សហរដ្ឋ​អាមេរិក​ថ្កោល​ទោស​ការ​វាយប្រហារ​លើ​ព្រះ​វិហារ​នៅ​បារាំង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម

ក្រុមរដ្ឋឥស្លាមបានអះអាងថា ទាហាន២នាក់របស់ខ្លួនបានធ្វើការវាយប្រហារនៅថ្ងៃអង្គារម្សិលម៉ិញទៅលើព្រះវិហារកាតូលិក
នៅក្នុងទីក្រុង Normandy នៃប្រទេសបារាំង ដែលនៅទីនោះពួកគេ បានសម្លាប់សង្ឃកាតូលិកមួយអង្គបន្ទាប់ពីពួកគេ បានចាប់ព្រះអង្គធ្វើជាចំណាប់ខ្មាំងដោយប្រើកាំបិត។

សហរដ្ឋអាមេរិក បានថ្កោលទោសដោយប្រើពាក្យធ្ងន់ៗចំពោះការវាយប្រហារដ៏ព្រៃផ្សៃនេះ ហើយបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ព្រះតេជគុណ Jacques Hamel និងអ្នកស្រុកដែលរស់នៅជិតព្រះវិហារ ដែលត្រូវបានគេសម្លាប់នៅក្នុងក្រុង Saint –Etienne-du-Riuvray។

លោក Ned Price អ្នកនាំក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា បារាំងនិងសហរដ្ឋអាមេរិកធ្វើការតាំងចិត្តដើម្បីការពារសេរីភាពសាសនាសម្រាប់អ្នកកាន់សាសនាទាំងអស់ ហើយអំពើហិង្សានៅថ្ងៃនេះ នឹងមិនអាចបំផ្លាញការតាំងចិត្តនេះបានទេ។

ប្រធានាធិបតីប្រទេសបារាំង លោក Francois Hollande បានចុះទៅពិនិត្យមើលកន្លែងវាយប្រហារនៅក្នុងទីក្រុងភាគខាងជើងនេះកាលពីថ្ងៃអង្គារ ហើយបានមានប្រសាសន៍ថា ពួកអ្នកវាយប្រហារ មានភាពស្មោះត្រង់ទៅនឹងក្រុមរដ្ឋឥស្លាមមុនពេលត្រូវបានប៉ូលិសបាញ់សម្លាប់។

លោកប្រធានាធិបតី Hollande បានមានប្រសាសន៍ថា៖ «ក្រុមរដ្ឋឥស្លាម បានប្រកាសសង្គ្រាមជាមួយយើង។ យើងត្រូវតែប្រយុទ្ធដោយប្រើគ្រប់មធ្យោបាយទាំងអស់ ខណៈដែលយើងគោរពនីតិរដ្ឋដែរ‍»។

ពួកមន្រ្តីសន្តិសុខបារាំងបាននិយាយថា ពួកអ្នកវាយប្រហារទាំង២នាក់នោះ បានអារកសង្ឃកាតាលិកដែលមានព្រះជន្ម៨៤ឆ្នាំមុនពេលប៉ូលិសអាចធ្វើអន្តរាគមន៍។ លោកប្រធានាធិបតី Hollande បានប្រកាសប្រឆាំងការវាយប្រហារនេះថា ជាការវាយប្រហារភេរវកម្មដ៏ថោកទាបមួយ។

ប៉ូលិសបាននិយាយថា មនុស្សម្នាក់ទៀតដែលត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំងនៅឯព្រះវិហារគ្រិស្តសាសនានោះ បានស្ថិតនៅក្នុងស្ថានភាព«ស្លាប់រស់»បន្ទាប់ពីការវាយប្រហារ។ ប៉ូលិសបាននិយាយថា អត្តសញ្ញាណរបស់ពួកអ្នកវាយប្រហារនោះនៅមិនទាន់បានដឹងនៅឡើយទេ៕

ប្រភព៖ VOA


Related Posts