សហគមន៍ SOS ដាក់​ញត្តិ​ទៅ ACU ឲ្យ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​រឿង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី

ពលរដ្ឋ​សហគមន៍ អេស.អូ.អេស (SOS) រស់​នៅ​ជាប់​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប្រមាណ ៣០​នាក់ ដាក់​ញត្តិ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហៅ​កាត់​ថា អេ.ស៊ី.យូ (ACU) នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្កដា ស្នើសុំ​ឲ្យ​ស្ថាប័ន​​នេះ​សហការ​ជាមួយ​សហគមន៍​ដើម្បី​ស៊ើប​អង្កេត​ជុំវិញ​ភាព​មិន​ប្រក្រតី​រឿង​អាជ្ញាធរ​មិន​ព្រម​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ជាង ៦០០​គ្រួសារ។

​ពលរដ្ឋ​សហគមន៍ អេស.អូ.អេស អះអាង​ថា ពួកគាត់​ធ្លាប់​បាន​តវ៉ា​សុំ​អន្តរាគមន៍​ឲ្យ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជា​ច្រើន​លើក​មក​ហើយ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា តែ​នៅ​មិន​ទាន់​ឃើញ​មាន​លទ្ធផល​ណា​មួយ​នៅ​ឡើយ។ ចំណែក​ឯ​សង្គម​ស៊ីវិល​រិះគន់​ថា អាជ្ញាធរ​មូលដ្ឋាន​គ្មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​ឲ្យ​បាន​ចប់​នោះ​ទេ។

តំណាង​សហគមន៍ អេស.អូ.អេស លោក កៅ សុវណ្ណ ថ្លែង​ឲ្យ​ដឹង​ពី​គោលបំណង​នៃ​ការ​ដាក់​ញត្តិ​នេះ​ថា លោក​ស្នើ​សុំ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជួយ​អន្តរាគមន៍​ស៊ើប​ករណី​មិន​ប្រក្រតី​ដែល​ពលរដ្ឋ​សង្ស័យ​ចំនួន ២​ចំណុច គឺ​ទី​១ ការ​មិន​ព្រម​ផ្ដល់​កម្មសិទ្ធិ​ពី​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ និង​ការ​មិន​គោរព​តាម​សេចក្ដី​ជូន​ដំណឹង (ស.ជ.ណ) លេខ​៦០២ ដែល​ចេញ​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦៖ «»។

​តំណាង​សហគមន៍ អេស.អូ.អេស យល់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គឺ​ជា​បន្ទាត់​វាស់វែង​អំពើ​ពុករលួយ និង​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ជូន​សង្គម។ ហេតុ​នេះ សហគមន៍​លោក​រំពឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​បញ្ជូន​មន្ត្រី​ទៅ​ស៊ើប​អង្កេត​ស្រាយ​ចម្ងល់​ជូន​ពលរដ្ឋ៖ «»។

ទន្ទឹម​គ្នា​នេះ ពលរដ្ឋ​សហគមន៍ អេស.អូ.អេស លោកស្រី សៅ សុខយាង ឲ្យ​ដឹង​ថា ការ​យឺតយ៉ាវ​មិន​ព្រម​ផ្ដល់​ដី​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​កំពុង​ជំរុញ​ឲ្យ​គ្រួសារ​ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ដីធ្លី​មិន​អាច​សាងសង់​ផ្ទះ​បាន និង​អ្នក​ដែល​មាន​ផ្ទះ​ក៏​មិន​អាច​ជួសជុល លក់ និង​បញ្ចាំ​បាន ដែល​ធ្វើ​ឲ្យ​ពួកគាត់​ជំពាក់​បំណុល​គេ និង​ការ​រឹបអូស​ផ្ទះ​ពី​ធនាគារ​ក៏​មាន។ លោកស្រី​ចង់​ឃើញ​អង្គភាព​នេះ ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ តើ​មាន​អំពើ​ពុករលួយ​ក្នុង​ការ​ធ្វើ​ប្លង់ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​ដែរ ឬ​ទេ៖ «»។

ការ​តវ៉ា និង​ដាក់​ញត្តិ​របស់​ពលរដ្ឋ​សហគមន៍ អេស.អូ.អេស នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​មាន​ការ​រារាំង​ពី​សមត្ថកិច្ច​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ មន្ត្រី​ទទួល​ពាក្យ​បណ្តឹង​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ចេញ​មក​ជួប និង​ទទួល​ញត្តិ​ពី​ក្រុម​ពលរដ្ឋ ព្រមទាំង​សន្យា​នឹង​បញ្ជូន​ញត្តិ​នោះ​ទៅ​ប្រធាន ប៉ុន្តែ​មិនទាន់​អាច​ដឹង​ថា មាន​ដំណោះស្រាយ​យ៉ាង​ណា​ទេ។

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​មិនទាន់​ដឹង​ខ្លឹមសារ​ញត្តិ​ពី​ក្រុម​ពលរដ្ឋ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​ពិនិត្យ​ករណី​នេះ​ទៅ​តាម​លទ្ធភាព៖ «»។

ចំណែក​ឯ​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ សោកស្ដាយ​ដែល​អាជ្ញាធរ​គ្មាន​ឆន្ទៈ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​ក្នុង​សហគមន៍ អេស.អូ.អេស និង​តំបន់​ដទៃ​ទៀត។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរតែ​បញ្ជាក់​ព័ត៌មាន​ជាក់លាក់​ណា​មួយ​ជុំវិញ​ភាព​មិន​ប្រក្រតី​ដែល​មិន​ព្រម​ធ្វើ​ប្លង់​នេះ៖ «»។

ក្រុម​អ្នក​តវ៉ា​ដីធ្លី​នៅ​សហគមន៍ អេស.អូ.អេស អះអាង​ថា ពួកគាត់​ប្ដេជ្ញា​ថា នឹង​នៅ​តែ​បន្ត​តវ៉ា​ជា​ថ្មី និង​ប្រកាស​តវ៉ា​នៅ​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀត រហូត​ទទួល​បាន​ដំណោះស្រាយ​ជា​សំណង​សមរម្យ​ពី​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។