អាមេរិក​បន្ទន់​ជំហរ​ព្រម​សហការ​ជាមួយ​រុស្ស៊ី​ក្នុង​អន្តរាគមន៍​នៅ​ស៊ី​រី​ និពន្ធដោយ : សៅ ផលនិស្ស័យ       July-27-2016, 10:59 pm         143

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាមេរិក​បន្ទន់​ជំហរ​ព្រម​សហការ​ជាមួយ​រុស្ស៊ី​ក្នុង​អន្តរាគមន៍​នៅ​ស៊ី​រី​​អាមេរិក​និង រុស្ស៊ី​បាន​ឯកភាពគ្នា​ថា​នឹង​បញ្ចេញ​ផែនការ​សហការ​និង​ចែករម្លែក​ព័ត៌មាន​ចារកម្ម​ក្នុង ដើម្បី​តាម​កម្ចាត់​ក្រុម​ភេរវជន Nusra Front នៅ​ស៊ី​រី និង ធានាថា​កងកម្លាំង​ស៊ី​រី​មិន​វាយប្រហារ​លើ​កងទ័ព​ក្រុម​ឧទ្ទាម​ទៀត​នៅ​ដើមខែ​សីហា​ខាងមុខ​។ ចំណែក​បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​សង្ឃឹមថា​ការឯកភាព​គ្នា​លើ​ជម្លោះ​ស៊ី​រី​រវាង​មហាអំណាច​ទាំងពីរ​នឹង​បង្កើត​ផ្លែផ្កា​ច្រើន ហើយ​លោក​ត្រៀម​ជំរុញ​ឲ្យ​មាន​កិច្ចចរចា​សន្តិភាព​ស៊ី​រី​ឡើងវិញ​នៅ​ខែក្រោយ​ដែរ​។

​ក្រោយ​ជួប​ពិភាក្សាគ្នា​អស់​យូរ​ល្មម​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​យោធា​នៅ​ស៊ី​រី​នៅក្រៅ​កិច្ចប្រជុំ​អាស៊ាន​នៅ​ឡាវ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃែ​រី និង​សម​ភាគី​រុស្ស៊ី​លោក Sergei Lavrov បាន​ឯកភាពគ្នា​នឹង​បង្ហាញ​ផែនការ​ជាក់លាក់​ស្តីពី​ការ​សហប្រតិបត្តិការ​យោធា​ទ្វេភាគី​នៅ​ដើមខែ​ក្រោយនេះ​។

​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សហរដ្ឋអាមេរិក​និង​រុស្ស៊ី​នឹង​ឈានទៅ​បង្កើត​កិច្ចសហប្រតិបត្តិការ​យោធា និង​ចែករម្លែក​ព័ត៌មាន​ចារកម្ម​ក្នុងការ​វាយប្រហារ​លើ​ក្រុម​ភេរវជន Nusra Front នៅ​ស៊ី​រី និង​ទប់ស្កាត់​ការវាយប្រហារ​របស់​ទា​ហាន​រដ្ឋាភិបាល​ស៊ី​រី លើ​ក្រុម​ឧទ្ទាម​ស៊ី​រី​ផងដែរ​។​

​នេះ​ជាស​ញ្ញា​មួយ​វិជ្ជមាន​ដែល​បង្ហាញ​ពី​ការប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​រុស្ស៊ី​ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ស៊ី​រី​។ ប៉ុន្តែ​គេ​មើលឃើញថា អាមេរិក​ព្រម​បន្ទន់​ជំហរ ហើយ​ងាក​មក​សហការ និង​ចែករម្លែក​របាយការណ៍​ចារកម្ម​ជាមួយ​រុស្ស៊ី ក៏ដោយ​សារ​ទាហាន​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស បាន​ហ៊ុំព័ទ្ធ​ទីក្រុង Aleppo ដែល​ក្រុម​ឧទ្ទាម​បាន​កាន់កាប់​នោះ​។ និយាយ​ឲ្យ​អាក្រក់​ស្តាប់ សហរដ្ឋអាមេរិក​អស់​ច្រក និង​មិនមាន​ផ្លូវ​ផ្សេងទៀត​សម្រាប់​ដើរ​ឡើយ​។​

​ក្រោយ​មានការ​ឯកភាពគ្នា​នេះ គេ​ឃើញ មន្ត្រី​យោធា​និង​ចារកម្ម​ជាន់ខ្ពស់​អាមេរិក​ក្នុងនោះ​មាន​ទាំង​រដ្ឋមន្ត្រី​ការពារជាតិ​លោក Ashton Carter បង្ហាញ​ការសង្ស័យ​ចំពោះ​ចេតនា​របស់​រុស្ស៊ី និង​ការ​ឈានទៅ​សហការ​ជាមួយ​រុស្ស៊ី​នេះ​។ ប៉ុន្តែ​លោក ច​ន ឃែ​រី បានចេញ​មុខការ​ពារ​ផែនការ​ដែល​លោក​បានសម្រេច​ជាមួយ​ប្រមុខ​ការទូត​រុស្ស៊ី​នេះ ហើយ​លោក​បញ្ជាក់ថា ផែនការ​នេះ​ជា​ឱកាស​ពិសេស​សម្រាប់​កម្រិត​ការប្រយុទ្ធ​គ្នា​, បង្កើន​ប្រសិទ្ធភាព​ការ​កម្ចាត់​ក្រុម​ភេរវជន និង​សម្រួល​ដល់​ការចែក​ចាយ​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ស៊ី​រី​ដែល​កំពុង​រងគ្រោះថ្នាក់​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ អាមេរិក​ក៏​ជឿជាក់​ផងដែរ​ថា កិច្ចសហប្រតិបត្តិការ​វាង​រុស្ស៊ី និង​អាមេរិក​នឹង​ជួយ​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ស៊ី​រី​ដែល​ដាក់ចេញ​និង​ចូល​ជា​ធរមាន​តាំងពី​ចុងខែ​កុម្ភៈ​មក​នោះ​។ ហើយ​វា​នឹង​ធានា​ដល់​ការបន្ត​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ដោយ​មានការ​ជ្រោមជ្រែង​ពី​អង្គការសហប្រជាជាតិ​ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​ដែល​អូសបន្លាយ​អស់​ពេល​៥​ឆ្នាំ​មកនេះ​។​

​ទោះ​មាន​មន្ទិលសង្ស័យ​ក្នុងចំណោម​មន្ត្រី​យោធា​ក៏ដោយចុះ បេសកជន​ពិសេស​អង្គការសហប្រជាជាតិ លោក  Staffan de Mistura បាន​សាទរ​ចំពោះ​ភាព​វិជ្ជមាន​នៃ​កិច្ចពិភាក្សា​រវាង​មហាអំណាច​អាមេរិក​និង​រុស្ស៊ី​នេះ​។ លោក​ជឿជាក់ថា កិច្ចពិភាក្សា​រវាង​ប្រមុខ​ការទូត​ប្រទេស​ទាំងពីរ​អាច​នឹង​នាំមក​នូវ​ផ្លែផ្កា​ច្រើន​សម្រាប់​ការដោះស្រាយ​ជម្លោះ​ប្រដាប់អាវុធ​ស៊ី​រី​។

​បេសកជន​ពិសេស​រូបនេះ​បាន​អះអាង​ផងដែរ​ថា លោក​នឹង​ត្រៀម​ជំរុញ​ឲ្យ​មាន​កិច្ចចរចា​សន្តិភាព​ស៊ី​រី​ជុំវិញ​ទី​បី​ឡើងវិញ​នៅ​ចុងខែ​ក្រោយ​នេះដែរ​។ ខណៈដែល​ភាគី​ត្រៀម​ចាប់ផ្តើម​កិច្ចចរចា​ឡើងវិញ​នោះ សហរដ្ឋអាមេរិក​និង​រុស្ស៊ី​ក៏បាន​អំពាវនាវ​ឲ្យ​អង្គការសហប្រជាជាតិ​រៀបចំ​សំណើ​ពាក់ព័ន្ធ​បញ្ហា​អន្តរកាល​នយោបាយ​ស៊ី​រី ដោយ​អនុលោម​តាម​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ និង​ចំណុច​នានា​ទាមទារ​ដោយ​ភាគី​ជម្លោះ​៕