តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នក ទទួលទានអាហារ មានជាតិប្រៃខ្លាំងពេក?

អំបិល (NaCl) មិនត្រឹមតែធ្វើឲ្យ អាហារមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាក៏មានសារៈសំខាន់សម្រាប់ រាងកាយរបស់អ្នក ឲ្យដំណើរការបានប្រក្រតីផងដែរ។ សូដ្យូម (Na) ដែលជាសារធាតុផ្សំដ៏សំខាន់ៗរបស់ អំបិល ជួយសម្រួលសម្ពាធឈាម និងលំហូរឈាម ក៏ដូចជាជួយបញ្ជូនសារ រវាងសរសៃប្រសាទ និងសរសៃសាច់ដុំផងដែរ។ សូម្បីតែ សារធាតុក្លរួ (Cl) ដែលមានក្នុងអំបិលក៏ ជួយដល់ការរំលាយអាហារទៀតផង។ ហេតុនេះ ក្នុងរបបអាហារប្រចាំថ្ងៃ អ្នកត្រូវមានសារជាតិ អំបិល ឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុខភាពឲ្យបានល្អ ដោយរាងកាយមនុស្សម្នាក់ៗ ត្រូវការសារធាតុសូដ្យូម ២០០ មីលីក្រាម ឬប្រមាណ ០.៥ ក្រាម នៃអំបិល ជារៀងរាល់ថ្ងៃ។

ផ្ទុយទៅវិញ ប្រសិនបើអ្នកចូលចិត្តទទួលទាន អំបិល ដែលជាសារជាតិប្រៃខ្លាំងពេក វានឹងផ្តល់ផលប៉ះពាល់ យ៉ាងច្រើនទៅវិញ។ ខាងក្រោមនេះ ជាផលប៉ះពាល់ ដល់សុខភាព ដែលបណ្តាលមកពី ការទទួលទានជាតិប្រៃខ្លាំងពេក ៖ 

១. អតុល្យភាពសារធាតុរាវ និងខូចតម្រងនោម

តុល្យភាព របស់សារធាតុសូដ្យូម ប៉ូតាស្យូម និងសារធាតុរាវ នៅក្នុងរាងកាយ គឺជាតួនាទី និងដំណើរការរបស់ តម្រងនោម។ នៅពេលដែលរាងកាយរបស់អ្នក លើសសារធាតុរាវ នោះតម្រងនោមរបស់អ្នកចាប់ផ្តើមធ្វើដំណើរការ អូស្មូស៊ីស (osmosis) ដើម្បីបញ្ចេញជាតិទឹកដែលលើសចោល។ សារធាតុរាវនោះ នឹងធ្វើដំណើរទៅកាន់ប្លោកនោម រួចចេញបានជា ទឹកនោម។ ដោយសារ ដំណើរការនេះហើយ ទើបសារធាតុសូដ្យូម និងជាតិទឹកមានតុល្យភាព នៅក្នុងឈាម។

នៅពេលដែលអ្នក ទទួលទានជាតិប្រៃខ្លាំង សារធាតុសូដ្យូម នឹងកើនឡើងក្នុងឈាម បង្កជាអតុល្យភាព បណ្តាលឲ្យ តម្រងនោមប្រែជា អសមត្ថភាពមិនអាចទាញយកជាតិទឹក ដែលលើសបានឡើយ។ ជាលទ្ធផល អ្នកនឹងមានបញ្ហា សម្ពាធឈាមខ្ពស់ ដោយសារតែ សរសៃឈាម ដែលធ្វើដំណើរទៅតម្រងនោមរបស់អ្នក លើសជាតិទឹក និងទទួលរងសម្ពាធខ្លាំង។ យូរៗទៅ សម្ពាធក្នុងសរសៃឈាម នឹងធ្វើឲ្យកើតជំងឺ ខូចតម្រងនោម ដែលនឹងមិនអាចបញ្ចេញជាតិពុល និងកាកសំណល់ផ្សេងៗបានប្រក្រតីទៀតឡើយ។

ប្រសិនបើ ជំងឺខូចតម្រងនោម មិនព្យាបាលទាន់ពេល នោះតម្រងនោម នឹងខូចខាតទាំងស្រុង និងមិនអាចត្រងយកជាតិពុលបានតទៅទៀតឡើយ។ ចុងក្រោយ រាងកាយរបស់អ្នកនឹងពុល ដោយសារ ជាតិពុលដែលមិនអាចបញ្ចេញចោលបាន ជាក់ជាមិនខានឡើយ។

២. បំផ្លាញសរសៃឈាម អាកទែ

ជំងឺសម្ពាធឈាមខ្ពស់ត្រូវបានគេ និយាយថាជា “ឃាតករអរូបិយ” ព្រោះតែ ជាធម្មតា វាមិនបញ្ជាក់ពីរោគសញ្ញាអ្វីទេ។ បញ្ហាជំងឺសម្ពាធឈាមខ្ពស់ ដែលបណ្តាលមកពី បរិភោគអាហារមានជាតិប្រៃខ្លាំងនោះ ក៏បានធ្វើឲ្យសរសៃឈាមអាកទែរងសម្ពាធខ្លាំងដូចគ្នា។ ដើម្បីទប់ទល់នឹងសម្ពាធទាំងនោះ សាច់ដុំតូចៗដែលនៅផ្ទៃខាងក្នុង សរសៃឈាមកាន់តែរឹង និងក្រាស់ជាងមុន។ នេះជាហេតុធ្វើឲ្យ ផ្ទៃខាងក្នុងសរសៃឈាមប្រែជា តូចទៅៗ ហើយធ្វើឲ្យសម្ពាធឈាមឡើងកាន់តែខ្ពស់ ដែលអាចនឹងធ្វើឲ្យកើតជំងឺបេះដូង ស្រវាំងភ្នែក ចុកដើមទ្រូង បាត់បង់ការចងចាំ និងលិង្គមិនឡើងរឹង សម្រាប់បុរសៗ ផងដែរ។ សរសៃឈាមអាកទែ អាចស្ទះជិត ទាំងស្រុងក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំ រួចធ្វើឲ្យសរីរាង្គកាយ ខ្វះអុកស៊ីសែន និងសារធាតុបំប៉ន។ ក្នុងករណីនេះ សរីរាង្គរបស់អ្នកនឹងត្រូវបំផ្លាញ ក៏ដូចជាអាចមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ 

៣. គាំងបេះដូង

ការខូចខាត សរសៃឈាមអាកទែ របស់បេះដូង ក៏បណ្តាលមកពីការទទួលទានអំបិល ច្រើនពេកផងដែរ។ ដំបូង វាធ្វើឲ្យឈាមរបស់អ្នក រត់ឡើងទៅដល់បេះដូងបានតិចតួច។ នេះបណ្តាលឲ្យ មានការឈឺចាប់ត្រង់ដើមទ្រូង (ជាពិសេស ឈឺចាប់ខ្លាំងនៅពេលធ្វើសកម្មភាពផ្សេងៗ)។ ករណីនេះ បេះដូងនឹងមិនអាចធ្វើការបានប្រក្រតីឡើយ ក៏ព្រោះតែបេះដូង មិនអាចទទួលអុកស៊ីនសែន និងសារជាតិបំប៉នគ្រប់គ្រាន់។ បន្ថែមពីនេះទៅទៀត ប្រសិនបើអ្នកនៅតែបន្តទទួលទានអាហាររសជាតិប្រៃទៀតនោះ បេះដូង របស់អ្នកនឹងទទួលសម្ពាធកាន់តែធ្ងន់ធ្ងរ រហូតអាចធ្វើឲ្យ សរសៃឈាមអាកទែ របស់បេះដូងផ្ទុះ ឬស្ទះទាំងស្រុងតែម្តង។ ជាលទ្ធផល អ្នកនឹងកើត ជំងឺគាំងបេះដូង។

៤. ដាច់សរសៃឈាមខួរក្បាល

ដោយសារតែ ការចូលចិត្តទទួលទានអាហារដែលមានសារជាតិប្រៃខ្លាំងនេះហើយ ទើបសូម្បីតែ ខួរក្បាលរបស់អ្នក ក៏មិនអាចទទួលបានឈាមគ្រប់គ្រាន់ ពីសរសៃឈាមដែលរត់ទៅខួរក្បាល ដូចជាបេះដូងដែរ។ សញ្ញាណដំបូងគឺ ខួរក្បាលរបស់អ្នក អាចនឹងមានបញ្ហាវង្វេង (គេតែងតែ ហៅថាជា ជំងឺវង្វេង ដែលបង្កឡើងដោយសរសៃឈាម)។ ជាងនេះទៅទៀត ប្រសិនបើមិនបញ្ឈប់ការញ៉ាំអាហារដែល មានរសជាតិប្រៃខ្លាំងទេ ខួរក្បាលរបស់អ្នក នឹងខ្វះឧស្ម័នអុកស៊ីសែន និងសារជាតិបំប៉ន រហូតដល់ខួរក្បាលលែងដំណើរការតែម្តង។ លទ្ធផលគឺ ដាច់សរសៃឈាមខួរក្បាល តែម្តង។

៥. ហើម

ការបរិភោគ សារជាតិអំបិលច្រើនពេក មិនត្រឹមតែធ្វើឲ្យឡើងសម្ពាធឈាមប៉ុណ្ណោះទេ វាផ្តល់ផលប៉ះពាល់ដល់ ផ្នែកផ្សេងៗ នៃរាងកាយផងដែរ។ សារធាតុសូដ្យូមច្រើនហួសហេតុពេក ធ្វើឲ្យរាងកាយ របស់អ្នកហើម និងហើមមួយបែបទៀត ដូចជាលក្ខណៈ ហើមសុទ្ធតែទឹក (ទាចទឹក)។ ការហើម ឬការរីកមាឌនេះ មិនមែនជាអចិន្រ្តៃយ៍ទេ ត្រឹមតែបណ្តោះអាសន្នប៉ុណ្ណោះ។ វានឹងប្រែក្លាយជាធម្មតាវិញ ប្រសិនបើអ្នកកាត់បន្ថយការទទួលទានអំបិល ឬជាតិប្រៃឲ្យតិចជាងមុន៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នក ទទួលទានអាហារ មានជាតិប្រៃខ្លាំងពេក?

តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នក ទទួលទានអាហារ មានជាតិប្រៃខ្លាំងពេក?