់​មិន​ចូល​ទៀត ។ ពេល​ឡានពេទ្យ​ខេត្ត មកដល់​ក៏​ដាក់​ខ្យល់​អុកស៊ីហ្សែន និង​ដាក់​សេរ៉ូម​ដែរ តែ​មិន​ចូល លុះ​ពេលមកដល់​ពេទ្យ​ខេត្ត គ្រួ​ពេទ្យ​ដក​សេរ៉ូម និង​ខ្យល់​អុកស៊ីហ្សែន​ចេញ និង​ធ្វើ​ចលនា​ជួយសង្គ្រោះ​បន្តិច​មក ក៍​ប្រាប់ថា មិន​អាចជួយ​បានទេ​យក​ធ្វើបុណ្យ​ធ្វើ​ទៀន​ទៅ ។​

​រឿងនេះ​គាត់​ជា​ប្តី​មិន​បញ្ចប់​ត្រឹមហ្នឹង​ទេ ដោយ​សុំអោយ​លោក​ប្រធាន​ម​ន្ទិ​រ​សុខាភិបាល​ខេត្ត និង​សមត្ថ កិច្ច​ជួយ​រក​យុត្តិធម៌​ជូន​គ្រួសារ​គាត់​ផង ។ ដោយឡែក​បុរស​ឈ្មោះ ឈឹម គឿន ដែល​ត្រូវជា​ឪពុក វិញ​បាន​និយាយថា​៖ ចំណុច​ទី​១ លោក​ចង់បាន​យុត្តិធម៌ កុំអោយ​រឿង​ហ្នឹង វា​កើតឡើង​ទៀត ទី​២​ជីវិត​មនុស្ស​២​នាក់ មិនមែន​ស្លាប់​ទទេ​បែបនេះ​ទេ​ដែល​នេះ​ជា​កំហុស​គ្រូពេទ្យ ព្រោះ​ពេលទៅដល់​ហើយ​ម៉េច​មិន​ប្រឹង​រាក់ទាក់​ឆាប់​បង្កើតកូន​ឲ្យ គិតតែ​រឿង​ប្រាក់​មិន​ប្រឹង​ជយ​យ​សិន​ទេ ហើយ​បើ​គ្មាន​ល​ទ្ឋ​ភាព​ម៉េច​មិន​ប្រញាប់​បញ្ជូនមក​មន្ទីរពេទ្យ​ខេត្ត ហើយ​បើ​បញ្ជូន​មិនទាន់​ម៉េច​ក៏​មិនមាន​ឧបករណ៍ សង្គ្រោះ ដូចជា​ខ្យល់​អុកស៊ីហ្សែន​ជាដើម ហេតុនេះ​សូមអោយ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​អោយ​ផង ។​

ករណី​ឆ្មប​មណ្ឌល​សុខភាព​បង្កើតកូន​អោយ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ទាំង​ម្តាយ​និង​កូន​នេះ លោក ជូ​​សុ​ភុ​ត ជា​ប្រធាន​មណ្ឌល​សុខភាព​ពង្រ បាន​ស្រង់​សំដី គ្រូពេទ្យ​ប្រចាំការ​ថា ៖ ថ្ងៃនោះ អ្នកប្រចាំការ​មានតែ​២​នាក់​ទេ មុនពេល​អ្នក​ជម្ងឺ​មកដល់​នោះ បានធ្វើ​ដំណើរ​វា​ឆ្ងាយ មាន​ដឹក​បា​ឡា ដឹក​ម៉ូតូឌុប ជាដើម ហើយ​ពេល​ដាក់​ម៉ូតូ​វារ​លាក់ៗ ធ្វើអោយ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​បញ្ហា ព្រោះតែ​ពោះ​តឹង និង​ពេលមកដល់ មណ្ឌល​សុខភាព​នឹង​គឺ​ម៉ោង​៣,៣០​នាទី ។ គ្រូពេទ្យ​បានធ្វើការ​វាស់ សំពាធ​ឈាម មើល​មាត់ស្បូន តាម​ជំនាញ​របស់​គ្រួ​ពេទ្យ​ពេល​នោះដែរ​ស្ត្រី​ឈោះ​ពោះ ចេះតែ​ស្រែក គាត់​ថាៈ អស់កម្លាំង ទាមទារ​ឲ្យ​បុគ្គលិក​ពេទ្យ​ចាក់​ថ្នាំ​កម្លាំង​អោយ ពេលនោះ​ពេទ្យ​បាន​ចាក់​ថ្នាំ​២​ម្ជុល​ឲ្យ គឺ​ចាក់​វីតាមីន B12 និ​វីតាមីន C ចាក់ ចូល​ត្រគៀក​សងខាង ។​

ក្រោយមកទៀត អ្នកជំងឺ​មាន​សភាព​មិនធម្មតា បុគ្គលិក ក៏​បូម​ថ្នាំ​ចាក់​មកចាក់​មួយ​ម្ជុល​ទៀត ជា​ថ្នាំ​បើក​ស្បូន តែ​ចាក់​ពាក់កណ្តាល​ទេ ទុក​ពាក់​កណា្ត​ល​។ ពេល​ឃើញ​ស្ត្រី​រងគ្រោះ​ខ្លាំង​ក៍​ហៅ ឡានពេទ្យ ប៉ុន្តែ​ការជួយ ដូចជា​អត់​ប្រ​សិ​ទ្ឋ​ភាព ព្រោះ​អ្នក​ស្ត្រី​មាន​សភាព​ធ្ងន់ធ្ងរ​ហើយ ចំណែកឯ​ការដាក់​សេរ៉ូម​នឹង មិនមែន​មិន​ចូល​ទេ គឺ​ចូល ទាស់​តែ​យើង​មិន​បានដាក់​ពីដំបូង​។ ចំណែក​ការជួយ​សង្គ្រោះ​ទៀត ចៃដន្យ​យើង​អត់​អុក ស៊ី​ហ្សែ​ន ព្រោះ​អ្នក​ជម្ងឺ​មុន​ប្រើ​អស់ យកមក​ដាក់​មិនបាន​ពិនិត្យមើល​មិនដឹងថា អុក ស៊ី​ហ្សែ​ន​អស់ ដែល​នេះ​គឺជា​រឿង​ចៃដន្យ​មួយ​សម្រាប់​បទពិសោធន៍​ទៅ​ថ្ងៃក្រោយ​ទៀត ។​

​ទោះបី​មានការ​បកស្រាយ​បែប​ក្តី ក្រុមគ្រួសារ​រងគ្រោះ​ស្ត្រី​រងគ្រោះ និង​ប្តឹង​សុំ​ឲ្យ​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​ស្ថាប័ន​ពាក់​ព​ន្ធ័​ជួយ​រក​យុត្តិធម៌​ជូន​គ្រួសារ​គាត់ ព្រោះ​ម្តាយ​និង​កូន​មាន​ជិវិត​ដល់​ទៅ​២​នាក់ មិន​សម​ស្លាប់​ដោយ​ការមិន​យកចិត្តទុកដាក់ និង​ធ្វេសប្រហែស​របស់​គ្រូពេទ្យ​ឆ្មប​របស់ មណ្ឌល​សុខភាព​ពង្រ នោះឡើយ ។

ដោយឡែក​ក្រោយពេល​ជនរងគ្រោះ​បាន​ស្លាប់ ក្រុមការងារ​កាកបាទ​ក្រហម​ស្រុក​រលាប្អៀរ ក៏បាន​ចុះមក​សួរសុខទុក្ខ​ផ្ទាល់​ដល់​ក្រុមគ្រួសារ នៅ​ក្នុ​លំនៅដ្ឋាន និង​បាន​ជួយឧបត្ថម្ភ​ថវិកា មួយចំនួន​ដល់​ក្រុមគ្រួសារ​សព​ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​ដោយសារ​សម្រាលកូន​ក្នុង​ខាងលើនេះ​ផងដែរ​៕ រិ​ទ្ធិ ជ័យ

KA-26-07-2016-01 KA-26-07-2016-03
​ ​ ​ ​ ​ ​ ​ ​ ​ ​ ​