ក្រុមជម្រើសជាតិកម្ពុជា បង្ហាញកង្វល់មុនជួបសិង្ហបុរី ល្ងាចនេះ

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងខ្សែប្រយុទ្ធ កែវ សុផេង សុទ្ធតែបានបង្ហាញពីក្តីកង្វល់ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិសិង្ហបុរី នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃព្រហស្បតិ៍នេះ ខណៈអ្នកទាំង២បានមើលឃើញថា សមាជិកមួយចំនួននៅក្រុមកម្ពុជា លែងមិនទាន់ស៊ីចង្វាក់គ្នា ស្របពេលកីឡាកសំខាន់៣នាក់ កំពុងមានរបួស មិនអាចចូលរួមជួយក្រុមបាននោះ។

mm3

លោក Lee បានថ្លែងក្នុងសន្និសីទកាសែត នៅសណ្ឋាគារណាហ្គាវើល កាលពីម្សិលមិញថា៖«ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា ក្រុមកម្ពុជា មិនទាន់ខ្លាំងនោះទេ ខណៈសិង្ហបុរី ជាក្រុមខ្លាំងជាងយើង ហើយពួកគេក៏បានទៅហាត់នៅជប៉ុនបាន៩ថ្ងៃផងដែរ គឺពួកគេបានរៀបចំបានល្អនៅទីនោះ»។
គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ បានបន្តថា៖«តាមការប្រកួត និងហ្វឹកហាត់រយៈពេលខ្លីនេះ ខ្ញុំមើលឃើញកីថា ឡាករមួយចំនួនអត់សូវយកចិត្តទុកដាក់ហ្វឹកហាត់ទេ ហើយទម្លាប់នេះបានធ្វើឲ្យការប្រកួតរបស់ពួកគេមិនសូវបានល្អ ជាក់ស្តែងដូចការប្រកួតជាមួយក្រុមភ្នំពេញក្រោន អ៊ីចឹងគឺពួកគេប្រមូលអារម្មណ៍លេងមិនសូវបានល្អ ហើយការប្រកួតលើកនេះយើងអត់មានកីឡាករសំខាន់មួយចំនួនដូចជា ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា, ណុប តុលា ជាដើមដោយសារពួកគេមានបញ្ហារបួស»។

mm4

លោក Lee បានបញ្ជាក់ថា៖«ក្នុងនាមជាគ្រូបង្វឹក មិនចង់ឲ្យក្រុមចាញ់នោះទេ តែយើងក៏មើលទៅលើគូប្រកួតរបស់យើងផងដែរ គឺក្រុមសិង្ហបុរី ល្អជាងយើង។ យ៉ាងណាក៏ដោយ ដោយសារនេះជាការប្រកួតមិត្តភាពដកស្រង់បច្ចេកទេស គឺយើងនឹងខំប្រឹងលេងឲ្យបានខ្លាំង ហើយខ្ញុំសង្ឃឹមថា ពួកគេនឹងលេងបានល្អ ព្រោះមានអ្នកគាំទ្រយ៉ាងច្រើន ចាំជួយលើកទឹកចិត្តដល់ពួកគេ»។

ចំណែកកីឡាករ កែវ សុខផេង ក៏បានមើលឃើញថា ក្រុមរបស់ខ្លួនលេងមិនសូវបានល្អផងដែរ។ សុខផេង បាននិយាយថា៖«កីឡាករថ្មីៗមួយចំនួន ហាក់មិនទាន់យល់ច្បាស់ពីទិចនិចនៃការបង្វឹករបស់លោក Lee ប៉ុន្មានទេ ហើយយើងក៏ទើបហ្វឹកហាត់បានខ្លីទេ ដែលធ្វើឲ្យការលេងមិនសូវយល់ចិត្តគ្នា តែការប្រកួតលើកនេះ យើងនឹងព្យាយាមលេងឲ្យអស់ពីសមត្ថភាព»។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតទាំងផ្លូវការ និងមិត្តភាពកន្លងមក ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមសិង្ហបុរីរហូត ដោយក្នុងនោះកម្ពុជា បានចាញ់សិង្ហបុរី ៤-០ ក្នុងទឹកដី និងបន្តចាញ់ ២-១ ក្រៅទឹកដី ក្នុងការប្រកួតជម្រុះ FIFA World Cup 2018 កាលពីខែមិថុនា និងខែតុលា ឆ្នាំ២០១៥។ ចំណែកការប្រកួតមិត្តភាព កាលពីថ្ងៃទី១១ ឆ្នាំ២០១៤ កម្ពុជាបានចាញ់ក្រុមម្ចាស់ផ្ទះសិង្ហបុរី ៤-២ ហើយកម្ពុជា ក៏បានចាញ់សិង្ហបុរី ៥-០ ក្នុងការប្រកួតជម្រុះ AFF Suzuki Cup កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៨ នៅម៉ាឡេស៊ី ផងដែរ ខណៈការប្រកួតកម្តៅសាច់ដុំ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមភ្នំពេញក្រោន ៣-២៕

The post ក្រុមជម្រើសជាតិកម្ពុជា បង្ហាញកង្វល់មុនជួបសិង្ហបុរី ល្ងាចនេះ appeared first on CamboSport.