ភេរវកម្ម​អុកឡុក​បារាំង​ម្តង​ហើយ​ម្តងទៀត​ព្រោះ​ភាពកម្សោយ​នៃ​ប្រព័ន្ធ​សន្តិសុខ​? និពន្ធដោយ : សៅ ផលនិស្ស័យ       July-27-2016, 8:59 pm         442

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ភេរវកម្ម​អុកឡុក​បារាំង​ម្តង​ហើយ​ម្តងទៀត​ព្រោះ​ភាពកម្សោយ​នៃ​ប្រព័ន្ធ​សន្តិសុខ​?​ចាប់ពី​ដើមឆ្នាំ ២០១៥ បារាំង​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​របស់​ក្រុម​ភេរវជន​ជា​បន្តបន្ទាប់​។​ក្រោយ​ការវាយប្រហារ​នៅ Nice ប្រហែល​២​សប្តាហ៍​ប៉ុណ្ណោះ បុព្វ​ជិត​គ្រិស្តសាសនា​ដ៏​ចំណាស់​ម្នាក់​ត្រូវបាន​ភេរវជន​សម្លាប់​ទៀត​។
ឯ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh) បាន​ចេញមុខ​ប្រកាស​យក​ក្រេ​ឌី​ត​ចំពោះ​ការវាយប្រហារ​ទាំងនេះ​ផង​។ ប្រជាជន​បារាំង​ទូទៅ​បារម្ភ​ផង ភ័យ​ផង ហើយ​ខឹង​និង អស់ជំនឿ​លើ​រដ្ឋាភិបាល​បារាំង ដែលមាន​កា​ព្វ​កិច្ច​រក្សា សន្តិសុខ​ប្រជាជន​ដែរ​។ ប្រព័ន្ធ​សន្តិសុខ​បារាំង​ផុយស្រួយ​ខ្លាំង​ដែល​ចាំបាច់​ត្រូវមាន​កែសម្រួល​ឡើងវិញ ហើយ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ពង្រឹងសមត្ថភាព​ក្នុងការ​ទប់ស្កាត់​និង​គ្រប់គ្រង​បញ្ហា​សន្តិសុខ​នេះ​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​នា​ខែមករា​ឆ្នាំមុន ប្រជាជាតិ​បារាំង​ជួប​ការតក់ស្លុត​ព្រោះ​មានការ​វាយប្រហារ​ភេរវកម្ម​សម្លាប់​រង្គាល​អ្នកកាសែត Charlie Hebdo​ហើយ​បន្ត​មកទៀត​មានការ​វាយប្រហារ​នៅ​កណ្តាល​ក្រុងប៉ារីស​នា​ខែវិច្ឆិកា​សម្លាប់​មនុស្ស​អស់​រាប់រយ​នាក់​ផង​។  រហូតមកដល់​ខែកក្កដា​ប៉ុន្មាន​សប្តាហ៍​មុននេះ​ទៀត ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ បានប្រកាស​ទទួលខុស​ត្រូវ​ចំពោះ​ការវាយប្រហារ​នៅ​ទីក្រុង Nice  និង ការសម្លាប់ បុព្វ​ជិត​គ្រិស្តសាសនា​ម្នាក់​ផង​នៅ​វិហារ​កាតូលិក​នៅ Normandy នា​ថ្ងៃ​អង្គារ​ទី ២៦ កក្កដា​ថែមទៀត​។

​ចលនា​ភេរវកម្ម​អុកឡុក​ប្រទេស​បារាំង​ម្តង​ហើយ​ម្តងទៀត​នេះ​បាន​ក្លាយជា​ក្តីបារម្ភ​ខ្លាំង​សម្រាប់​សាធារណជន​បារាំង​ទូទៅ ហើយ​ប្រជាជន​ហាក់ដូចជា​លែង​ទុកចិត្ត​រដ្ឋាភិបាល​បារាំង​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ប្រធានាធិបតី ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​ផង​។ បណ្តា​ប្រជាជន​បារាំង អស់ជំនឿ​លើ​ការរក្សាសន្តិសុខ ដោយសារតែ​ក្រុម​ភេរវជន​អាច​ចេញ​វាយប្រហារ​នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស​បារាំង​យ៉ាង​ងាយ​។​

​ក្រៅពី​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន និង​បង្កើន​ការ​ល្បាត​របស់​ក្រុមប៉ូលិស​និង​យោធា​នៅ​ទីតាំង​សំខាន់​និង​រសើប គេ​មិនទាន់​ឃើញ​មាន​វិធានការ​ដុំកំភួន​ដើម្បី​ទប់ស្កាត់​និង​គ្រប់គ្រង​ចលនា​ភេរវកម្ម​ណាមួយ​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​ក្រុងប៉ារីស​ឡើយ​។ បណ្តា​មេដឹកនាំ​បារាំង​ចេញមុខ អំពាវនាវ​ឲ្យ​ប្រជាជន​អត់ធ្មត់ និង​ឲ្យ​មានការ​ឯកភាព​និង​រួបរួមគ្នា​ដើម្បី​ប្រឈម​បញ្ហា​សន្តិសុខ​គួរ​ឲ្យ​ភ័យខ្លាច​នេះ​។ គេ​ឃើញ​មានការ​ជជែក​ដេញដោល​គ្នា​ក្នុង​សភា​ដើម្បី​កំណត់​វិធានការ ច្បាប់ ឬ​បទបញ្ញត្តិ​នានា​ដែល​អាច​ត្រួតពិនិត្យ​និង​ទប់​ស្កាល់​ចលនា​ភេរវកម្ម​បាន​ផងដែរ​។ យោងតាម​សារព័ត៌មាន POLITICO អ្នកនយោបាយ​បារាំង​មួយចំនួន​ចង់​ឲ្យ​មានការ​កែសម្រួល​ច្បាប់​ដោយ​អនុញ្ញាត​ឲ្យ​ប៉ូលិស​និង​តុលាការ​អាចដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ចំពោះ​ជនល្មើស​និង​ជន​ដែល​ជាប់​ពាក់ព័ន្ធ​អំពើ​ភេរវកម្ម​នេះ​ផងដែរ​។​

​យ៉ាងណាមិញ ខាង​ក្រុម​អ្នកនយោបាយ​អភិរក្ស​ជឿជាក់ថា សង្គម​បារាំង​មាន​សេរីភាព​ជ្រុល​ពេក​ហើយ ហើយ​ពួកគេ​ស្នើ​ទៅ​រដ្ឋាភិបាល​ថា ដើម្បី​សុវត្ថិភាព​និង​សន្តិសុខ សេរីភាព​គួរតែ​ត្រូវ​រឹតត្បិត​។ នីតិរដ្ឋ និង​គោលការណ៍​ប្រជាធិបតេយ្យ​ក៏ដូចជា​សិទ្ធិ​ឯកជន​គួរតែ​ត្រូវ​កម្រិត​ឬ​ព្យួរ​ខ្លះ ដើម្បី​ឈានទៅ​អនុវត្ត​វិធានការ​តឹងរ៉ឹង​រួមមាន​ទាំង​ការឆែកឆេរ ពង្រាយ​កងកម្លាំង​ប៉ូលិស និង​ទាហាន​ទៅតាម​ទីសាធារណៈ ឬ​តាម​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណ​ជាដើម​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​និង​ទប់ស្កាត់​គ្រោះថ្នាក់​ជាដើម​។​

​ប៉ុន្តែ​អ្នកនយោបាយ​បារាំង​មួយចំនួន​ដែលមាន​និន្នាការ​ស្តាំ​ជ្រុល ដូចជា​លោកស្រី Marin Le Pen ហាក់បីដូចជា​ឆ្លៀតឱកាស​ទាញ​ចំណេញ​ក្នុង​ស្ថានការណ៍​អាសន្ន​នេះដែរ ហើយ​លោកស្រី​ហាក់ដូចជា​ប្រឹង​ទាញយក​បញ្ហា​សាសនា​មក​ឡូកឡំ​ក្នុង​បញ្ហានយោបាយ​ក៏ដូចជា​សន្តិសុខ​ជាតិ​ខ្លាំង​បន្តិច​ផងដែរ​។ ក្រោយ​ការវាយប្រហារ​នៅ Nice  លោកស្រី Marin Le Pen បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​ចុះចេញ​ពី​តំណែង ហើយ​រិះគន់​រដ្ឋាភិបាល​បារាំង​ទាំងមូល​ដែល​មិន​សកម្ម​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោកស្រី អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ប្រកាសសង្គ្រាម​ប្រឆាំង​ជន​ជ្រុលនិយម និង​ធ្វើយ៉ាងណា​រក​វិធានការ​ដើម្បី​លុបបំបាត់​ឲ្យ​បាន​នូវ​ចលនា​ឥស្លាម​ជ្រុលនិយម​។

​ទាក់ទិន​ការខ្វែងគំនិត​គ្នា​រឿង​វិធានការ​សន្តិសុខ​នេះ នាយករដ្ឋមន្ត្រី​បារាំង​លោក Manuel Valls បានបញ្ជាក់​ច្បាស់​ហើយ​ថា រដ្ឋាភិបាល​បារាំង​នឹង​បដិសេធ​រាល់​ការស្នើសុំ​អនុវត្ត​វិធានការ​ទាំងឡាយណា​ដែល​ផ្ទុយ​គោលការណ៍​រដ្ឋធម្មនុញ្ញ​និង​ប្រជាធិបតេយ្យ​របស់​បារាំង​នោះ​។

​ចង់​មិន​ចង់ បើសិនជា​រដ្ឋាភិបាល​នៅតែ​អសមត្ថភាព​ក្នុងការ​បញ្ចប់​រលក​ភេរវកម្ម​ក្នុងប្រទេស​បារាំង​ទេ លោកស្រី Marin Le Pen ដែលមាន​ទំនោរ​ប្រឆាំង​ជន​ភៀស​ខ្លូន​នេះ​អាច​នឹង​យកជ័យ​ជម្នះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំក្រោយ​ផង​ក៏​មិនដឹង​។​

​ប្រព័ន្ធ​សន្តិសុខ​និង​ចារកម្ម​បារាំង​ត្រូវការ​ការកែប្រែ​?
​តាមពិតទៅ ប្រព័ន្ធ​សន្តិសុខ​បារាំង​ជារួម​ផុយស្រួយ នេះ​មិន​និយាយ​ដល់​សន្តិសុខ​សហភាព​អឺរ៉ុប​ជារួម​ដែលមាន​ប្រទេស​២៨ ជា​សមាជិក​ហើយ​ប្រជាជន​អាច​ឆ្លង​ចេញចូល​បាន​ដោយ​ងាយ​ផង​នោះ​។ សមត្ថភាព​ក្នុងការ​ប្រមែរ​ប្រមូល​ព័ត៌មាន​ចារកម្ម , វិធានការ​ប្រឆាំង​ភេរវកម្ម​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​, មន្ត្រី​អនុវត្ត​ច្បាប់​, វិធានការ តាមដាន​ប្រជាជន​ដែល​គួរ​ឲ្យ​សង្ស័យ ឬ​មាន​ជាប់​ពាក់ព័ន្ធ​បទ​ពិរុទ្ធ​ឬ​ង​ប់ង​ល់​មនោគមន៍វិជ្ជា​ជ្រុលនិយម​ជាដើម នៅ​មិនទាន់មាន​ប្រសិទ្ធភាព​ឡើយ​។

​បារាំង​ទំនងជា​ត្រូវការ​ការកែទម្រង់​ប្រព័ន្ធ​សន្តិសុខ​ទ្រង់ទ្រាយ​ធំ ដើម្បី​ឆ្លើយតប​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​នាពេល​បច្ចុប្បន្ន​ជាពិសេស​ការគំរាមកំហែង​ដោយ​ចលនា​ភេរវកម្ម​នោះ​។ ក្រៅពី​ពង្រឹង​និង​កែប្រែ​សន្តិសុខ​ប្រឆាំង​ភេរវកម្ម  រដ្ឋាភិបាល​បារាំង​ប្រហែលជា​ត្រូវ​ចំណាយ​ពេលវេលា​ដើម្បី​ប្រមើល​មើលថា តើ​ម៉ូ​ដែល​ប្រព័ន្ធ​សន្តិសុខ​បែបណា​អាច​ស័ក្តិសម​ជាមួយ​សង្គម​បារាំង ហើយ​វា​ប្រហែលជា​ចំណាយពេល​វេលា​យូរ​ផង​។​

​យោងតាម​សារព័ត៌មាន Irish Examiner លោក Aki Peritz អតីត​ភ្នាក់ងារ CIA អាមេរិក ជំនាញ​ប្រឆាំង​ភេរវកម្ម បាន​អះអាងថា ភ្នាក់ងារ​អនុវត្ត​ច្បាប់ និង​ប្រព័ន្ធ​ចារកម្ម​បារាំង​នៅមាន​បញ្ហា ដែល​វា​ចាំបាច់​ត្រូវមាន​ការកែតម្រូវ​។ លោក​ពន្យល់ថា បារាំង​គួរ​រៀនសូត្រ​ពី​ភាពជោគជ័យ និង​បរាជ័យ​របស់​សហរដ្ឋ​អាមេរិក​ក្នុងការ​ប្រឆាំង​ភេរវកម្ម ជាពិសេស​ជំនាញ​ប្រមែរ​ប្រមូល​ព័ត៌មាន​ចារកម្ម​និង​ទប់ស្កាត់​ការវាយប្រហារ​ភេរវកម្ម​ជាដើម​។ ប៉ុន្តែ​លោក ទទួលស្គាល់ថា បារាំង​មិនមាន​លុយ​ឯណា​រាប់ពាន់​លាន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ភ្លាមៗ​ឡើយ ហើយ​វា​ត្រូវការ​ពេលវេលា​យូរ​ថែមទៀត​៕