សត្វ​ដាយ​ណូ​ស័​រ​ស្លាប់​ដោយ​ឥទ្ធិពល​អាកាសធាតុ​ដ៏​ធំ​ចំនួន​ពីរ​បន្តបន្ទាប់​ និពន្ធដោយ : VOA       July-28-2016, 7:39 am         170

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សត្វ​ដាយ​ណូ​ស័​រ​ស្លាប់​ដោយ​ឥទ្ធិពល​អាកាសធាតុ​ដ៏​ធំ​ចំនួន​ពីរ​បន្តបន្ទាប់​​វ៉ាស៊ីនតោន​៖ សត្វ​ដាយ​ណូ​ស័​រ​បាន​គ្រប់គ្រង​ផែនដី​អស់​រយៈពេល​ប្រហែល​១៦០​លាន​ឆ្នាំ​។ ក្រោយមក ពួក​សត្វ​ដាយ​ណូ​ស័​រទាំង​អស់ ក៏បាន​ស្លាប់​ផុត​ពូជ​។ តើ​សត្វ​ដាយ​ណូ​ស័​រ ស្លាប់​ដោយសារ​អ្វី​? តើ​ដោយសារតែ​សកម្មភាព​ភ្នំភ្លើង​ដែល​បំពុល​ខ្យល់អាកាស និង​ទឹក​មែន​ឬទេ​? ឬ​ដោយសារតែ​អាចម៍ផ្កាយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បាន​ធ្លាក់​មក​បាំងបិទ​ព្រះអាទិត្យ​ធ្វើអោយ​ងងឹត​មេឃ​នោះ​? រឿងនេះ​បាន​ក្លាយជា​ប្រធានបទ​ពិភាក្សា​ដ៏​ក្តៅគគុក​មួយ​នៅក្នុង​មជ្ឈដ្ឋាន​វិទ្យាសាស្ត្រ​។ ឥឡូវនេះ ការស្រាវជ្រាវ​ថ្មី បានបង្ហាញ​នូវ​ហេតុផល​ទី​បី​។​

​គ្រោះមហន្តរាយ​ពីរ​ធំៗ បាន​កើតឡើង​កាលពី​៦៦​លាន​ឆ្នាំមុន បានធ្វើ​ឲ្យ​កក្រើក​ពិភព​របស់​ដាយ​ណូ​ស័​រ​។ ការផ្ទុះ​ភ្នំភ្លើង​ដ៏​ធំ​មួយ នៅក្នុង​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ននេះ បានធ្វើ​ឲ្យ​មានការ​ប្រែប្រួល​យ៉ាងខ្លាំង ទៅលើ​អាកាសធាតុ​របស់​ភពផែនដី​។ បន្ទាប់ពីនោះ រយៈពេល​១៥០.០០០​ឆ្នាំ ក្រោយមក អាចម៍ផ្កាយ​ក៏បាន​ធ្លាក់​មក​ចំ​តំបន់​ឈូង​សមុទ្រ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ហើយក៏​បណ្តាល​ឲ្យ​មានការ​ប្រែប្រួល​ទៅលើ​អាកាសធាតុ​ផងដែរ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ខិតខំ​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ អំពី​មូលហេតុ​ដែល​បង្ក​មហន្តរាយ​ដល់​ពួក​សត្វ​ដាយ​ណូ​ស័​រ​។ ហេតុផល​ភាគច្រើន គឹ​ដោយសារតែ​ពួកគេ​មិនទាន់បាន​រកឃើញ​ច្រក​ពន្លឺ​ទៅកាន់​ពេល​អតីតកាល​។​

​ប៉ុន្តែ ពេលនេះ កោះ​នៅ​តំបន់​អង់តាក់ទិក​មួយ នៅ​ជិត​ជាយ​ខាងត្បូង​នៃ​ទ្វីបអាមេរិក​ខាងត្បូង បានផ្តល់​នូវ​កំណត់ត្រា​ច្បាស់លាស់​មួយ អំពី​អ្វីដែល​បានកើត​ឡើង​។​

«​ថេរវេលា​នៃ​ការផ្ទុះ​ភ្នំភ្លើង និង​អាចម៍ផ្កាយ មាន​រយៈពេល​ជិតគ្នា​»​។​

Sierra Petersen អ្នកវិភាគ​អាកាសធាតុ​បុរាណ​(​បុរាណ​អាកាសធាតុ​វិទូ​) នៃ​សាកលវិទ្យាល័យ Michigan បាន​បញ្ជាក់ថា នៅក្នុង​រយៈពេល​ឃ្លាត​ពីគ្នា​តែ​១៥០.០០០​ឆ្នាំ​ប៉ុណ្ណោះ ស្រទាប់​ថ្ម​នានា​ពី​ព្រឹត្តិការណ៍​ទាំងពីរ មាន​រយៈ​ជិតគ្នា​យ៉ាងខ្លាំង នៅក្នុង​កំណត់់ត្រា​ផែន​ថ្ម ដែល​ធ្វើ​ឲ្យ​មានការ​ពិបាក​ខ្លាំង​ក្នុង​ការញែក​ឲ្យ​ដាច់ពីគ្នា​នូវ​ផលប៉ះពាល់​ពី​ព្រឹត្តិការណ៍​ផ្ទុះ​ភ្នំភ្លើង ឬ​អាចម៍ផ្កាយ​។​

«​នៅ​កោះ Seymour មាន​គម្លាត​ស្រទាប់​ថ្ម​៤០​ម៉ែត្រ ដែល​ចែក​ព្រឹត្តិការណ៍​ទាំងពីរ​នោះ​អោយដាច់​ពីគ្នា​។ ដូច្នេះ យើង​អាច​យើង​បែងចែក​នូវ​ឥទ្ធិពល​នៃ​ព្រឹត្តិការណ៍​នីមួយៗ​បាន​។ នេះហើយ​ជា​មូលហេតុ​ដែល​យើង​អាច​ដឹង​ពី​ឥទ្ធិពល​នៃ​ព្រឹត្តិការណ៍​ទាំងពីរ​នេះ​ទៅលើ​អាកាសធាតុ​ថា​ជា​ព្រឹត្តិការណ៍​ពីរ​ផ្សេង​ពីគ្នា​»​។​

«​វា​សម​ហេតុផល​ដែល​មនុស្ស​គិតថា​វា​បណ្តាលមកពី​ភ្នំភ្លើង ឬក៏​មកពី​អាចម៍ផ្កាយ​... ប៉ុន្តែ តាមពិត​ការគិត គឺ​ត្រូវ​ទាំងពីរ​ហ្នឹង​»​។​

​បច្ចុប្បន្ន នាង Andrea Dutton  ជា​អ្នកស្រាវជ្រាវ​ភូមិសាស្ត្រ​តាម​គីមីវិទ្យា​(​ភូ​គ​ព្ភ​គីមី​វិទូ​) នៅ​សកល​វិទ្យាល័យ​រដ្ឋ​Florida ។ កាលពីពេល​នាង​នៅ​ជា​និស្សិត នាង​បាន​សាកល្បង​ប្រើ​កម្ទេច​សំបក​ងាវ​គ្រំ យកមក​ពី​កោះ Seymour​ដើម្បី​សិក្សា​ពី​បម្រែបម្រួល​អាកាសធាតុ​នៅ​សម័យ​ដើម ប៉ុន្តែ លទ្ធផល​មានការ​ពិបាក​ក្នុងការ​បកស្រាយ​ឲ្យ​យល់​។​

​កម្ទេច​ហ្វូ​ស៊ី​ល​នោះ ត្រូវបាន​ទុក​ដោយឡែក រហូត​ទាល់តែ Petersen បង្ហាញ​នូវ​វិធីសាស្ត្រ​ថ្មី​មួយ​។ វិធីសាស្ត្រ​នេះ ផ្តោតលើ​ប្រភេទ​ម៉ូលេគុល​កាបូន មាននៅ​ក្នុង​សំបក​ងាវ​មួយ​ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​សីតុណ្ហភាព​ទឹក នៅពេលដែល​ស្រទាប់​សំបក​ងាវ​នោះ​ត្រូវ​បង្កើតឡើង​។​

​ដូច្នេះ នៅពេល​ដំបូង ពួកគេ​អាច​កំណត់​នូវ​កំណត់ត្រា​សីតុណ្ហភាព​ក្នុងអំឡុងពេល​យុគសម័យ​ចុងក្រោយ​របស់​ដាយ​ណូ​ស័​រ​។ ពួកគេ​បាន​រកឃើញថា សីតុណ្ហភាព​ឡើង​ក្តៅ​។ ពីរដង​។​

«​នៅពេលនោះ​ដែល​សកម្មភាព​ភ្នំភ្លើង​នៅ​តំបន់​វាលទំនាប Deccan Trap នៅក្នុង​ប្រទេស​ឥណ្ឌា​បានចាប់ផ្តើម យើង​បាន​រកឃើញ​នូវ​ការឡើង​កំដៅ​ជា​គំហុក​មួយ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ យើង​ក៏បាន​រកឃើញ​ផងដែរ​នូវ​(​ការធ្លាក់​អាចម៍ផ្កាយ​)​នៅ​ចុងបញ្ចប់ ដែលជា​ការឡើង​កំដៅ​ដ៏​គំហុក​មួយទៀត​»​។​

​វា​ជា​មហន្តរាយ​ធំ​បំផុត​ចំនួន​ពីរ​បន្តបន្ទាប់​គ្នា​។ នាង​Dutton និយាយថា ប្រសិនបើ​ដាយ​ណូ​ស័​រ​គិតថា ទឹកភ្លៀង​អាស៊ីត និង​លម្អងធូលី​ភ្នំភ្លើង ជា​ប្រការ​អាក្រក់​វ​មួយ  នោះ​វា​កាន់តែ​អាក្រក់​ទៅទៀត ជាមួយនឹង​ការកើនឡើង​សីតុណ្ហភាព​យ៉ាង​ឆាប់រហ័ស ដែល​បាន​កើតឡើង​បន្តម​កទៀត​។​

«​ពួកវា​ធ្លាប់​ឆ្លងកាត់​សីតុណ្ហភាព​ក្តៅ​បែបនេះ ពីមុនមក នៅ​យុគសម័យ​ដីស​(Cretaceous)​ប៉ុន្តែ អ្វីដែល​កើតឡើង​នៅទីនេះ គឺ​សីតុណ្ហភាព​កើនឡើង​លឿន​ពេក ជា​សម្ពាធ​ដ៏​ខ្លាំង​មួយ ដែល​ពួកវា​មិនអាច​សម្រប​ខ្លួន​បាន​ឆាប់រហ័ស​ទៅតាម​ការប្រែប្រួល​សីតុណ្ហភាព​ដ៏​ខ្លាំង​នេះ​...​យើង​មិនចាំបាច់​និយាយថា​កំដៅ​សម្លាប់​អ្វីៗ​គ្រប់យ៉ាង​នៅពេល​នោះទេ ប៉ុន្តែ វា​អាច​បាន​បង្ក​ឲ្យ​អ្វីៗ​គ្រប់យ៉ាង​កាន់តែ​អាក្រក់​ទៅ ហើយ​វា​អាចជា​ចំណែក​ដែល​ធ្វើ​ឲ្យ​សត្វ​ដាយ​ណូ​ស័​រ​ផុត​ពូជ​»​។​

​ពូជ​ដាយ​ណូ​ស័​រដែ​ល​នៅរស់​ពី​ការកើនឡើង​កំដៅ​លើកទីមួយ ត្រូវ​ទទួលរង​នូវ​ការវាយប្រហារ​ដ៏​ខ្លាំង​មួយទៀត ពី​ឥទ្ធិពល​អាចម៍ផ្កាយ ដែល​បណ្តាល​ឲ្យ​សីតុណ្ហភាព​កើនឡើង​ដែរ​។​

​តាម​របាយការណ៍​នៅក្នុង​អត្ថបទ​នៃ​ព្រឹ​ត្ត​ប​ត្តិ Nature Communications លោក Petersen និង​នាង Dutton បាន​លើកឡើងថា ពួកយើង​បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​ទៅលើ​កិច្ចការ​នេះ ពីព្រោះ​ឥទ្ធិពល​ប៉ះពាល់​ពី​ការផ្លាស់ប្តូរ​អាកាសធាតុ​ឆាប់រហ័ស​នៅ​យុគសម័យ​ដីស​ស្រដៀង​គ្នា​ទៅនឹង​ផលប៉ះពាល់​បច្ចុប្បន្ននេះ ដែល​អ្នកវិទ្យាសាស្ត្រ​កំពុង​មើលឃើញ​ពី​ការកើនឡើង​កំដៅ​ផែនដី​។​

«​បាតុភូត​ផ្ទុះ​ភ្នំភ្លើង​កើតមុន​ឥទ្ធិពល​នៃ​ការធ្លាក់​អាចម៍ផ្កាយ បាន​ប៉ះពាល់​ខ្លាំង​ទៅលើ​បរិស្ថាន ក្នុង​សភាព​ដូចគ្នា​នឹង​ផលប៉ះពាល់​នៃ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ដែល​មនុស្ស​យើង​កំពុង​ធ្វើ​សព្វថ្ងៃ គឺ​កំពុងតែ​ជះឥទ្ធិពល​អាក្រក់​នៅលើ​បរិស្ថាន​។ យើង​បានឃើញ​ហើយពី​ការ​ផុត​ពូជ ហើយ​សរីរាង្គ​មួយចំនួន កំពុង​ទទួលរង​ការ​គម្រាមកំហែង​ពី​សម្ពាធ​បរិស្ថាន ការកាត់បន្ថយ​ទីជម្រក និង​បញ្ហា​ផ្សេងៗ​ទៀត​ជាដើម​។ អ្វីៗ​ទាំងអស់​ដដែលៗ​ដែល​យើង​កំពុង​សង្កេតឃើញ​សព្វថ្ងៃនេះ ក៏បាន​កើតឡើង​នៅ​អំឡុង​យុគ​ដីស​ដូចគ្នា​ដែរ​។ ដូច្នេះ យើង​ដឹង​ហើយ យើង​សង្ឃឹមថា នឹង​គ្មាន​ឥទ្ធិពល​អាចម៍ផ្កាយ​កើតឡើង​នោះទេ​»​។​

​នេះ​បង្ហាញ​ឲ្យ​ឃើញថា យើង​មានរឿង​ច្រើន​ដែល​ត្រូវ​រៀនសូត្រ​ពី​ការស្លាប់​បាត់បង់​នៃ​សត្វ​ដាយ​ណូ​ស័​រ​៕ ប្រែ​សម្រួល​ដោយ សើ សា​យ្យា​ណា​