ហួសហេតុ ! អួត​ថា​ប្រធាន​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៨ បុក​គេ​ហើយ ជេរ​ប្រមាថ និង​រក​វាយ​គេ​ទៀត

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ឡើង​ជោគ​ជាំ​បើករថយន្ត​បុក​ម៉ូតូ​ខ្ទាត​ចម្ងាយ​៥​ម៉ែត្រ​ហើយ​បែរជា​ជេរ​ប្រមាថ ហើយ​រក​វាយ​អ្នក​ជិះ​ម៉ូតូ​ទៀត​ផង ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​១២០ កែង​ផ្លូវ​ព្រះ​មុនី​វង្ស នៅ​ចំណុច​ចំណតរថយន្ត​ផ្សារ​ថ្មី ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។

សាក្សី​ម្នាក់​ឈ្មោះ រាន ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប​នៅ​ផ្សារ​ថ្មី​ពេល​យប់ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​មាន​ធំក្លិន​ស្រា ជិះ​ម៉ូតូ​ម៉ាក Giono ពណ៌​សូកូឡា ពាក់​ស្លាក​លេខ កណ្តាល 1S-9629 បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​១២០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​បុរស​ម្នាក់​អួតអាង​ថា ខ្លួន​ជា​ប្រធាន​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៨ មានឈ្មោះ សម សីហា បើករថយន្ត​ម៉ាក​កាម​រី​គូទ​ហើម ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2D-6637 តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស បត់​ទៅ​ផ្លូវ​លេខ​១២០ ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោគ​ជាំ បាន​បើក​ទៅ​បុក​ម៉ូតូ​ចំ​ពីមុខ បណ្តាល​ឲ្យ​ខ្ទាត​ម៉ូតូ​អូស​ចម្ងាយ​៥​ម៉ែត្រ តែ​សំណាងល្អ​មិន​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ ចំណែកឯ​រថយន្ត​វិញ​ហើប​ស្លាក​លេខ ម៉ូតូ​បាក់​ក្បាំង​ខាង​មុខ ។

ក្រោយ​ពេល​កើតហេតុ អ្នក​បើករថយន្ត​បង្ក​បាន​ចុះ​មក​ស្រែក​ជេរ​ប្រមាថ និង​រក​វាយ​អ្នក​បើក​ម៉ូតូ​ទៀត​ផង ។ បន្ទាប់​មក​សុខចិត្ត​សង​ទៅ​ម៉ូតូ​ក្នុង​តំលៃ​១០​ដុល្លារ ប៉ុន្តែ​ខាង​ម៉ូតូ​មិន​ព្រម គាត់​ទាមទារ​សំណង​ចំនួន​៣០០​ដុល្លារ ព្រោះ​ខឹង​ខាង​រថយន្ត​ជេរ​ប្រមាថ​ទៅ​លើ​គាត់ ពេល​នោះ​អ្នក​បើករថយន្ត​បង្ក​បាន​ទូរស័ព្ទ​ទៅ​រក​លោក​ឯកឧត្តម​ដើម្បី​មក​ជួយ​អន្តរាគមន៍ និង​បាន​និយាយ​ថា បើ​ឯកឧត្តម​មក​ដល់​សូ​ម្បី​តែ​មួយ​រៀល​ក៏​អត់​បាន​ដែរ ។ ស្រប​ពេល​នោះ ពេល​ឃើញ​អ្នក​សារព័ត៌មាន​ទៅ​ថត​យក​រូបភាព បាន​គំរាម​មិន​ឲ្យ​ថតរូប​ទេ និង​ជេរ​ប្រមាថ​ទៅ​លើ​អ្នក​សារព័ត៌មាន​ទៀត​ផង ។

ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​បុក​ម៉ូតូ​ហើយ​ចោទ​ថា​ម៉ូតូ​ជា​អ្នក​បុក ពេល​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​ឃើញ​ភាគី​ទាំង​សងខាង​ជជែក​គ្នា​ជិត​៣​ម៉ោង​នៅ​តែ​មិន​ត្រូវ​គ្នា ទោះបីជា​សាច់ញាតិ​ខាង​រថយន្ត​មក​ដល់​យល់ព្រម​សង​សំណង​ចំនួន​២៥០​ដុល្លារ​ក៏​អ្នក​បើក​ម៉ូតូ​មិន​ព្រម ទើប​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​វាស់វែង​យក​ម៉ូតូ និង​រថយន្ត​ទៅ​ដោះស្រាយ​គ្នា​នៅ​ការិយាល័យ​ចរច​រា​ណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ៕