ហ៊ីឡារី គ្លីតុន ជាប់​ជា​បេក្ខនារី​ផ្លូវ​ការ ឆ្ពោះ​ទៅ​សេតវិមាន

អ្នកស្រី ហ៊ីឡារី គ្លីតុន (Hillary Clinton) បានក្លាយជាជាបេក្ខនារី លើកដំបូងគេបង្អស់ សម្រាប់​ប្រឡង​ប្រជែង ដណ្ដើម​យក​តំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្នុងអាយុ៦៨ឆ្នាំ អ្នកស្រី គ្លីនតុន បាន​បង្ហាញ​ស្នាម​ញញឹម​របស់​អ្នកស្រី ទៅ​កាន់​អ្នក​សមាជិក​​គណបក្ស​​ប្រជាធិបតេយ្យ​ទាំងអស់ ៨ឆ្នាំបន្ទាប់ពីអ្នកស្រី បាន​ចាញ់​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដែល​បាន​ជាប់​ជា​ប្រធានាធិបតី រហូតមកដល់ថ្ងៃនេះ។
ហ៊ីឡារី គ្លីតុន ជាប់​ជា​បេក្ខនារី​ផ្លូវ​ការ ឆ្ពោះ​ទៅ​សេតវិមាន

អ្នកស្រី ហ៊ីឡារី គ្លីតុន បានក្លាយជាជាបេក្ខនារី សម្រាប់ដណ្ដើមយកតំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក។ (រូបថត Twitter)

អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក កំពុងសម្រេចក្ដីស្រម័យរបស់ខ្លួន ដើម្បីឈានទៅក្លាយ​ជា​ប្រធានាធិបតី​ស្ត្រីលើកដំបូងគេបង្អស់ របស់ប្រទេសមហាអំណាចធំជាងគេ ក្នុងពិភពលោក។

អ្នកស្រី ហ៊ីឡារី គ្លីតុន (Hillary Clinton) ភរិយារបស់អតីតប្រធានាធិបតី ប៊ីល គ្លីតុន (Bill Clinton) បាន​ក្លាយ​ជា​បេក្ខនារីទីមួយ របស់គណបក្សប្រជាធិបតេយ្យ ក្នុងការដណ្ដើមតំណែង ជាប្រធានាធិបតីសហរដ្ឋ​អាមេរិក សម្រាប់​អណត្តិ ដែលមានរយៈពេល៤ឆ្នាំ (២០១៧-២០២១) បន្តពីលោក បារ៉ាក់ អូបាម៉ា (Barack Obama) នា​ពេល​ខាង​មុខ។ លោក អូបាម៉ា ដែលធ្លាប់បំបាក់អ្នកស្រី កាលពីរដូវកាលបោះឆ្នោត នាឆ្នាំ២០០៧​កន្លង​មក។

តាមពិតទៅ ការប្រកាសបេក្ខភាព របស់អ្នកស្រី ហ៊ីឡារី គ្លីតុន បានធ្វើឡើងក្នុងបរិយាកាសដ៏តឹងតែង ដោយ​សារតែក្រុមអ្នកតំណាង ដែលគាំទ្រលោក «Bernie Sanders (បេក្ខជនបឋមមួយរូបទៀត នៃគណបក្ស​ប្រជា​ធិបតេយ្យ)» មិនសូវជាពេញចិត្តអ្នកស្រីប៉ុន្មានឡើយ។ យ៉ាងណា អ្នកស្រី គ្លីតុន ទទួលបានសម្លេងគាំទ្រ ច្រើន​លើស​ពី​ការ​កំណត់ ដែលមានត្រឹមតែ ២ ៣៨២សម្លេង។

លោក «Bernie Sanders» ដែលមានវត្តមាន នៅក្នុងមហាសន្និបាតនោះដែរ បានប្រកាសឡើងថា៖ «ខ្ញុំសុំស្នើ​ទៅអង្គសន្និបាទទាំងមូល ឲ្យផ្អាកនីតិវិធី។ សូមកត់ត្រាទុក នូវការរាប់សម្លេងឆ្នោតទាំងឡាយ ហើយសូម​ប្រកាស​អ្នកស្រី ហ៊ីឡារី គ្លីតុន ជាបេក្ខនារីរបស់គណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោត​ប្រធា​នាធិបតី នៃ​សហរដ្ឋ​អាមេរិក។»

ប៉ុន្តែក្រុមអ្នកគាំទ្រលោក «Bernie Sanders» នៅតែបង្ហាញការមិនយល់ព្រម របស់ពួកគេតទៅទៀត។ សម្រាប់​លោក «Bernie Sanders» វិញ ការរួបរួមគ្នា នៅក្នុងរង្វង់គ្រួសារ នៃគណបក្សប្រជាធិបតេយ្យ ជារឿង​មួយសំខាន់ណាស់ បើទោះជាការឃោសនា ស្វែងរកការគាំទ្រ នៅក្នុងការបោះឆ្នោតបឋម មាន​ភាព​ជូរចត់​យ៉ាង​ណាក៏ដោយ។ បេក្ខជនបឋម​របស់គណបក្សប្រជាធិបតេយ្យ បានថ្លែងទៀតថា៖ «អ្នកដែលយើង​ត្រូវ​ធ្វើ គឺ​មិន​មែនត្រូវ​​ប្រថុយប្រថាន ហើយបន្ទាប់មកស្ដាយក្រោយនោះទេ ប៉ុន្តែគឺយើងត្រូវយកឈ្នះ ដូណាល់ ត្រាំ និង​ជ្រើស​តាំង ហ៊ីឡារី គ្លីតុន»។

បន្ទាប់មក នៅលើអេក្រង់យក្ស ដែលដាក់តាំង​នៅ​ចំពោះអ្នកតំណាង របស់គណបក្សប្រជាធិបតេយ្យ ប្រមាណ​ជា៥០០០នាក់នោះ អ្នកស្រី ហ៊ីឡារី គ្លីតុន បានបង្ហាញមុខឡើង (វីដេអូខាងក្រោម)។ អ្នកស្រីបានញញឹម និង​ថ្លែង​ឡើង​ថា៖ «គឺជាថ្ងៃ និងជារាត្រីដ៏អស្ចារ្យ»៕

We just put the biggest crack in that glass ceiling yet.” —Hillary https://t.co/mYkaLIv861

— Hillary Clinton (@HillaryClinton) 27 juillet 2016