ការស្រាវជ្រាវ​បានបង្ហាញ​ថា អាជីវកម្ម​បើក​ហើយ បិទ​ទៅវិញ​៩០​ភាគរយ​ និពន្ធដោយ : គី សុខ​លីម       July-27-2016, 10:39 pm         1612

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ការស្រាវជ្រាវ​បានបង្ហាញ​ថា អាជីវកម្ម​បើក​ហើយ បិទ​ទៅវិញ​៩០​ភាគរយ​​ភ្នំពេញ​៖ នៅលើ​ពិភពលោក​តែម្តង គេ​តែងតែ​សង្កេតឃើញថា អាជីវកម្ម​មួយចំនួន​បើកទ្វារ​បាន​មួយរយៈ តែ​ក្រោយមក ក៏​បិទទ្វារ​ទៅវិញ​។ និយាយ​ឲ្យ​សាមញ្ញ មានន័យថា មានការ​បើក​អាជីវកម្ម តែ​ក៏មានដែរ​អាជីវ​កម្មបិទ​ទ្វារ​ទៅវិញ​។ នេះ គឺជា​លទ្ធផល​ស្រាវជ្រាវ​នៅក្នុង​សហរដ្ឋអាមេរិក​។ លទ្ធផល​នៃ​ការស្រាវជ្រាវ បាន​បង្ហាញថា ស្ថានភាព​ប្រហាក់ប្រហែលគ្នា​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​ដទៃទៀត​។ នេះ​បើ​យោងតាម​ការដកស្រង់​អត្ថន័យ​បន្ត​ពី​ការសិក្សា​របស់លោក ឌិន សុមេធា​រិ​ទ្ធ គ្រូឧទ្ទេស​នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ជប៉ុន​-​កម្ពុជា និង​ជា​សហ​ស្ថាបនិក​នៃ​សណ្ឋាគារ Frangipani Villa Hotel Group នៅក្នុង​ប្រទេស​កម្ពុជា​។

​ការសិក្សា​ស្រាវជ្រាវ​លើ​អា​ជី​កម្ម​នៅ​សហរដ្ឋអាមេរិក​ដែល​ដកស្រង់​អត្ថន័យ​បន្ត​ដោយ​លោក ឌិន សុមេធា​រិ​ទ្ធ បាន​ឲ្យ​ដឹងថា អាជីវកម្ម​ចំនួន​១០០​ដែល​បើក​បាន​ក្នុង​ចន្លោះ​រយៈពេល​៥​ឆ្នាំ បាន​បិទទ្វារ​ទៅវិញ​ចំនួន​៩០ ។ ៩០​អាជីវកម្ម​ដែល​ត្រូវបាន​បិទ​ទៅវិញ​នេះ ត្រូវបាន​គេ​ស្តីបន្ទោស​ភាគច្រើន​ទៅលើ​កង្វះខាត​គំនិត​អាជីវកម្ម​ច្បាស់លាស់​។ ការសិក្សា​ដដែល​បានបង្ហាញ​ទៀតថា ៥​ឆ្នាំក្រោយ ក្នុងចំណោម​អាជីវកម្ម​ដែល​នៅសល់​១០​នោះ មាន​អាជីវកម្ម​ចំនួន​៩​ទៀត​បាន​បិទទ្វារ​។ មូលហេតុ ចុងក្រោយ​នេះ គឺ​ដោយសារ ការគ្រប់គ្រង​មិន​ច្បាស់លាស់​។ សរុបសេចក្តី​មក អាជីវកម្ម​បើក​ហើយ​ដួល​បះជើង​ទៅវិញ បណ្តាលមកពី​បញ្ហា​ពីរ​យ៉ាង​ធំៗ​។ ទី​១ គឺ​គ្មាន​គំនិត​អាជីវកម្ម​ពិតប្រាកដ និង​ទី​២ គឺ​គ្មាន​ការគ្រប់គ្រង​ច្បាស់លាស់​។

​លោក ឌិន សុមេធា​រិ​ទ្ធ គ្រូឧទ្ទេស​នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ជប៉ុន​-​កម្ពុជា និង​ជា​សហ​ស្ថាបនិក​នៃ​សណ្ឋាគារ Frangipani Villa Hotel Group បាន​បន្ត​អត្ថាធិប្បាយ​លើ​ការស្រាវជ្រាវ​នោះ​ទៀតថា លទ្ធផល​នោះ​មិនមែន​តំណាង​ឲ្យ​តែ​ស្ថានភាព​នៅ​អាមេរិក​ទេ តែ​វា​តំណាង​ឲ្យ​ស្ថានភាព​នៅក្នុង​ប្រទេស​ដទៃ​ទៀត ក្នុងនោះ អាច​ថា វា​ដូច​ទៅនឹង​ស្ថានភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា​ដែរ​។ នៅក្នុង​ប្រទេស​កម្ពុជា អា​ជីក​ម្ម​ជាច្រើន​មិន​ថា តូច ឬ​ធំ​ទេ ត្រូវបាន​បង្កើត​ឡើងជា​ហូរហែ តែ​អាជីវកម្ម​ជាច្រើន​ក៏ត្រូវ​បាន​បិទ​ទៅវិញ​ជា​បន្តបន្ទាប់​ដែរ​។

​បើតាម​លោក ឌិន សុមេធា​រិ​ទ្ធ អាជីវកម្ម​មួយ​អាច​ជោគជ័យ​ត្រូវមាន​កត្តា​៤​យ៉ាង​។ ទី​១ គឺ​ត្រូវ​មានគំនិត​អាជីវកម្ម​ច្បាស់លាស់​។ ទី​២ គឺ ត្រូវមាន​បទពិសោធន៍​ការងារ និង​ចំណេះដឹង​ទូទៅ​ទូលំទូលាយ​។ ទី​៣ គឺ​ត្រូវមាន​គុណសម្បត្តិ​សហគ្រិនភាព និង​ទី​៤ គឺ​ត្រូវមាន​ការគ្រប់គ្រង​ច្បាស់លាស់​៕