ក្រពះ​​​ឈ្លោះ​ជាមួយ​នឹង​​សីល​ធម៌

មានការ​ពិភាក្សា​មិន​ចេះ​ចប់ ​មិន​ចេះ​ហើយ ​អំពី​បញ្ហា​ក្រមសីលធម៌​នៅ​ក្នុង​វិជ្ជាជីវ​: ​ដូច​ជា​ទាក់ទង​នឹង​គ្រូបង្រៀន គ្រូពេទ្យ ប៉ូលិស អ្នកកាសែត មេធាវី និង​ចៅក្រម​ជាដើម​ ។ នៅ​ពេល​ដែល​​ត្រូវ​ចោទប្រកាន់​អំពី​បញ្ហា​ក្រមសីលធម៌​​នេះ គេ​ក៏​នាំ​គ្នា​និយាយ​ថា ​គ្មាន​នរណា​​ចង់​ធ្វើអំពើ​អាក្រក់​​ទេ​ ។ អ្វី​ៗ​កើតឡើង​​ដោយសារ​តែ​ពួក​គេ​​ត្រូវការ​មធ្យោបាយ​ ដើម្បី​រស់ ​។

បញ្ហា​ក្រមសីលធម៌​​បាន​កើត​មាន​ស្ទើរ​នៅ​គ្រប់​វិជ្ជាជីវ​:​ទាំងអស់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ ប៉ុន្តែ​បញ្ហា​ដែល​គេ​លើក​ឡើង​​យក​មក​និយាយ​ញឹកញាប់​ច្រើន​ជាងគេ​ គឺ​បញ្ហា​ដែល​កើត​មាននៅ​ក្នុង​ចំណោម​គ្រូបង្រៀន ប៉ូលិស គ្រូពេទ្យ អ្នកកាសែត មេធាវី និង ចៅ​ក្រម​ជាដើម​ ។ វិជ្ជាជីវ​:​ទាំងនេះ ​ស្ថិត​នៅ​ក្នុង​ផ្ទាំង​ស៊ី​ប​នៃ​ការ​រិះ​​គន់​ខ្លាំង​ ដោយសារ​តែ​ពួក​គេ​មាន​ភារកិច្ច​សំខាន់​ និង​ជាប់​ជាមួយ​មហាជន​ ។

នៅ​ពេល​ដែល​មានការ​ពិភាក្សា​​អំពី​ក្រមសីលធម៌​នៅ​ក្នុង​វិជ្ជាជីវ​:​ទាំង​នេះ គេ​ក៏​លើក​ឡើង​​អំពី​បញ្ហា​កម្រិតជីវភាព ​និង​តម្រូវការ​រស់នៅ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ ​។ អ្នក​ប្រកប​របរ​​នៅ​ក្នុង​វិជ្ជាជីវ​:​ទាំងនេះ​ បាន​លើក​ហេតុផល​ថា​ ពួក​គេ​ប្រហែលជា​នឹង​មិន​​ធ្វើ​អ្វី​ដែល​​ខុសឆ្គង​ទេ បើសិនជា​ពួក​គេ​អាច​មាន​ប្រាក់ខែ​ខ្ពស់​សម​ល្មម ​សម្រាប់​ក្រុម​គ្រួសារ​អាច​រស់នៅ​ដោយ​សេចក្តី​ថ្លៃថ្នូរ​ដូច​គេ​ដូច
​ឯង​។

ក្នុង​​ន័យ​នេះ បញ្ហា​ក្រមសីលធម៌​បាន​ធ្លាក់​ចុះ​​ ដោយសារ​តែ​បញ្ហា​សេដ្ឋកិច្ច​ និង​តម្រូវការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ។ ការ​ជួយ​ដល់​ពួក​គេ​​ខាង​ផ្នែក​សេដ្ឋកិច្ច​ នឹង​ធ្វើ​ឱ្យ​​ពួក​គេ​មានការ​កែប្រែ​ ។ គោលការណ៍​ដំឡើង​ប្រាក់ខែ​​ដ៏​សមរម្យ​ អាច​ជា​ជម្រើស​ដ៏​ល្អ​មួយ​ដូច​អ្វី​ដែល​រដ្ឋាភិ​បាល​​កំពុង​តែ​ធ្វើ​ ដើម្បី​ធ្វើ​ឱ្យ​​បុគ្គលិក​រដ្ឋ​កាន់តែ​មាន​​ជីវភាព​ធូរធា​ ។ ប៉ុន្តែ​វា​ប្រហែលជា​មាន​កិច្ចការ​ជា​ច្រើន​ ដើម្បី​អាច​ធ្វើ​ឱ្យ​​ពួក​គេ​មាន​ជីវភាព​​សមរម្យ​ ។

កំណើន​ប្រាក់ខែ​ពេល​ខ្លះ​ មិន​អាច​ទប់ទល់​បាន​នឹង​កំណើន​តម្លៃ​ទំនិញ​ឡើយ​ ។ ទន្ទឹម​​នោះ​ ការ​ចំណាយ​​សម្រាប់​ការ​អប់រំ​​ដល់​កូន​ចៅ​​តាម​សាលារៀន និង​ចំណាយ​សុខភាព​ ក៏​មាន​តម្លៃ​ខ្ពស់​ ដែល​ធ្វើ​ឱ្យ​​គេ​ពិបាក​នឹង​ពឹងពាក់​ទាំងស្រុង​ទៅ​លើ​ប្រាក់ខែ​ ។

ដូច្នេះ ​ការ​ព្យាយាម​ដោះស្រាយ​បញ្ហា​ក្រមសីលធម៌​នឹង​ទាមទារ​ឱ្យ​​មាន​កិច្ច​ប្រឹងប្រែង​ជា​ច្រើន​រួម​បញ្ចូល​គ្នា​ ។ ការ​អប់រំ​មនុស្ស​លើ​ផ្នែក​ស្មារតី ការ​ដំឡើង​ប្រាក់ខែ ព្រមទាំង​ដោះស្រាយ​បញ្ហា​សង្គម​ផ្សេង​ៗ ​ដូច​ជា​ប្រ​ព័​ន្ធ​អប់រំ​ និង​សុខាភិបាល​ ព្រមទាំង​ការ​គ្រប់គ្រង​តម្លៃ​ទំនិញ ​គឺជា​កិច្ចការ​ដែល​ត្រូវធ្វើ​ព្រម​គ្នា​ ។ អ្វី​ៗ​ត្រូវ​តែ​ធ្វើ​ព្រម​គ្នា​ក្នុង​គោលដៅ​រួម​មួយ​ គឺ​មនុស្ស​អាច​ពឹងពាក់​ទៅ​លើ​ចំណូល​ត្រឹមត្រូវ​ដើម្បី​រស់​ដោយ​ថ្លៃថ្នូរ ​៕