ជិះ​កង់​ឆ្លងកាត់​ច្រើន​ប្រទេស​មក​បាត់​នៅ​ភ្នំពេញ

ជិះ​កង់​ឆ្លងកាត់​ច្រើន​ប្រទេស​មក​បាត់​នៅ​ភ្នំពេញ



រាជធានី​ភ្នំពេញ​ ៖ ពិតជា​គួរ​ឱ្យ​អៀនខ្មាស់​សម្រាប់​ប្រជាជាតិ​មួយ​ដែល​សូ​ម្បី​តែ​កង់​១​គ្រឿង​របស់​បុរស​ជនបរទេស ក៏​លួច​យក​ទៅ​បាត់​ដែរ សួរ​ថា​តើ​គប្បី​ដែល​ទេ ក្នុង​នាម​ជនជាតិ​កម្ពុជា គួរតែ​លើកកម្ពស់​កិត្តិយស​ជាតិ ទោះបី​មិន​បាន​ជួយ​ជាតិ​ឱ្យ​លើស​ពី​នេះ​ក្តី ។

ជនជាតិ​ជប៉ុន​មួយ​រូប​ដែល​ជា​អ្នកទេសចរ ជិះ​កង់​ចេញពី​ប្រទេស​របស់​ខ្លួន ហើយ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ជា​ច្រើន​ប្រទេស​មក​ហើយ ទំ​រាំ​មក​ដល់​កម្ពុជា ស្រាប់តែ​កង់​របស់​គាត់ ត្រូវ​ចោរលួច​បាត់​នៅ​កន្លែង​ចំណត របស់​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ។ សម្រាប់​តម្លៃ​កង់​១​គ្រឿង​ពិតជា​មិន​ថ្លៃ​នោះ​ទេ គឺ​គាត់​អាច​ទិញ​ថ្មី​ហើយ​ល្អ​យក​មក​ជិះ​បន្ត​បាន តែ​អនុស្សាវរីយ៍​ជាមួយនឹង​កង់​១​គ្រឿង​នេះ ដែល​បាន​នាំ​គាត់​ឆ្លងកាត់​ប្រទេស​ជា​ច្រើន​ពិតជា​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ ។

បុរស​ជនជាតិ​ជប៉ុន​រូប​នេះ​ឈ្មោះ Shun Yanagisawa អាយុ​៣៤​ឆ្នាំ បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព ក្នុង​ទឹកមុខ​ស្រពោន​ថា លោក​ជា​អ្នក​ពន្លត់​អគ្គិភ័យ ហើយ​ពេល​លោក​ជិះ​កង់​ធ្វើ​ទេសចរណ៍​តាម​ប្រទេស​នានា លោក​ពិតជា​ខុស​គេ​ដែរ​ខណៈ​អ្នកខ្លះ​គេ​ជិះ​យន្តហោះ តែ​គាត់​ជិះ​កង់​មើល​ទេសភាព​ដ៏​ទាក់ទាញ​តាម​ប្រទេស​នានា ។

លោក​បាន​ចាប់ផ្ដើម​ជិះ​កង់​ចេញពី​ប្រទេស​របស់​លោក​ឆ្លងកាត់​កោះ​តៃ​វាន់​, ហ្វី​លី​ពី​ន​, សិង្ហ​បុរី ម៉ា​ឡេ​ស៊ី​, ថៃ និង​ចូល​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១ កក្កដា បើ​គិត​ពី​រូបភាព​ធ្វើ​ទេសចរណ៍​ដោយ​ជិះ​កង់ គឺ​ជិត​១​ឆ្នាំ​ហើយ ។ តែ​ជា​អកុសល កាលពី​ថ្ងៃ​ទី​១៨ កក្កដា នៅ​ពេល​លោក​មក​ស្នាក់​នៅ​សណ្ឋាគារ Aura Thematic Hotel ស្ថិត​នៅផ្ទះ​លេខ​២០៥ ផ្លូវ​លេខ​១៩ ក្រោយ​ព្រះ​បរមរាជវាំង កង់​របស់​គាត់​ត្រូវ​ចោរលួច​បាត់​មិនដឹង​តាំងពី​ពេល​ណា ។ លុះដល់​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា លោក​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ការិយាល័យ​ប៉ូលិស​អ​នោ្ដ​ប្រវេសន៍​ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​រក​កង់​លោក​ដែល​បាត់ ។

នៅ​ក្នុង​កំណត់ហេតុ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ចត​កង់​នេះ​នៅ​ក្នុង​ចំណត​របស់​សណ្ឋាគារ​ខាងលើ​នៅ​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៨ កក្កដា ។ លុះដល់​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ខណៈ​ពេល​លោក​ចេញ​មក​រក​កង់ ស្រាប់តែ​មិនឃើញ ទើប​លោក​មក​ដាក់​ពាក្យបណ្ដឹង ។

លោក Shun Yanagisawa និយាយ​ថា  «​ខ្ញុំ​នឹក​កង់​ខ្ញុំ​ណាស់ ព្រោះ​វា​នៅ​ជាមួយ​ខ្ញុំ​ជិត​១​ឆ្នាំ​ហើយ សូម​សមត្ថកិច្ច និង​អាជ្ញាធរ មេត្តា​ជួយ​ស្វែងរក​ផង មុន​ពេល​ដែល​ខ្ញុំ​ត្រូវ​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃ​ទី​៣០ កក្កដា ខាង​មុខ​នេះ​។ ជា​ពិសេស​បើ​បងប្អូន​ខ្មែរ​រូប​ណា​ប្រទះ​ឃើញ​កង់​របស់ខ្ញុំ​ដូច​មាន​ក្នុង​រូបថត នៅ​ទីណា សូម​មេត្តា​ផ្ដល់​ដំណឹង​ដល់​សមត្ថកិច្ច ឬ​ទាក់ទង​មក​កោះសន្តិភាព​ក៏​បាន » ។

លោក Shun Yanagisawa បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​មក​ដល់ទី​ក្រុងភ្នំពេញ លោក​បាន​ស្នាក់​នៅ​ខេត្តសៀមរាប រយៈពេល​ជាង​១០​ថ្ងៃ និង​ជិះ​កង់​បន្ដដំណើរ​មក​ដល់​ភ្នំពេញ​រយៈពេល​៤​ថ្ងៃ​ហើយ​គិត​មក​ដល់​ពេល​នេះ គ្រោង​នឹង​បន្ដដំណើរ​ទៅ​ប្រទេស​វៀតណាម​ទៀត តែ​ចៃដន្យ​អាក្រក់ កង់​របស់​លោក​ត្រូវ​ចោរលួច​បាត់​។ លោក​ថា ​៖ «​ប្រសិនបើ​រក​កង់​ខ្ញុំ​មិនឃើញ​ទេ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ប្រទេស​ខ្ញុំ​វិញ នឹង​មិន​បន្ដដំណើរ​ទៅ​ប្រទេស​ផ្សេង​ទៀត​ទេ​» ។

យ៉ាងណា​ក៏​ដោយ លោក​សង្ឃឹមថា ក្នុង​រយៈពេល​ដ៏​ខ្លី និង​តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​កោះសន្ដិភាព​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ជួយ​ស្វែងរក​កង់​របស់​លោក​ឃើញ​មិន​ខាន ។

ជា​មួ​យ​គ្នា​នេះ​កោះសន្តិភាព​ក៏​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ជា​ទូទៅ ដែល​ចង់​លើក​ស្ទួយ​កិត្តិយស​ជាតិ សូម​មេត្តា​សហការ​ក្នុង​ការ​រក​កង់​១​គ្រឿង​នោះ​មក​ប្រគល់​ដល់​លោក Yaragisawa ព្រោះ​កង់​នេះ​មាន​តម្លៃ​សម្រាប់​គាត់​ពន់ពេក​ណាស់ ។ អ្វី​ដែល​មិន​គួរ​ឱ្យ​កើត​មាន​បញ្ហា​បែប​នេះ គឺ​លោក​បាន​ជិះ​ឆ្លងកាត់​ប្រទេស​ជា​ច្រើន បែរជា​មិន​បាត់ ស្រាប់តែ​មក​បាត់​នៅ​ភ្នំពេញ​ទៅ​វិញ ។ កោះសន្តិភាព​សង្ឃឹមថា កង់​របស់​លោក Yaragisawa នឹង​វិល​រក​ម្ចាស់​វិញ​មិន​ខាន ។ សូម​មេត្តា​រួម​គ្នា​រក​ផង ប្រ​សិន​បានឃើញ​នៅ​ទីណា​មួយ សូម​មេត្តា​រួម​គ្នា​ឱ្យដំណឹង​មក «​កោះសន្តិភាព​» តាម​រយៈ​ទូរស័ព្ទ​លេខ ០១៧ ៤៤៩ ០១៧ យើងខ្ញុំ​រង់ចាំ​ទទួល និង​ជូនសគុណ​ភ្លាម​ប្រសិនបើ​ត្រូវការ ៕