កម្លាំង​ចិត្ត​អ្នក​គាំទ្រ​កម្ពុជា ​ជា​កង្វល់​សម្រាប់​គ្រូ​សិង្ហបុរី

លោក Varadaraju Sundramoorthy ​គ្រូ​បង្វឹក​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​សិង្ហបុរី​ដឹង​ច្បាស់​ពី​ចំនួន​អ្នក​គាំទ្រ​នៅ​កម្ពុជា ​ហើយ​វា​ក៏​អាច​ជះ​ឥទ្ធិពល​ខ្លះ​ដល់​ផ្នែក​អារម្មណ៍ ស្មារតី ​របស់​កីឡាករ​​លោក​ផង​ដែរ។​

 

 កម្លាំង​ចិត្ត​អ្នក​គាំទ្រ​កម្ពុជា ​ជា​កង្វល់​សម្រាប់​គ្រូ​សិង្ហបុរីចំនួន​អ្នក​គាំទ្រ​កម្ពុជា

 

កម្ពុជា​នឹង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​សិង្ហបុរី​នៅ​ល្ងាច​ម៉ោង​៦:៣០​នាទី ​នា​ពហុ​កីឡដ្ឋាន​ជាតិ។​ ដោយ​ប្រកួត​នេះ​ទៀតសោត​ត្រូវ​បាន​គេ​ដឹង​ថា​ នឹង​មាន​អ្នក​ចូល​ទស្សនា​យ៉ាង​ច្រើន​កុះករ​ជាក់​ជា​មិន​ខាន ព្រោះ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​របស់​ជម្រើស​ជាតិ សុទ្ធ​តែ​មាន​អ្នក​ចូល​មើល​ច្រើន​រហូត។

 

ហេតុ​ដូច្នេះ​ហើយ ទើប​លោក Sundramoorthy ​និយាយ​ថា​ អ្នក​គាំទ្រ​កម្ពុជា​ពិត​ជា​អស្ចារ្យ ​ហើយ​នេះ​ជា​កម្លាំង​ចិត្ត​មួយ​ដែល​អាច​ជួយ​ដល់​កីឡាករ​ក្រុម​ម្ចាស់​ផ្ទះ​ឱ្យ​រឹត​តែ​ខ្លាំង​ថែម​ទៀត។ “ខ្ញុំ​ដឹង​ថា ​សំបុត្រ​លក់​អស់​ហើយ។ ច្បាស់​ណាស់​ថា​ ប្រកួត​នេះ​នឹង​មាន​អ្នក​ចូល​មើល​ច្រើន ដូច្នេះ​តិច​ក្ដី ច្រើន​ក្ដី ​វា​ប្រាកដ​ជា​មាន​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​កីឡាករ​ខ្ញុំ​មិន​ខាន”។

 

កម្លាំង​ចិត្ត​អ្នក​គាំទ្រ​កម្ពុជា ​ជា​កង្វល់​សម្រាប់​គ្រូ​សិង្ហបុរី

លោក Varadaraju Sundramoorthy

 

គ្រូ​បង្វឹក​ក្រុម​សិង្ហបុរី​ខាង​លើ ​ទើប​តែ​ឡើង​មក​កាន់​តំណែង​ថ្មី​ៗ​នេះ​ទេ ដោយ​ការ​ឡើង​មក​កាន់​តំណែង​នេះ​លោក​បាន​កោះ​ហៅ​កីឡាករ​ថ្មី​ៗ​មក​រួម​ក្រុម​ជា​ច្រើន ហើយ​ក៏​បាន​បោះ​ជំរុំ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ប៉ុន្មាន​ថ្ងៃ​មុន​មក​កម្ពុជា​នេះ​ដែរ។ លោក Sundramoorthy ​ជា​ជន​ជាតិ​សិង្ហបុរី​ ហើយ​លោក​ក៏​ជា​អតីត​កីឡាករ​លេង​នៅ​តំបន់​បម្រើ​ឱ្យ​ក្លឹប FC Basel ​របស់​ស្វីស​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ