ទេព​ឥន្ទ្រី​សេនាក្លាហាន (ភាគទី២៩)

ភាគ​ទី​២៩
បព្វជិត​មាន​សង្ឃ​ដីកា​ថា៖
«​​បើ​បាន​ស្រី​ស្អាត​ ស្រស់​ឆើត​យ៉ាង​នេះ ជា​ភរិយា ខ្ញុំ​នឹង​សឹក​ភ្លាម​ឥឡូវ​នេះ!»
អ្នក​រាល់​គ្នា​ឮ​សម្ដី​នេះ​រឹតតែ​អស់​សំណើច​ថែម​ទៀត។
នាង​កញ្ញា​ឃើញ​អ្នក​ទាំង​ពីរ​នេះ​លោត​ចូល​​មក​ឆាឆៅ​ដូច្នោះ នាង​មាន​ការ​មួម៉ៅ​ក្នុង​ចិត្ត​ណាស់ នាង​ដោះ​ផាហ៊ុម​ចេញ​ចង់​លោត​ទៅ​ទះ​អ្នក​ទាំង​ពីរ​នោះ ​ស្រាប់តែ​ឪពុក​នាង​ចាប់​ទាញ​ដៃ ហើយ​ហាម​នាង​កុំ​អាល​ឆេវឆាវ​ឱ្យ​សោះ ចាំ​គាត់​ទៅ​ដោះសា​ជាមួយ​អ្នក​ទាំង​ពីរ។

 

ព្រះសង្ឃ​និង​តា​កន្ធាត់​ជជែក​ដណ្ដើម​គ្នា​ប្រយុទ្ធ​ជាមួយ​នាង​កញ្ញា ញ៉ាំង​អ្នក​ដែល​នៅ​ឈរ​មើល​ជុំៗ​នោះ​ឱ្យ​ធុញ​ទ្រាន់ អ្នក​ខ្លះ​ស្រែក​ឡើង​ថា៖
«ឯង​ពីរ​នាក់​ប្រកួត​គ្នា​មើល​សិន​ទៅ​ អ្នក​ណា​ឈ្នះ អ្នក​នោះ​នឹង​ប្រយុទ្ធ​ជាមួយ​នាង​កញ្ញា​ជា​ក្រោយ។»
ព្រះ​សង្ឃ​មាន​ថេរ​ដីកា​ថា៖
«ហ្នឹង​ហើយ! តា​កញ្ចាស់ យើង​ពីរ​នាក់​សាក​គ្នា​មើល​សិន! មាន​ថេរ​ដីកា​ដូច្នោះ​ហើយ ព្រះ​សង្ឃ​អង្គ​នោះ​ក៏​បាន​ចាប់ផ្ដើម​ប្រយុទ្ធ​នឹង​តា​កន្ធាត់។»
កួកឆេង​ឃើញ​ច្បាស់​ព្រះ​សង្ឃ​នោះ​ប្រើ​ស្នៀត​ប្រដាល់​សាវសឹងជឺ ឯ​តា​កន្ធាត់​ប្រើ​ស្នៀត​ប្រដាល់​ភ្នំ​វូហាន។ អ្នក​ទាំង​ពីរ​សុទ្ធ​តែ​បាន​ប្រើ​ស្នៀត​របស់​ខ្លួន​យ៉ាង​ថ្នឹក ព្រះ​សង្ឃ​មាន​ដំណើរ​រហ័សរហួន​ណាស់ ឯ​តា​កន្ធាត់​នោះ ក៏​មាន​កម្លាំង​ដៃ​ខ្លាំង​ដែរ។

 

លុះ​ប្រយុទ្ធ​បាន​យូរ​បន្តិច​ ព្រះ​សង្ឃ​អង្គ​នោះ​ឆ្លៀត​បាន​ឱកាស​ល្អ​ដាក់​ចំ​ចង្កេះ​តា​កន្ធាត់​ត្រូវ​បី​ដៃ តា​កន្ធាត់​មិន​ស្រែក​មួយ​អ៊ឹះ​សោះ កាត់​យារ​ដៃ​ឡើង​យ៉ាង​ខ្ពស់ ហាក់​ដូច​ជា​ញញួរ​ដែក​មួយ​យ៉ាង​ធំ​សំពង​ចំ​ព្រះ​កេស​ព្រះ​សង្ឃ​អង្គ​នោះ ព្រះ​សង្ឃ​ទប់ទល់​មិន​បាន ក៏​ដួល​ផ្ងារ​ជង្គ្រោង​ទៅ​លើ​ដី។ ព្រះ​សង្ឃ​កើត​មាន​សេចក្ដី​ក្រោធ​ខ្ញាល់​ឡើង​ភ្លាម ហូត​កាំបិត​ខ្វាក​ចេញ​ពី​ចីពរ​មក​ហើយ​យារ​យ៉ាង​អស់​ទំហឹង​កាប់​ទៅ​រក​តា​កន្ធាត់។
អ្នក​មើល​ឃើញ​ដូច្នោះ​ក៏​នាំ​គ្នា​ស្រែក​ឡូឡា​ឡើង។ តា​កន្ធាត់​លោត​គេច​ផុត​ពី​មុខ​កាំបិត ហើយ​ក៏​ស្រាយ​រំពាត់​ដែក​ពី​ចង្កេះ​មក​កាន់​នៅ​ដៃ។ ការ​ប្រយុទ្ធ​រវាង​ព្រះសង្ឃ​និង​តា​កន្ធាត់ ក៏​បាន​បើក​ឆាក​ឡើង​យ៉ាង​កាច​សាហាវ មួយ​កាំបិត​ទៅ មួយ​រំពាត់​មក បរិយាកាស ក្នុង​មណ្ឌល​មាន​សភាព​តឹងតែង​ជា​អតិបរមា។

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រី​សេនាក្លាហាន (ភាគទី២៩)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ