ប្រទេសអីុរ៉ង់ត្រៀមនាំឧស្ម័នហ្គាសទៅកាន់អឺរ៉ុបឆ្លងកាត់ប្រទេសអីុរ៉ាក់និងស៊ីរី

អគ្គរដ្ឋទូតអីុរ៉ង់បានពិភាក្សាជាមួយមន្ត្រី អីុរ៉ាក់ស្តីពីការដឹកជញ្ជូនប្រេង និងឧស្ម័នទៅកាន់អឺរ៉ុបដោយឆ្លងកាត់ប្រទេសអីុរ៉ាក់និងស៊ីរី។ នៅពេលដែលកិច្ចព្រមព្រៀង បានចុះហត្ថលេខានោះអីុរ៉ងមានផ្លូវក្នុងការបញ្ជូនឧស្ម័នហ្គាសទៅកាន់អឺរ៉ុបគឺជាក្តី ស្រមៃរបស់អីុរ៉ង់តាំងពីយូរណាស់មកហើយ។

អុីរ៉ង់គឺជាប្រទេសដែលមានឧស្ម័នហ្គាស ធំទី២នៅលើពិភពលោកបន្ទាប់ពីរុស្ស៊ី ហើយ ការនាំទៅកាន់អឺរ៉ុបនោះនឹងជំនួសតំណែងរុស្ស៊ីដែលបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដោយសារតែការដាក់ទណ្ឌកម្មពីអឺរ៉ុប។ អីុរ៉ង់ត្រូវបានគេរំពឹងថា នឹងមានសេដ្ឋ កិច្ចល្អប្រសើរបំផុតនៅក្នុងតំបន់ក្នុងរយៈពេលដ៏ខ្លីខាងមុខ ក្រោយពេលអាមេរិក និងអឺរ៉ុបបានបញ្ចប់ទណ្ឌកម្ម ក្រោយពីកិច្ច ព្រមព្រៀងបរមាណូ។ ទាំងនោះហើយដែល ជួយឲ្យអីុរ៉ង់អាចនាំឧស្ម័នហ្គាស និងប្រេងទៅ គ្រប់ទីកន្លែងជុំវិញពិភពលោក។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនឹងការលក់ឧស្ម័ន និងប្រេងនោះ ដែរ រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌាលោក Dharmendra Pradhan និងរដ្ឋមន្ត្រីក្រសួងថាមពលប្រេងអីុរ៉ង់លោក BijanZanganeh បានឲ្យដឹងថា ប្រទេសអីុរ៉ង់កំពុងតែនាំប្រេង ទៅកាន់ឥណ្ឌាប្រមាណ៣៥០ ពាន់បារ៉ែល ក្នុងមួយថ្ងៃ ហើយភាគីទាំង២សង្ឃឹមថា នឹងបន្តកើនឡើងខ្ពស់ទៀតក្នុងពេលខាងមុខ។

នៅក្នុងជំនួបលើកនេះរដ្ឋមន្ត្រីក្រសួងថាមពលប្រេងប្រទេសទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនវិស័យក្នុងនោះមានថាមពលប្រេង និងការវិនិយោគ លើវិស័យប្រេង។ លោក Pradhan បញ្ជាក់ ថា ឥណ្ឌានឹងវិនិយោគជាទឹកប្រាក់២០ពាន់ លានដុល្លារទៅលើកំពង់ផែ Chabahar ដែល ជាកំពង់ផែដ៏សំខាន់បំផុតនៅភាគអាគ្នេយ៍ប្រទេសអីុរ៉ង់។

កន្លងមករដ្ឋមន្ត្រីថាមពលងឥណ្ឌាបានបញ្ជាក់ថា ក្រុមហ៊ុនប្រេងឥណ្ឌាមានបំណង ចង់វិនិយោគទៅលើវិស័យប្រេងនៅក្នុង ប្រទេសអីុរ៉ង់។ កាលពីសប្តាហ៍មុនបណ្តាញ ព័ត៌មានឥណ្ឌាបានផ្សាយថា ឥណ្ឌាកំពុងតែខិតខំបង្កើនការនាំចូលប្រេងឆៅពីប្រទេសអីុរ៉ង់ក្រោយពេលច្បាប់ដាក់ទណ្ឌកម្មទៅលើប្រទេសអីុរ៉ង់ត្រូវបានលុបចោល។ តាមគម្រោងឥណ្ឌានឹងត្រូវនាំចូលប្រេងពីប្រទេសអីុរ៉ង់យ៉ាងតិចបំផុតត្រឹម៤សែន បារ៉ែលក្នុងមួយថ្ងៃ ទើបអាចធានាការផ្គត់ ផ្គង់ថាមពលប្រេងប្រើប្រាស់នៅក្នុងស្រុកបានល្អប្រសើរ។

ក្រុមអ្នកឯកទេសបញ្ជាក់ថា អីុរ៉ង់កំពុង តែបង្កើនការនាំប្រេងចេញទៅខាងក្រៅឲ្យបានច្រើនបំផុតដែលអាចធ្វើទៅបានក្រោយ ពេលសហគមន៍អន្តរជាតិបញ្ចប់ទណ្ឌកម្មទៅលើប្រទេសនេះ បន្ទាប់ពីអីុរ៉ង់បានព្រមព្រៀងទៅលើកម្មវិធីបរមាណូជាមួយប្រទេស លោកខាងលិច។ កន្លងមកអីុរ៉ង់ក៏បាននាំប្រេងជាច្រើនទៅកាន់ទីផ្សារក្នុងតំបន់អឺរ៉ុបដែលកំពុងតែត្រូវការថាមពលជាចាំបាច់ក្រោយពេលអឺរ៉ុបបានដាក់ទណ្ឌកម្មទៅលើវិស័យសេដ្ឋកិច្ចរុស្ស៊ី។

នៅពេលដែលរុស្ស៊ីទទួលរងការដាក់ ទណ្ឌកម្មពីអាមេរិកនិងលោកខាងលិចដោយ សារតែពាក់ព័ន្ធបញ្ហាប្រទេសអ៊ុយក្រែន ពិសេសក្រោយពេលដែលរុស្ស៊ីបានដាក់ បញ្ចូលតំបន់គ្រីមៀរបស់អ៊ុយក្រែនចូលទៅក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុង មូស្គូរួចមក។ ការដាក់ទណ្ឌកម្មនោះបាន ក្លាយទៅជាឱកាសដ៏ល្អសម្រាប់អីុរ៉ង់នាំ ប្រេងចេញក្រៅជំនួសរុស្ស៊ី។

កន្លងមកតំបន់អឺរ៉ុបអាស្រ័យទៅលើថាម ពលប្រេងនាំចូលពីប្រទេសរុស្ស៊ី ប៉ុន្តែក្រោយ ដាក់ទណ្ឌកម្មហើយអឺរ៉ុបបានកាត់បន្ថយការទិញប្រេងពីរុស្ស៊ីនោះអីុរ៉ង់ក៏បានទៅ ជំនួសកន្លែងរុស្ស៊ីបានយ៉ាងល្អបំផុត។ ក្រៅពីការលក់ប្រេងទៅក្រៅប្រទេស អីុរ៉ង់ជាប្រទេសមានទីផ្សារខ្ពស់បំផុតនៅ ក្នុងតំបន់មជ្ឈិមបូព៌ា និងជាទីចាប់អារម្មណ៍ពីសំណាក់ក្រុមវិនិយោគជាច្រើនមកពីជុំវិញ ពិភពលោក។ ប៉ុន្តែក្រុមវិនិយោគខ្លាចរអាពីអសន្តិសុខនយោបាយ ទើបមិនសូវហាន វិនិយោគនៅទីនោះ។

នៅពេលដ៏ខ្លីខាងមុខក្រោយការអំពាវនាវរបស់ប្រទេសមហាអំណាចអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានធ្វើសេច ក្តីថ្លែងការណ៍រួមគ្នាមួយដែលនៅក្នុងនោះ គេបានជំរុញឲ្យធនាគារ និងក្រុមហ៊ុនមិន ថាជាតិនិងអន្តរជាតិផ្តើមធ្វើជំនួញជាមួយអីុរ៉ង់។ ការលើកទឹកចិត្តឲ្យមានទំនាក់ទំនង ពាណិជ្ជកម្មឡើងវិញជាមួយអីុរ៉ង់គឺជាផ្នែក មួយនៃការសន្យាដកទណ្ឌកម្មដែលលោកខាងលិចបានសន្យាជាថ្នូរនឹងកែប្រែកម្មវិធីនុយក្លេអ៊ែររបស់អីុរ៉ង់។

សេចក្តីថ្លែងការណ៍រួមប្រទេសលោក ខាងលិច អាមេរិក បារាំង អង់គ្លេសនិងអាល្លឺ ម៉ង់បានបញ្ជាក់ថា គេនឹងមិនដាក់ជើងរាទឹក បិទខ្ទប់មិនឲ្យមានសកម្មភាពពាណិជ្ជកម្មជាមួយអីុរ៉ង់នោះទេ។ រាល់ក្រុមហ៊ុនអន្តរ ជាតិឬស្ថាប័នហិរញ្ញវត្ថុមានសេរីភាពទៅធ្វើជំនួញនៅអីុរ៉ង់ បើសិនជំនួញនោះស្របតាមច្បាប់ដែលបានចែង។ សេចក្តីថ្លែង ការណ៍រួមរបស់ប្រទេសមហាអំណាចធ្វើឡើងក្រោយកិច្ចប្រជុំនៅទីក្រុងប៊្រុចសែលមានន័យស្មើនឹងការបើកភ្លើងខៀវអនុញ្ញាត ឲ្យក្រុមហ៊ុន និងស្ថាប័នធានាគារបរទេស ចូលទៅធ្វើជំនួញនៅលើទឹកដីអីុរ៉ង់។ តាម រយៈសេចក្តីថ្លែងការណ៍រួមប្រទេសលោកខាងលិចជាពិសេសអាមេរិកចង់និយាយធានាទៅក្រុមហ៊ុនបរទេស ជាពិសេសក្រុម ហ៊ុនអឺរ៉ុបដែលរហូតមកនៅរារែកមិនទាន់ហ៊ានត្រលប់ទៅបោះទុនវិនិយោគនៅអីុរ៉ង់ដោយសារខ្លាចការដាក់ទណ្ឌកម្មរបស់អាមេរិក។

សូមបញ្ជាក់ថា ធនាគារអឺរ៉ុបភាគច្រើនដែលមានសាខារបស់ខ្លួនក្នុងទឹកដីអាមេរិក នៅតែមិនទាន់ទុកចិត្តត្រលប់ទៅធ្វើជំនួញជាមួយអីុរ៉ង់ដោយខ្លាចក្រែងការប្តឹងផ្តល់ ពិន័យពីតុលាការអាមេរិក។ អាមេរិកដែល ដឹកនាំការចរចា៥ភាគីបូក១រហូតបាន សម្រេចកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តស្តីពីនុយក្លេអ៊ែរអីុរ៉ង់នៅតែរក្សាទណ្ឌកម្មសេដ្ឋ កិច្ចមួយចំនួនទៅលើអីុរ៉ង់ដោយសារតែកម្ម វិធីផលិតមីស៊ីលអន្តរទ្វីប ហើយនឹងការ ចូលរួមផ្នែកយោធារបស់អីុរ៉ង់ទៅក្នុងជម្លោះ ប្រដាប់អាវុធនៅដើមបូព៌ា។

លោក ម៉ូហាម៉ាដ ហ្សាវ៉ា ហ្សារីហ្វ រដ្ឋ មន្រ្តីការបរទេសអីុរ៉ង់បានស្វាគមន៍សេចក្តីថ្លែងការណ៍របស់ប្រទេសលោកខាងលិចដែលតាមពិតទៅអាចជាលទ្ធផលនៃការទាមទាររបស់ភាគីអីុរ៉ង់កន្លងមក។ កាលពី ខែមេសាកន្លងទៅ ប្រមុខការបរទេសអីុរ៉ង់ធ្លាប់បានទាមទារឲ្យសមភាគីអាមេរិកយល់ ព្រមដកជាស្ថាពរទណ្ឌកម្មសេដ្ឋកិច្ចទៅតាម កិច្ចព្រមព្រៀងដែលបានចូលជាធរមាន កាលពីខែមករាដើមឆ្នាំនេះ។ អីុរ៉ង់ទាមទារ ដូច្នេះ ព្រោះថាក្រុមហ៊ុន និងធនាគារអឺរ៉ុប អាស៊ី អាមេរិកជាច្រើននៅតែមានអរិភាព មិនទាន់ចង់ទៅធ្វើជំនួញនៅអីុរ៉ង់៕

ប្រទេសអីុរ៉ង់ត្រៀមនាំឧស្ម័នហ្គាសទៅកាន់អឺរ៉ុបឆ្លងកាត់ប្រទេសអីុរ៉ាក់និងស៊ីរី

ប្រភព៖ nokorwatnews

  • ប្រទេសអីុរ៉ង់ត្រៀមនាំឧស្ម័នហ្គាសទៅកាន់អឺរ៉ុបឆ្លងកាត់ប្រទេសអីុរ៉ាក់និងស៊ីរី已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: