​សិប្បកម្ម​​បើក​​៥​ឆ្នាំ​​ហើយ ត្រូវ​បិទ​​ដោយសា​រ​​រក​​ឃើញ​​មាន​​សារ​ធាតុ​បូ​រ៉ា​ក់​​ក្នុង​​សរសៃ​​គុយទាវ

​សិប្បកម្ម​​បើក​​៥​ឆ្នាំ​​ហើយ ត្រូវ​បិទ​​ដោយសា​រ​​រក​​ឃើញ​​មាន​​សារ​ធាតុ​បូ​រ៉ា​ក់​​ក្នុង​​សរសៃ​​គុយទាវ



ខេត្តសៀមរាប ៖ សិប្បកម្ម​ផលិត​សរសៃ គុយទាវ​មួយ​កន្លែង​ត្រូវ​បាន​សមត្ថកិច្ច​សម្រេច​បិទ​ទីតាំង និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​រក​ឃើញ​ថា ម្ចាស់​សិប្បកម្ម​នេះ​ផលិត​សរសៃ​គុយទាវ​ដាក់​សារធាតុ​បូ​រ៉ា​ក់
(​ម្ស៉ៅ​ស​)​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ។ ការ​រក​ឃើញ​នេះ បន្ទាប់​ពី​បញ្ជូន​សរសៃ​គុយទាវ​ទៅ​ពិសោធ​នៅ​អគ្គនាយកដ្ឋាន​កាំកុងត្រូល កាលពី​ថ្ងៃ​ទី​១៥ កក្កដា ។

គួរ​រំលឹក​ថា សិប្បកម្ម​ផលិត​សរសៃ​គុយទាវ​មួយ​កន្លែង​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ ហើយ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ចុះ​ត្រួតពិនិត្យ​ឃើញ​ថា មិន​មានច្បាប់​អនុញ្ញាត និង​ទីតាំង​គ្មាន​អនាម័យ​ទៅ​តាម​ស្តង់ដារ​ត្រឹមត្រូវ ទើប​សម្រេច​ឱ្យ​បិទ​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​១២ កក្កដា ហើយ​នៅ​ថ្ងៃ​ទី​១៥ កក្កដា បាន​ធ្វើការ​ពិសោធ​ទៅ​លើ​សរសៃ​គុយទាវ​ឃើញ​ថា បាន​ប្រើប្រាស់​សារធាតុ​ផ្សំ​ដែល​ហាមឃាត់​។ សិប្បកម្ម​ផលិត​សរសៃ​គុយទាវ​នេះ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ឯក សឿ​ន សេន បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​២៧ កក្កដា ថា បន្ទាប់​ពី​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផលិត​សរសៃ​គុយទាវ​មួយ​កន្លែង​នេះ ឃើញ​ថា ពិតជា​គ្មាន​ច្បាប់ និង​គ្មាន​អនាម័យ​ធ្វើ​ឱ្យ​ខូចសុខភាព​ប្រជាពលរដ្ឋ​ជា​អ្នក​បរិភោគ ទើប​លោក​សម្រេច​យក​សរសៃ​គុយទាវ​ទៅ​ពិសោធ​នៅ​មន្ទីរ​ពិសោធ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ។

ជា​លទ្ធផល​មន្ទីរពិសោធន៍​បាន​រក​ឃើញ​សារធាតុ​បូ​រ៉ា​ក់(​ម្ស៉ៅ​ស​)​ក្នុង​សរសៃ​គុយទាវ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ធ្ងន់ធ្ងរ ដូច​ជា​កើត​ជំងឺ​ទាក់ទង​នឹង​ប្រដាប់​រំលាយ​អាហារ និង​តម្រងនោម​ជាដើម ។

លោក​បាន​បញ្ជាក់​ថា ម្ចាស់​សិប្បកម្ម​ផលិត​សរសៃ​គុយទាវ​នេះ​ឈ្មោះ យោក គឹ​ម​ស៊ុន ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បាន​បើក​សិប្បកម្ម​នេះ​មក​ដល់​ថ្ងៃ​បិទ គឺ​មាន​រយៈពេល​៥​ឆ្នាំ​មក​ហើយ ។ សិប្បកម្ម​នេះ​ផលិត​បាន​ចាប់ពី​៤០​ទៅ​៥០​គីឡូក្រាម​ក្នុង​១​ថ្ងៃ រួច​យក​ទៅ​បោះ​ដុំ​នៅ​ម្តុំ​ផ្សា​រលើ​ធំ​ថ្មី និង​ផ្សារ​ចាស់ ព្រមទាំង​ឱ្យ​កូនចៅ​ដើរ​លក់​ថែម​ទៀត​ផង ឃើញ​ថា​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់ ។ ដូច្នេះ​នៅ​ក្នុង​សំណុំរឿង​នេះ​លោក​បាន​ចោទប្រកាន់​ទៅ​លើ​ម្ចាស់​សិប្បកម្ម​នេះ​២ ករណី​គឺ ​៖

ករណី​ទី​១-​ចោទ​ពី​បទ​បើក​សិប្បកម្ម​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត យោង​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រោងចក្រ​និង​សិប្បកម្ម​តាម​មាត្រា​៤៣ និង

ករណី​ទី​២-​តាម​មាត្រា​៦៣ យោង​តាម​ច្បាប់​គ្រប់គ្រង​គុណភាព​សុវត្ថិភាព​លើ​ផលិតផល​ទំនិញ និង​សេវា ។
បច្ចុប្បន្ន​ម្ចាស់​សិប្បកម្ម​ផលិត​សរសៃ​គុយទាវ​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។ តាម​មាត្រា​៦៣​អាច​ចាប់​ដាក់គុក​ពី​១​ខែ​ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥​ទៅ​១០​លាន​រៀល ឬ​ទោស​ណាមួយ​ក្នុង​ចំណោម​ទោស​ទាំង​២ ។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ម្ចាស់​សិប្បកម្ម​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​សមត្ថកិច្ច​ពេល​ចុះ​ពិនិត្យ​និង​ឆែកឆេរ​រក​ឃើញ​ថា គ្មាន​ច្បាប់​និង​គ្មាន​អនាម័យ បាន​ត្រឹមតែ​ហៅ​ម្ចាស់​សិប្បកម្ម​យក​មក​ផាកពិន័យ និង​ឱ្យធ្វើ​កិច្ចសន្យា​រួច​ឱ្យ​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​ពេល​នេះ​កម្លាំង​ជំនាញ​បាន​រក​ឃើញជាក់ស្តែង ដូច​ជា​សរសៃ​គុយទាវ​ធំ​មាន​ផ្ទុក​សារធាតុ​គីមី ។ ដូច្នេះ​កម្លាំង​ជំនាញ ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់​កសាង​សំណុំរឿង​បញ្ជូន​ម្ចាស់​សិប្បកម្ម​ទៅ​តុលាការ រីឯ​ទីតាំង​ក៏​ត្រូវ​បាន​បិទ​ជា​ស្ថាពរ​ដែរ ៕