ចម្រៀង​កម្មសិទ្ធិ​បញ្ញា​​របស់​លោក ស៊ីន ស៊ីសាមុត ​ត្រៀម​បោះពុម្ព​ជា​សៀវភៅ​ឆាប់ៗ

យ៉ាងហោច​ណាស់​ បទចម្រៀង​ចំនួន ៥៦បទ ជា​​កម្មសិទ្ធិ​បញ្ញា​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ត្រៀម​​បោះពុម្ព​ឡើជា​សៀវភៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

 

ចម្រៀង​កម្មសិទ្ធិ​បញ្ញា​​របស់​លោក ស៊ីន ស៊ីសាមុត ​ត្រៀម​បោះពុម្ព​ជា​សៀវភៅ​ឆាប់ៗ

 

បើ​តាម​លោក តុក កុសល តំណាង​ក្រុមការងារ​បោះពុម្ព​សៀវភៅ​នេះ​និយាយ​ថា ពួកគេ​មាន​គោល​បំណង​លើក​កម្ពស់ កម្មសិទ្ធិ​បញ្ញា ពង្រឹង​គុណភាព​តន្ត្រី និង​ចម្រៀង​តាម​លំនាំ​ដើម ហើយ​ក៏​មាន​បញ្ចូល​ជា​អក្សរ​ភ្លេង​ផង​ដែរ។

 

ប្រភព​ដដែល​បន្ត​ថា បច្ចុប្បន្ន​ក្រុម​របស់​លោក​​កំពុង​រត់ការ​ឯកសារ​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប និង​សមាគម ស៊ីន ស៊ីសាមុត នៅ​ឡើយ​។ “ប្រសិន​បើ​ក្រសួង និង​សមាគម​គាត់​អនុញ្ញាត​ហើយ យើង​នឹង​ធ្វើ​ការងារ​នេះ​ភ្លាមៗ​តែ​ម្ដង បើ​មិន​ទាន់​ទេ​យើង​មាន​តែ​រង់ចាំ​សិន”។ តុក កុសល ថ្លែង​មក​កាន់ Sabay។

 

សមាជិក​របស់ បុស្បាមេឌា រូប​នេះ​បន្ថែម​ថា គ្នីគ្នា​របស់​លោក​ក៏​កំពុង​ស្វែង​រក​សប្បុរសជន ដើម្បី​ចូលរួម​ឧបត្ថម្ភ​ក្នុង​ដំណើរ​ការ​នេះ​ផង​ដែរ ទម្រាំ​បាន​ទទួល​ភ្លើង​ខៀវ​ពី​ស្ថាប័ន​ទាំង​ពីរ​ខាង​លើ។ លោក​អះអាង​ថា ថវិកា​របស់​សប្បុរសជន ត្រូវ​ប្រគល់​ជូន​សមាគម ស៊ីន ស៊ីសាមុត និង​​ទ្រទ្រង់​ការ​ចែកចាយ​សៀវភៅ​ដោយ​មិន​គិត​ថ្លៃ​សម្រាប់​មហាជន​ទូទៅ។

 

លោក​ចាត់​ទុក​ថា ការ​ឧបត្ថម្ភ​របស់​សប្បុរសជន​ក្នុង​សកម្មភាព​នេះ មានន័យ​ថា ជា​ការ​​ចូលរួម​ចំណែក​​លើក​ស្ទួយ​កម្មសិទ្ធបញ្ហា និង​​ជីវភាព​គ្រួសារ​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ផង​ដែរ៕

 

អត្ថបទ៖ សំ ជំនាញ