ម្ចាស់​ឆ្នោត​ខ្លះ​នៅ​សៀមរាប​រិះគន់​បក្ស​មាន​អាសនៈ​ក្នុង​សភា​​ថា​មិន​បាន​ធ្វើ​តាម​កិច្ចសន្យា

នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា គឺ​ជា​គម្រប់​ខួប ៣​ឆ្នាំ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ របស់​ប្រទេស​កម្ពុជា។ ការ​បោះឆ្នោត​អាណត្តិ​នេះ ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​បាន​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ទៅ​ឱ្យ​គណបក្ស​២ ដែល​មាន​អាសនៈ​អ្នក​តំណាងរាស្ត្រ​នៅ​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

ទោះជា​យ៉ាង​ណា ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​មើល​ឃើញ​ថា គណបក្ស​ទាំង​ពីរ​មិន​ទាន់​គោរព​បាន​ពេញលេញ​ទៅ​តាម​ការ​សន្យា​ដូច​អ្វី​ដែល​បាន​និយាយ​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ឡើយ​ទេ។

ភូមិ​ថ្មី ឃុំ​កៀនសង្កែ នៃ​ស្រុក​សូទ្រនិគម ចម្ងាយ​ប្រមាណ​ជាង ៤០​គីឡូម៉ែត្រ ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប។ ​ទី​នោះ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ជា​ម្ចាស់​ឆ្នោត​បាន​សម្ដែង​ការ​មិន​សប្បាយចិត្ត​ជាមួយ​នឹង​ជម្លោះ​នយោបាយ​ដែល​កំពុងតែ​កើត​ឡើង​រវាង​គណបក្ស​កាន់​អំណាច​ជាមួយ​នឹង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា ជា​ហេតុ​បង្ក​ឱ្យ​មាន​ការ​បន្ទច់បង្អាក់​ដល់​ដំណើរ​នៃ​លទ្ធិប្រជាធិបតេយ្យ ការ​អភិវឌ្ឍ​សង្គម ព្រមទាំង​ធ្វើ​ឱ្យ​មាន​ក្ដី​បារម្ភ​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ដូច​ពេល​នេះ។

ក្រុម​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​បាន​មើល​ឃើញ​ថា រយៈពេល ៣​ឆ្នាំ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ មក គឺ​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា មិន​បាន​បំពេញ​តួនាទី​អនុវត្ត​ឱ្យ​ពេញលេញ​ទៅ​លើ​ការ​សន្យា​ទាំង​ឡាយ​ដូច​អ្វី​ដែល​ខ្លួន​ធ្លាប់​យក​ទៅ​ឃោសនា​រក​សំឡេង​ឆ្នោត​នោះ​ឡើយ គឺ​រវល់​តែ​ឈ្លោះ​គ្នា​យក​ឈ្នះ​ចាញ់។

បុរស​អ្នក​ភូមិ​ថ្មី​នៃ​ឃុំ​កៀនសង្កែ ម្នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត​ដែល​នាំ​គ្នា​អង្គុយ​ប្រមូលផ្ដុំ​នៅ​ក្រោម​ផ្ទះ​ឈើ ប្រក់​ក្បឿង ២​ខ្នង គឺ​លោក ស៊ាប រ៉ែម។ លោក​មាន​ប្រសាសន៍​ថា រយៈពេល ៣​ឆ្នាំ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥​នេះ គឺ​រូប​លោក​ដែល​ជា​ម្ចាស់​ឆ្នោត​ម្នាក់​មាន​ការ​ខកចិត្ត​ទៅ​លើ​គណបក្ស​នយោបាយ ដែល​រូប​លោក​បាន​បោះ​ឆ្នោត​ឱ្យ។

ការ​ខកចិត្ត​នេះ ដោយសារ​តែ​លោក​មើល​ឃើញ​ថា គណបក្ស​ដែល​លោក​បាន​បោះ​ឆ្នោត​ឱ្យ​នោះ មិន​បាន​ធ្វើ​អ្វី​ដើម្បី​តបស្នង​មក​ឱ្យ​អ្នក​ភូមិ​របស់​គាត់​ដូច​ដែល​គេ​ធ្លាប់​សន្យា​ឡើយ។

បុរស​ដដែល​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​បច្ចុប្បន្ន បាន​សន្យា​ថា នឹង​ធ្វើ​ផ្លូវ​ល្អ​សម្រាប់​អ្នក​ភូមិ​ធ្វើ​ដំណើរ​ឱ្យ​បាន​ស្រួល និង​សុវត្ថិភាព ព្រមទាំង​ជួយ​កសាង​សាលាឆទាន​ចំនួន​២ នៅ​ក្នុង​ភូមិ។ ក៏ប៉ុន្តែ​ចាប់​តាំង​ពី​គណបក្ស​ជាប់​ឆ្នោត​រហូត​មក​ដល់​ពេល​នេះ ៣​ឆ្នាំ​ហើយ គឺ​មិន​ទាន់​ឃើញ​ធ្វើ​អ្វី​ឱ្យ​កើត​ថ្មី​នៅ​ក្នុង​ភូមិ​របស់​លោក​សោះ ឃើញ​តែ​គណបក្ស​នយោបាយ​ទាំង​ពីរ​រវល់​តែ​រឿង​ឈ្លោះ​គ្នា​ទៅ​វិញ៖ «ខក​ចិត្ត​ណាស់ ថា​បោះឆ្នោត​ឱ្យ​គណបក្ស​នយោបាយ​ត្រូវរ៉ូវ​គ្នា ហើយ​ធ្វើការ​អភិវឌ្ឍ បើ​រវល់​តែ​ឈ្លោះ​គ្នា​ដូច​ពេល​នេះ តើ​ធ្វើ​អ្វី​កើត»

អ្នក​ភូមិ​ថ្មី​ជា​ច្រើន​ទៀត ក៏​សំដែង​អារម្មណ៍​ប្រហាក់​ប្រហែល​គ្នា​នឹង​លោក ស៊ាប រ៉ែម ដែរ។

បុរស​ចំណាស់​ឈ្មោះ ម៉ឹង សឿម មាន​ប្រសាសន៍​ថា កាល​ពី​អំឡុង​ពេល​បោះឆ្នោត គឺ​លោក​បាន​បោះ​ទៅ​ឱ្យ​គណបក្ស​១ ក្នុង​ចំណោម​គណបក្ស​ទាំង​ពីរ​ដែល​កំពុង​មាន​អាសនៈ​ក្នុង​រដ្ឋសភា​បច្ចុប្បន្ន​នេះ។ កាល​ណោះ​លោក​បាន​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ទៅ​លើ​គណបក្ស ដោយសារ​តែ​គេ​បាន​សន្យា​ថា នឹង​ធ្វើ​សាលាឆទាន ព្រមទាំង​ផ្លូវថ្នល់​ក្នុង​ភូមិ​ឱ្យ​បាន​ល្អ​ស្អាត ក៏ប៉ុន្តែ​បន្ទាប់​ពី​គណបក្ស​នោះ​បាន​សំឡេង​គាំទ្រ​មក មិន​បាន​បំពេញ​តាម​ពាក្យ​សន្យា​ទេ៖ «ដូច​មិន​មាន​គោរព​តាម​កិច្ចសន្យា​នោះ​សោះ រឿង​ប្រជាជន​មិន​គិត​យ៉ាង​ណា បើ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ចេះតែ​ពី​ឈ្លោះ​គ្នា​ដូច​ពេល​នេះ»

អ្នក​ភូមិ​ថ្មី​បញ្ជាក់​ថា ពួកគាត់​ធុញថប់​នឹង​អ្នក​នយោបាយ​ដែល​គិតតែ​ពី​រឿង​ឈ្លោះ​គ្នា ជា​ជាង​គិត​ទៅ​លើ​ការងារ​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង​កែប្រែ​ជីវភាព​ពលរដ្ឋ​នោះ​ណាស់។ អ្នកភូមិ​យល់​ថា ប្រសិនបើ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ទាំង​ពីរ​នៅ​តែ​បន្ត​ការ​ឈ្លោះ​គ្នា​ទៅ​ទៀត គឺ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨ ខាង​មុខ​ពួកគេ​នឹង​ធ្វើ​ការ​ពិចារណា​ឡើង​វិញ។

បើ​ទោះ​បី​ជា​ពលរដ្ឋ​ខ្លះ​បាន​រិះគន់​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​បច្ចុប្បន្ន ថា​រយៈពេល ៣​ឆ្នាំ​មក​នេះ មិន​ទាន់​បាន​ធ្វើ​អ្វី​សម្រាប់​បម្រើ​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ឱ្យ​បាន​ជា​ដុំកំភួន​នៅ​ឡើយ​ក៏ដោយ ក៏​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​តាម​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​មិន​ទាន់​ហ៊ាន​វាយ​តម្លៃ ដូច​អ្វី​ដែល​ម្ចាស់​ឆ្នោត​ខ្លះ​អះអាង​នោះ​នៅ​ឡើយ​ទេ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ​លោក​ឃើញ​ថា តំណាងរាស្ត្រ​របស់​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​បាន​ចុះ​ទៅ​បំពេញ​ការងារ​នៅ​តាម​មូលដ្ឋាន​ថយ​ចុះ​មែន។ ប៉ុន្តែ​សម្រាប់​សកម្មភាព​ឆ្នាំ​២០១៦ នេះ គឺ​លោក​មិន​ទាន់​ហ៊ាន​និយាយ​ទេ ដោយសារ​តែ​មិន​ទាន់​បាន​សរុប​របាយការណ៍​ការងារ​របស់​អ្នក​តំណាងរាស្ត្រ​ឱ្យ​ច្បាស់លាស់​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​លោក គល់ បញ្ញា ទទួល​ស្គាល់​ថា បច្ចុប្បន្ន​ដំណើរការ​នៅ​ក្នុង​រដ្ឋសភា គឺ​ពិត​ជា​មាន​ភាព​រអាក់រអួល​មែន​ដោយសារ​តែ​ទំនាស់​ខាង​នយោបាយ ព្រមទាំង​មាន​ការ​វាយដំ​លើ​រាងកាយ​ការ​ដក​អភ័យ​ឯកសិទ្ធិ ព្រមទាំង​ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ជាដើម៖ «អ្នក​តំណាងរាស្ត្រ​នៅ​ក្នុង​រដ្ឋសភា​បច្ចុប្បន្ន យើង​ឃើញ​នៅ​ដំណើរការ​ដែរ ប៉ុន្តែ​គ្រាន់តែ​ជា​ដំណើរ​ការ​ជា​ឯក​បក្ស»

អ្នក​វិភាគ​បញ្ហា​សង្គម លោក​បណ្ឌិត កែម ឡី បាន​មាន​ប្រសាសន៍​នៅ​មុន​ពេល​ដែល​ឃាតក​បាញ់​សម្លាប់​រូប​លោក ១​ថ្ងៃ​ថា បញ្ហា​ដែល​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​រួមគ្នា​ដោះស្រាយ និង​ធ្វើការ​ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ ហើយ​គិតតែ​ពី​ឈ្លោះ​គ្នា​នេះ បាន​ធ្វើ​ឱ្យ​ម្ចាស់​ឆ្នោត​បាត់បង់​ភាព​កក់ក្ដៅ និង​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង។

លោក កែម ឡី បញ្ជាក់​ទៀត​ថា ប្រសិនបើ​ស្ថានភាព​នយោបាយ​ដូច​បច្ចុប្បន្ន គឺ​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​រវល់​តែ​ពី​រឿង​ឈ្លោះ​គ្នា​ដូច​នេះ វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ទឹក​ចិត្ត​របស់​អ្នក​បោះឆ្នោត​យ៉ាង​ខ្លាំង​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​អាណត្តិ​ខាង​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។