ហួស​ចិត្ត! ជិះកង់កម្សាន្ត​ច្រើនប្រទេសមិនអី ស្រាប់តែមកអី​នៅ​កម្ពុជា​

រាជធានី​ភ្នំពេញ ៖ បុរស​ជន​​ជាតិ​ជប៉ុន​​ម្នាក់​ ​ជិះ​កង់​ចេញពី​ប្រទេស​របស់​ខ្លួន ដោយ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ជា​ច្រើន​ប្រទេសមក​ហើយ លុះ​​​ជិះ​​មក​ដល់​ប្រទេស​​កម្ពុជា ​ស្រាប់តែ​កង់​របស់​គាត់​ត្រូវ​ចោរលួចបាត់ ខណៈចត​នៅ​​​កន្លែង​ចំណត​របស់​សណ្ឋាគារ​មួយ​កន្លែង ​ក្នុង​រាជ​ធានី​​ភ្នំពេញ ។

បុរស​​​ជនជាតិ​ជប៉ុន​រងគ្រោះ​​រូប​នេះ ​ឈ្មោះ Shun Yanagisawa អាយុ​៣៤​​ឆ្នាំ បាន​រៀបរាប់​ប្រាប់​​​​ថា លោក​គឺជា​អ្នក​ពន្លត់​អគ្គិភ័យ និង​​ជា​អ្នក​ជិះ​កង់​​មើល​ទេស​​ភាព ។ លោក​​បាន​​​ចាប់ផ្ដើម​​ជិះ​កង់​ចេញពី​ប្រទេស​របស់​ខ្លួន​តាំងពីថ្ងៃទី​០១ កក្កដា ២០១៥ មក​ម្ល៉េះ ដោយ​លោក​បាន​ឆ្លង​កាត់​​ប្រទេស​ជាច្រើនដូចជា កោះ​តៃ​វាន់​, ហ្វី​លី​ពី​ន​, សិង្ហ​បុរី ម៉ា​ឡេ​ស៊ី​, ថៃ និង​ចុងក្រោយ​ចូល​​មក​ដល់​​​ប្រទេស​​​​កម្ពុជានេះ​​ ។

តែ​អ្វី​ដែល​ជា​​អ​កុសនោះ ​គឺ​នៅ​ថ្ងៃ​ទី​១៨ កក្កដា កន្លងមក ពេល​​ដែល​លោក​មក​ស្នាក់​នៅ​​សណ្ឋាគារ Aura Thematic Hostel ស្ថិត​នៅផ្ទះ​​លេខ​២០៥ ផ្លូវ​លេខ​​១៩ ក្រោយ​ព្រះ​បរមរាជវាំង កង់​​របស់​គាត់ក៏​​ត្រូវ​​​បាន​ចោរលួច​បាត់​ មិនដឹង​តាំង​ពីម៉ោង​ប៉ុន្មាននោះទេ ។  ហើយ​នៅ​​ថ្ងៃ​ទី​១៩ កក្កដា លោកក៏​​បាន​ដាក់​ពាក្យបណ្ដឹង​ នៅ​ស្នាក់​ការ​អន្ដោ​ប្រវេសន៍ ​ដើម្បី​សុំការ​​អន្តរាគមន៍​ពី​សមត្ថកិច្ចឱ្យ​ស្វែង​រក ។

ដោយ​នៅ​ក្នុង​កំណត់ហេតុ​បាន​​ឱ្យ​​ដឹង​ថា លោក​បាន​ចត​កង់​នេះ​ ស្ថិត​នៅ​ក្នុង​​ចំណត​របស់​សណ្ឋាគារ​ខាងលើ​កាលពី​វេលា​​ម៉ោង​៧​យប់ថ្ងៃ​ទី​១៨ កក្កដា លុះ​នៅ​ម៉ោង​០៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ​ពេល​លោក​ចេញ​មក​ ស្រាប់តែ​រក​​កង់​មិន​ឃើញ ទើប​លោក​មក​​ដាក់​​ពាក្យ​បណ្ដឹងតែម្តង ។

លោក Shun Yanagisawa ​បាន​និយាយ​​​​ថា «ខ្ញុំ​នឹក​កង់​ខ្ញុំ​ណាស់ ព្រោះ​វា​នៅ​ជាមួយ​ខ្ញុំ​ជិត​១​​ឆ្នាំមក​​ហើយ សូម​សមត្ថកិច្ច និង​អាជ្ញា​ធរ មេត្តា​ជួយ​ស្វែងរក​ផង មុន​ពេល​ដែល​ខ្ញុំ​ នឹង​ត្រូវ​ចាក​ចេញពី​កម្ពុជា​​នៅ​ថ្ងៃ​ទី​៣០ កក្កដា​ ​ខាង​មុខ​នេះ​។ ជា​ពិសេស​ បើ​បង​ប្អូន​​ខ្មែរ​ប្រទះ​ឃើញ​កង់​របស់ខ្ញុំ​ ដូច​មាន​ក្នុង​រូបថត សូម​មេត្តា​ផ្ដល់​ដំណឹង​ជូន​សមត្ថកិច្ច ឬ​ទាក់ទង​តាមរយៈ​ទំព័រកាសែត​​កោះ​សន្តិ​ភាព​​ក៏​បាន» ។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​មក​ដល់ទី​រាជធានី​ភ្នំពេញ លោក​បាន​ជិះ​កង់​ចេញ និង​ស្នាក់​នៅ​ខេត្តសៀមរាប​រយៈពេល​ជាង​១០​​ថ្ងៃ និង​ជិះ​កង់​បន្ដដំណើរ​មក​ដល់​​រាជធានី​ភ្នំពេញរយៈ​៤​ថ្ងៃ​គិត​មក​ដល់​ពេល​នេះ ។ ហើយ​គ្រោង​នឹង​បន្ដដំណើរ​ទៅ​ប្រទេស​វៀត​ណាម​ទៀត តែ​ចៃដន្យ​សំណាង​អាក្រក់ ​កង់​របស់​លោក​ត្រូវ​ចោរលួច​បាត់ ។

លោក​បន្ត​ថា​ «ប្រសិនបើ​រក​កង់​ខ្ញុំ​មិនឃើញ​ទេ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ប្រទេស​ខ្ញុំ​វិញ និង​មិន​បន្ដដំណើរ​ទៅ​ប្រទេស​ផ្សេង​ទៀត​ទេ​»​។ យ៉ាងណា​ក៏​ដោយ លោក​សង្ឃឹមថា ក្នុង​រយៈពេល​ដ៏​ខ្លី និង​តាម​រយៈ​ការ​ចុះ​ផ្សាយលើទំព័រ​កាសែត​កោះសន្ដិភាព​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ជួយ​ស្វែងរក​កង់​របស់​លោក​ឃើញជាក់​ជា​​មិន​ខាន ៕