មហាជន​ខ្មែរ​គោរព​វិញ្ញា​ណ​ក្ខ​ន្ធ និង​ហែសព លោក កែម ឡី បញ្ជាក់ថា ខ្មែរ​ឲ្យ​តម្លៃ​អ្នកចេះដឹង​ និពន្ធដោយ : សច្ចវិទូ       July-27-2016, 9:19 pm         1041

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មហាជន​ខ្មែរ​គោរព​វិញ្ញា​ណ​ក្ខ​ន្ធ និង​ហែសព លោក កែម ឡី បញ្ជាក់ថា ខ្មែរ​ឲ្យ​តម្លៃ​អ្នកចេះដឹង​​ភ្នំពេញ​៖  ការចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​ហែសព​លោក កែម ឡី ពី​សំណាក់​មហាជន កន្លងទៅ បានបញ្ជាក់​ឲ្យ​ឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​ស្រឡាញ់​និង​ឱ្យ​តម្លៃ​អ្នកមានចំណេះដឹង​ជ្រោះ​ជ្រះ​។  លោក​បណ្ឌិត កែម ឡី ត្រូវ​មហាជន​ខ្មែរ ចាត់ទុកថា​ជា​អ្នកវិភាគ​ឯករាជ្យ អំពី​បញ្ហា​សង្គម​និង​នយោបាយ​ដ៏​ល្បីល្បាញ និង​ជា​វីរជន​របស់ខ្លួន ដែល​ហ៊ាន​និយាយ​ការពិត​ទាក់ទង​នឹង​បញ្ហា​ជាច្រើន ដូចជា អំពើពុករលួយ ទំនាស់​ដីធ្លី បទល្មើស​ព្រៃឈើ ព្រំដែន រួមទាំង​ចំណុច​អវិជ្ជមាន​ជាច្រើន​ទៀត​របស់​អាជ្ញាធរ​និង​អ្នកដឹកនាំ​។ ការស្លាប់​របស់លោក​ប​ណ្ឌិ​ត កែម ឡី ក៏មាន​ការលើកឡើង​ផ្សេងៗ​គ្នា​ផងដែរ​។​

​ចាប់តាំងពី​ឃាតកម្ម​លើ​រូប​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ រហូតមកដល់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ដែលជា​ថ្ងៃ​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​បញ្ចុះ​នៅ​ស្រុកកំណើត​នា​ខេត្តតាកែវ គេ​សង្កេតឃើញថា មហាជន​គ្រប់​ស្រទាប់វណ្ណៈ ទាំង​អ្នកមាន ទាំង​អ្នកក្រ ទាំង​បញ្ញវន្ត មន្ត្រីរាជការ និស្សិត រួមទាំង​អ្នកនយោបាយ សង្គម​ស៊ីវិល និង មន្ត្រីការទូត​បរទេស​មួយចំនួន បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ជាប់​មិន​ដាច់​ក្នុង​ការគោរព​វិញ្ញាណក្ខន្ធ​ជា​បន្តបន្ទាប់ និង​ជាពិសេស ក្នុងការ​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ដែល​គេ​អះអាងថា​មាន​អ្នកចូលរួម​ប្រមាណ​ជិត​២ លាន​នាក់ និង មាន​អ្នក​ឈរ​អម​តាមផ្លូវ​ផងដែរ​។
  
​យោងតាម​ការសង្កេត គេ​បាន​មើលឃើញថា ប្រតិកម្ម​របស់​មហាជន​ចំពោះ​ព្រឹត្តិការណ៍​នេះ​មាន​ដូចតទៅ​៖ ១.​ប្រជាពលរដ្ឋ​ខ្មែរ​មានចិត្ត​អាណិតអាសូរ និង​ចូលរួម​រំលែក​ទុក្ខ​ក្នុងពេល​នរណាម្នាក់​មាន​គ្រោះអាសន្ន ២.​ប្រជាពលរដ្ឋ​ខ្មែរ​ស្រឡាញ់​និង​ឱ្យ​តម្លៃ​អ្នកមានចំណេះដឹង​ជ្រោះ​ជ្រះ​។ ៣.​ប្រជាពលរដ្ឋ​ខ្មែរ​គោរព ស្រឡាញ់​និង​ឱ្យ​តម្លៃ​បញ្ញវន្ត​ដែលមាន​ភាពក្លាហាន ហ៊ាន​និយាយ​ការពិត និង​ជួយ​ឈឺឆ្អាល​ក្នុង​ការជួយ​ស្វែងរក​ការណ៍​ពិត​នៃ​ជំងឺ​សង្គម វិភាគ​សង្គម​និង​នយោបាយ និង​ផ្ដល់​គំនិត​ស្ដីពី​ដំណោះស្រាយ​បញ្ហា​ទាំងនេះ​។ ៤.​បណ្ឌិត កែម ឡី ត្រូវបាន​មហាជន​ចាត់ទុកជា​បញ្ញវន្ត​មួយរូប​ដែលមាន​សេចក្ដីក្លាហាន សមត្ថភាព ចំណេះដឹង​ខាង​វិទ្យាសាស្ត្រ​និង​សីលធម៌ និង​បាន​លះបង់​អ្វីៗ​សព្វ​យ៉ាង រួមទាំង​ជីវិត ដើម្បី​បុព្វហេតុ​នៃ​ការទាមទារ​សេរីភាព​និង​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុងការ​បញ្ច​ញ​មតិ ការចូលរួម​ក្នុងការ​អភិវឌ្ឍ​សង្គម និង​នយោបាយ ជាដើម​។

​ឆ្លង​តាមរយៈ​ព្រឹត្តិការណ៍​នេះ គេ​បាន​មើលឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​មាន​ភាពក្លាហាន​ជាង​មុន ពីព្រោះ​បើទោះបីជា​មានការ​លើកឡើង​ថា ឃាតកម្ម​លើ​រូប​បណ្ឌិត កែម ឡី ទាក់ទង​នឹង​នយោបាយ​ក៏ដោយ ក៏​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​នៅតែ​ចូលរួម​យ៉ាងច្រើន តាំងពី​ពេលដែល​លោក​បណ្ឌិត កែម ឡី ត្រូវគេ​បាញ់ប្រហារ​ភ្លាមៗ ការ​ដង្ហែ​សព​មក​កន្លែង​តម្កល់​នៅ​វត្ត​ចាស់ ការចូលរួម​ក្នុង​ពិធីបុណ្យ​និង​ការគោរព​វិញ្ញាណក្ខន្ធ​ក្នុង​រយៈពេល​១៤​ថ្ងៃ និង​ចុងក្រោយ​ការចូលរួម​យ៉ាងច្រើន​កុះករ​ក្នុងការ​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​បញ្ចុះ​នៅ​ស្រុកកំណើត​របស់គាត់​នា​ខេត្ត តាកែវ នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦​។

​លើសពីនេះ​ទៀត មហាជន​ក៏បាន​ស្រែក​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រឹងប្រែង​ស្វែងរក​ឃាតករ​និង​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ពិតប្រាកដ មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​។ ទន្ទឹមនឹង​នោះដែរ ដោយសារ​ឃាតកម្ម​លើ​រូប​បណ្ឌិត កែម ឡី បាន​កើតឡើង​ចំពេល​ដែល​កម្ដៅ​នយោបាយ​រវាង​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង​កំពុងតែ​ឡើង​ខ្ពស់កប់ពពក រក​ដំណោះស្រាយ​មិនទាន់បាន ហើយ​ថែមទាំង​មាន​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​អង្គការ​ក្លូ​ប​ល​វីត​ណែ​ស​(Global witness) ដែល​ពាក់ព័ន្ធ​នឹង​គ្រួសារ​ត្រ​គោល​ហ៊ុន ហើយ​ដែល​ត្រូវបាន​លោក​បណ្ឌិត កែម ឡី វិភាគ​ក្នុង​នាទី​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាលពី​ពីរ​ថ្ងៃមុន​ឃាតកម្ម​កើតឡើង​ផង​នោះ នាំឱ្យ​អ្នកនយោបាយ​និង​អ្នក​ដែលមាន​ទំនោរ​ខុសគ្នា ដាក់​ការសង្ស័យ​និង​ការចោទប្រកាន់​គ្នា​ទៅ​វ​ញ​ទៅមក ក្នុង​សភាព​មួយ​បង្ហាញឱ្យឃើញថា​ភាគី​នី​មួៗ មិន​ទុកចិត្ត​គ្នា​ផង និង​អាច​ចង់​កេងចំណេញ​ខាង​នយោបាយ​ផងដែរ​។​

​ក្រៅពីនេះ ដោយ​ពិនិត្យឃើញថា ប្រជាប្រិយភាព​របស់លោក​បណ្ឌិត កែម ឡី មាន​ទំហំធំធេង ហួស​ពី​ការ​ស្មាន ដោយមាន​ការចាប់អារម្មណ៍ ការ​ស្រា​ឡាញ់ ការចូល​ចិត្ត និង​ការឱ្យ​តម្លៃ​ភាគច្រើន​លើសលប់​ពី​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស ព្រមទាំង​បរទេស​ផង​នោះ ក៏មាន​គណបក្សនយោបាយ​ខ្លះ ​យកគំនិត យោបល់ និង អនុសាសន៍​ផ្សេងៗ​របស់គាត់ មក​ធ្វើជា​គោលនយោបាយ​ក្នុងការ​ដឹកនាំ​ប្រទេស​ប្រសិនបើ​ខ្លួន​ឈ្នះឆ្នោត​។ ចំណុចនេះ មតិខ្លះលើក​ឡើងថា គណបក្សទាំងនោះ កេញចំណេញនយោបាយ​លើសពលោក កែម​​ ឡី។ ​ទន្ទឹមនឹងនេះ ក៏មាន​មនុស្ស​មួយក្រុម​ទៀត ចង់​បន្ត​មរតក​របស់​បណ្ឌិត កែម ឡី ដោយមាន​ការផ្ដួចផ្ដើម គំនិត​បង្កើត កែម​ឡី​និយម ជាដើម​។ ទាំងអស់នេះ គឺជា​ទស្សនៈ ឬ ប្រតិកម្ម​មួយចំនួន​របស់​មហាជន​ដែល​បានលើកឡើង​ជុំវិញ​មរណភាព​របស់​បណ្ឌិត កែម ឡី​៕