​មន្ត្រីជាន់ខ្ពស់​CNRP សរសើរ​ការងារ គ​.​ជ​.​ប ថ្មី​ និពន្ធដោយ : រុង រឿង       July-27-2016, 8:39 pm         590

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​មន្ត្រីជាន់ខ្ពស់​CNRP សរសើរ​ការងារ គ​.​ជ​.​ប ថ្មី​​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​សុទិដ្ឋិនិយម​ចំពោះ​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​កន្លង​មកនេះ ក្រោយពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឯកភាពគ្នា​កែទម្រង់​ស្ថាប័ន​មួយ​នេះ កាលពី​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៤ ។​

​គណបក្ស​សង្គ្រោះ​ជាតិ សង្កេតឃើញថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​បាន​ឯកភាពគ្នា​កែទម្រង់​ដោយ​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង តាមរយៈ​កិច្ចព្រមព្រៀង​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៤ នោះ កំពុងតែ​អនុវត្ត​ការងារ​របស់ខ្លួន​ជា​វិជ្ជមាន​។ នេះ​ជា​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រកាស​នៅ​ចំពោះមុខ​អ្នកកាសែត​ដោយ​លោក យ៉ែម បុញ្ញឫទ្ធិ នៅ​ថ្ងៃ​ពុធ​នេះ​។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បន្តថា មកដល់ពេលនេះ គ​.​ជ​.​ប បានកំណត់​ថ្ងៃ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ ពោលគឺ​ចាប់ពី​ថ្ងៃទី ១ ខែកញ្ញា ដល់​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។ លោក បុញ្ញឫទ្ធិ ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅធ្វើ​អត្តសញ្ញាណ​បណ្ណ និង​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា​។​

​ជាការ​កត់សម្គាល់ ការសរសើរ​ចំពោះ​ការអនុវត្ត​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​បែបនេះ ធ្វើឡើង​បន្ទាប់ពី​គណបក្សប្រឆាំង​មួយ​នេះ ធ្លាប់​ប្រកាស​ពី​ក្តី​ព្រួយបារម្ភ​របស់ខ្លួន​ចំពោះ​ដំណើរការ​នៃ​ការរៀបចំ​របស់​គ​.​ជ​.​ប សម្រាប់​ការបោះឆ្នោត​ឃុំ សង្កាត់ និង​ការបោះឆ្នោត​សកល នៅពេល​ខាងមុខ​។ គណបក្ស​នេះ ព្រួយបារម្ភ ដោយសារ​មានការ​ចាប់ខ្លួន​សកម្ម​ជន តំណាងរាស្ត្រ និង​ការចោទប្រកាន់​មេដឹកនាំ​កំពូលៗ​គណបក្ស​នេះ​មាន​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា នៅ​តុលាការ ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​គណបក្ស​ទាំងនេះ មិនអាច​ចុះ​ជួប​សកម្មជន​របស់ខ្លួន​នៅ​មូលដ្ឋាន​បាន​។​

​សូម​រម្លឹក​បន្តិច​ថា ថ្នាក់ដឹកនាំ​កំពូល ពោលគឺ​សមាជិក​ទាំង ៩ រប​ស់គ​.​ជ​.​ប បច្ចុប្បន្ន កើតឡើង​ដោយ​កិច្ចព្រមព្រៀង​នយោបាយ​របស់​គណបក្ស​ធំៗ​ទាំងពីរ កាលពី​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៤ ។ អ្នក​ទាំង ៩ នាក់​នោះ ៤ នាក់​រើស​ចេញ​បក្ស​កាន់អំណាច និង ៤ នាក់​ទៀត​រើស​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អ្នក​ទី ៩ រើស​ចេញពី​មន្ត្រី​សង្គម​ស៊ីវិល​។

​ក្រ​ឡែក​មកកាន់​ប្រសាសន៍​របស់ លោក យ៉ែម បុញ្ញឫទ្ធិ បន្តទៀត មន្ត្រី​រូបនេះ ក៏​នៅតែ​មិនទាន់​ភ្លេច​និយាយ​ពី​វប្បធម៌​សន្ទនា​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។ លោក​មន្ត្រីជាន់ខ្ពស់​បក្ស​ខាងលើ បង្ហាញ​ក្តី​សង្ឃឹមថា នៅ​ថ្ងៃ​ណាមួយ គណបក្ស​ទាំងពីរ​នឹង​ជួប​សន្ទនា​គ្នា​ឡើងវិញ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ដោយ​សន្តិវិធី និង​អហិង្សា​។ និយាយ​ដល់​ការចរចា​នេះ កន្លងមក ជា​ញឹកញាប់​ទាំង​សម្តេច ហ៊ុន សែន និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​បដិសេធ​មិន​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដាច់ខាត ប្រសិនបើ​ការចរចា​នោះ ផ្តោត​សំខាន់​ទៅលើ​ដែន​សមត្ថកិច្ច​របស់​តុលាការ ពោលគឺ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន និង​ទម្លាក់​ការចោទប្រកាន់​លើ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​៕