លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​សាងសង់​ផ្សារ​ស្ទឹងត្រែង​តាម​សំណើ​របស់​អាជីវករ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ថា​នឹង​សាងសង់​ផ្សារ​ស្ទឹងត្រែង​ថ្មី​តាម​សំណើ​របស់​អាជីវករ។ ការ​លើក​ឡើង​នេះ នៅ​គ្រា​លោក ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ កក្កដា ដើម្បី​ពិនិត្យ​មើល​សមិទ្ធផល​នានា និង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​នៅ​មូលដ្ឋាន។ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​មូលដ្ឋាន រង់ចាំ​តែ​នាយក​រដ្ឋមន្ត្រី​ដោះស្រាយ​ជា​សញ្ញា​បង្ហាញ​ពី​ភាព​អសកម្ម​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​បង្ហាញ​ពី​ភាព​ទន់ជ្រាយ​នៃ​សិទ្ធិ​សម្រេច​ចិត្ត​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង។

ក្តី​កង្វល់​របស់​ក្រុម​អាជីវករ​ផ្សារ​ស្ទឹងត្រែង​ជិត ៤​ខែ​មក​ហើយ​នោះ ត្រូវ​បាន​បញ្ចប់​អំឡុង​ពេល​មាន​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ស្ទឹងត្រែង។ ក្រុម​អាជីវករ​សាទរ​ការ​សម្រេច​របស់​លោក ហ៊ុន សែន ខណៈ​ពួក​គេ​ធ្លាប់​លើក​គ្នា​តវ៉ា​ករណី​នេះ​ច្រើន​លើក​ច្រើន​សា​មក​ហើយ​នោះ។

កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជជែក​ផ្ទាល់​មាត់​ជាមួយ​ក្រុម​អាជីវករ​រាប់​រយ​នាក់​នៅ​សាលា​ខេត្ត​ស្ទឹងត្រែង ផ្ដោត​សំខាន់​ដោះស្រាយ​បញ្ហា​ប្រឈម​ទាក់ទិន​ការ​សាងសង់​ផ្សារ​ស្ទឹងត្រែង​ថ្មី។ ក្នុង​ជំនួប​នោះ លោក ហ៊ុន សែន អះអាង​ថា លោក និង​សប្បុរសជន​បាន​សាងសង់​ផ្សារ និង​តូប​លក់​ដូរ​ជូន​អាជីវករ​ទាំងអស់ ហើយ​អាជីវករ​នីមួយៗ​នឹង​ទទួល​បាន​តូប​ក្នុង​ទំហំ​ធ្លាប់​មាន​ពី​មុន​មក។ ចំណែក​បង្គន់​អនាម័យ​ដែល​អាជ្ញាធរ​បាន​សាងសង់​រួច​រាល់​នៅ​ខាង​ជើង​ផ្សារ​ចំនួន ៣០​បង្គន់ លោក​នឹង​ចាត់​ឲ្យ​គេ​វាយ​កម្ទេច​ចោល៖ «មិន​លក់​តូប​តម្លៃ​តូប​ទាំង​អា (A) ទាំង​បេ (B) ទាំង​សេ (C) ខ្ញុំ​ជា​អ្នក​ប៉ាវ សុខ​ចិត្ត​វាយ​បង្គន់​ចោល»

លោក ហ៊ុន សែន បន្ថែម​ថា ផ្សារ​ថ្ម​ស្ទឹងត្រែង​ដែល​អាជ្ញាធរ​ខេត្ត​គ្រោង​ដាក់​ឈ្មោះ​ថា​ផ្សារ​មរតក​តេជោ​រ៉ានី​ស្ទឹងត្រែង ត្រូវ​ប្ដូរ​ឈ្មោះ​ថា ផ្សារ​សាមគ្គី​ស្ទឹងត្រែង​វិញ។

អាជីវករ ស្ទឹងត្រែង ៨៥៥
អាជីវករ​ផ្សារ​ស្ទឹងត្រែង ជួប​ពិភាក្សា​ចំពោះ​មុខ​ជាមួយ​អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១៦។ RFA/Men Sothyr

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល កត់​សម្គាល់​ថា ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ៣​គ្រួសារ បាន​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល​ដែល​រារាំង​ពួក​គេ​មិន​ឲ្យ​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​គ្រា​លោក ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​សាលា​ខេត្ត​ស្ទឹងត្រែង កាល​ពី​យប់​ថ្ងៃ​ទី​២៦ កក្កដា។ លោក​ចាត់​ទុក​ករណី​នេះ​ថា ដំណោះស្រាយ​បញ្ហា​ប្រឈម​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ហាក់​ពុំ​មាន​តម្លាភាព៖ «ប្រហែល​ជា​សម្ដេច​គាត់​ឃើញ​ការ​ប្រទាំង​ប្រទើស​គ្នា បាន​គាត់​ចុះ​មក។ ហើយ​ចឹង​យើង​ឃើញ​អាជ្ញាធរ​ខេត្ត​នៅ​យប់​ថ្ងៃ​ទី​២៥ គាត់​មិន​បាន​សម្រាក​ទេ ដោយសារ​គាត់​ប្រឹង​ធ្វើ​គោលការណ៍​ដែល​សម្ដេច​ធ្លាប់​មាន​ប្រសាសន៍​ថា ឲ្យ​ពលរដ្ឋ​នៅ​លើ​ផ្សារ​ដដែល»

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មើល​ឃើញ​ថា ការ​រង់ចាំ​ដោះស្រាយ​បញ្ហា​នានា​ពី​ថ្នាក់​ជាតិ​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​កំណែ​ទម្រង់​ស៊ី​ជម្រៅ​នោះ​ទេ ហើយ​ប្រសិន​បើ​បញ្ហា​នេះ​កើត​មាន​ទៀត អ្នក​ដែល​ខាត​ប្រយោជន៍ គឺ​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល។ លោក​កត់​សម្គាល់​ថា រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ហាក់​ដូចជា​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​សង្គម និង​ច្រើន​តែ​រង់ចាំ​ភ្លើង​ខៀវ​ពី​ថ្នាក់​ជាតិ ទើប​អាច​ដោះស្រាយ​បាន។ បញ្ហា​នេះ​មាន​ន័យ​ថា រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ស្ពឹក​ស្រពន់៖ «យើង​មើល​ឃើញ​គ្រប់​យ៉ាង ចាំ​នាយក​រដ្ឋមន្ត្រី​ទៅ​ដោះស្រាយ ចុះ​ប្រសិន​បើ​បញ្ហា​ដែល​វា​កើត​ឡើង ហើយ​នាយក​រដ្ឋមន្ត្រី​ទៅ​មិន​ដល់ ថា​តើ​អ្នក​ដែល​រងគ្រោះ​ជា​នរណា? អ្នក​ដែល​រងគ្រោះ​គឺ​ពលរដ្ឋ។ យើង​ចង់​ឲ្យ​សមត្ថកិច្ច​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ហ្នឹង ត្រូវ​មាន​វិធានការ​ហ្មត់ចត់​ជាក់លាក់ ដើម្បី​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ ជា​ជាង​រង់ចាំ​បញ្ជា​ពី​ថ្នាក់​លើ»

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៦ ភ្លើង​ឆេះ​ផ្សារ​ថ្ម​ស្ទឹងត្រែង អស់ ១.០៨០​តូប ដែល​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​អាជីវករ​រាប់​លាន​ដុល្លារ។ ទំហំ​ផ្សារ​ស្ទឹងត្រែង​ទាំងមូល គឺ​សាងសង់​លើ​ផ្ទៃ​ដី​ជិត ១​ហិកតារ (.០៦៥,១​ម៉ែត្រ​ការ៉េ)

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ចំណាត់​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​ជា​ការ​ទាញ​យក​ប្រជាប្រិយភាព​នយោបាយ ច្រើន​ជាង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ពិត​ប្រាកដ ខណៈ​វិធានការ​ដោះស្រាយ​ផ្សារ​នោះ គឺ​ជា​ដែន​សមត្ថកិច្ច​រដ្ឋបាល​សាធារណៈ ឬ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។