នគរ​បាល​ចោទ​ប្រកាន់​​​​​ប្រធាន​​​​​​​​​​​​នាយកដ្ឋាន​​​​​​​​​នគរ​​​បាល​​​​​​ចរាចរណ៍ ​​​​និង​​​​​​សណ្ឋាប់ធ្លាប់​​​​ពីបទ​កិបកេង​

យោងតាមអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា មន្ត្រីនគរបាលនៅនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ដែលគ្រប់គ្រងមន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស បានចោទប្រកាន់មេរបស់ខ្លួនពីបទកិបកេងបក្ខពួកនិយម រំលោភអំណាច និងបទល្មើសផ្សេងៗទៀត។ អង្គភាពប្រឆាំងអំពើពុករលួយបានសង្ខេបបណ្ដឹងអនាមិកប្រឆាំងឧត្តមសេនីយ៍ឯក រុណ រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងការបំភ្លឺយ៉ាងលម្អិតរបស់លោកនៅក្នុងសារមួយដែលខ្លួនបានបង្ហោះលើគេហទំព័ររបស់ខ្លួន។ អង្គភាពនេះចុះផ្សាយការចោទប្រកាន់បែបនេះអមដោយការបំភ្លឺជាប្រចាំ ហើយកាលពីម្សិលមិញ គេមិនច្បាស់ថាតើពាក្យបណ្ដឹងប្រឆាំងលោក រុណ រ័ត្នវាសនា ត្រូវបានស៊ើបអង្កេត ឬយ៉ាងណាឡើយ។ អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា មន្ត្រីនគរបាលបានចោទប្រកាន់ប្រធាននាយកដ្ឋានរូបនេះពីបទយកប្រាក់ចំណូលរដ្ឋដែលបានពីប្រភពផ្សេងៗដាក់ចូលហោប៉ៅខ្លួនឯង ក្នុងនោះរួមមានទាំងចំណែកប្រាក់ផាកពិន័យចរាចរណ៍ប្រមូលបានពីអ្នកបើកបរយានយន្តដែលពួកគេត្រូវទទួលបានផងដែរ។ សារដែលបង្ហោះនោះមានខ្លឹមសារថា “អ្នកប្តឹងចោទប្រកាន់លោក រ័ត្នវាសនា ពីបទរក្សាទុកប្រាក់ប្រហែល៣លានរៀល [ប្រហែល៧៥០ដុល្លារ] បានពីអគ្គស្នងការនគរបាលជាតិទុកជាប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ ព្រមទាំង១០ភាគរយនៃប្រាក់ផាកពិន័យចរាចរណ៍ដែលប្រមូលបាននៅក្នុងរាជធានីភ្នំពេញ និងខេត្តនានាទូទាំងប្រទេសផងដែរ”។ អង្គភាពប្រឆាំងអំពើពុករលួយនិយាយទៀតថា កូនចៅរបស់លោក រុណ រ័ត្នវាសនា ក៏ចោទប្រកាន់លោកថាបានស៊ីដាច់ប្រាក់ថែមម៉ោងដែលជំពាក់នគរបាលចរាចរជាង១០០នាក់ ដែលបានធ្វើការក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរកាលពីឆ្នាំមុន និងព្យាយាមលក់រថយន្ត Mazdaមួយបាំងកន្លះមួយគ្រឿងរបស់នាយកដ្ឋានក្នុងតម្លៃ៣២.០០០ដុល្លារ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។ តាមសេចក្តីរាយការណ៍ថា ពួកគេក៏ចោទប្រកាន់ដែរថា លោកបានដាក់បក្ខពួករបស់ខ្លួនឱ្យទទួលបន្ទុកក្រុមនគរបាលចរាចររបស់នាយកដ្ឋាន និងចេញបទបញ្ជាទាំងការិយាល័យរដ្ឋបាលមិនបានចុះហត្ថលេខាជាមុនត្រឹមត្រូវ។ សាររបស់អង្គភាពប្រឆាំងអំពើពុករលួយមិនបានបង្ហាញថា អ្នកចោទប្រកាន់មានភ័ស្តុតាងអ្វីខ្លះដើម្បីគាំទ្រការអះអាងរបស់ខ្លួនទេ ហើយទាំងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ឆាយ សាវុធ អនុប្រធានអង្គភាពនេះមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ ចំណែកឯអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិក៏មិនអាចទាក់ទងបានដែរ។ ទោះជាយ៉ាងណា សារនេះបានដាក់បញ្ចូលការឆ្លើយបំភ្លឺរបស់ឧត្ដមសេនីយ៍ឯក  រុណ រ័ត្នវាសនា។ វាបញ្ជាក់ថា ប្រធាននាយកដ្ឋានរូបនេះអះអាងថា លោកបានអនុវត្តរាល់វិធានរដ្ឋបាលដែលចាំបាច់ ដោយបដិសេធថា លោកគ្មានសាច់ញាតិធ្វើការក្រោមបង្គាប់របស់លោកនោះទេ ហើយបានអះអាងថា ប្រាក់ដែលគេចោទថាលោកបានកិបកេងពីអគ្គស្នងការនគរបាលជាតិ និងប្រាក់ផាកពិន័យចរាចរណ៍នោះ ត្រូវបានដាក់បញ្ចូលទៅក្នុងថវិកាប្រតិបត្តិការរបស់នាយកដ្ឋានវិញអស់ហើយ។ លោកបានប្រាប់អង្គភាពប្រឆាំងអំពើពុករលួយថា នគរបាលចរាចរមួយចំនួនមិនទាន់ទទួលបានប្រាក់បន្ថែមម៉ោងដែលខ្លួនធ្វើការអំឡុងបុណ្យចូលឆ្នាំថ្មីនៅឡើយទេ ពីព្រោះពួកគេមិនទាន់បានបំពេញលិខិតស្នាមដែលចាំបាច់។ លោកបដិសេធថា លោកមិនបានព្យាយាមលក់រថយន្តរបស់នាយកដ្ឋានទេ។ នៅពេលទាក់ទងតាមទូរស័ព្ទ ឧត្ដមសេនីយ៍ឯក រុណ រ័ត្នវាសនា បានបញ្ជាក់ពីភាពគ្មានទោសកំហុសរបស់ខ្លួន ប៉ុន្តែបដិសេធមិនលើកឡើងលម្អិតអំពីអ្វីដែលលោកបានប្រាប់អង្គភាពប្រឆាំងអំពើពុករលួយនោះទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយបន្ថែមទេ ពីព្រោះខ្ញុំធ្លាប់បានបកស្រាយរួចហើយនៅចំពោះមុខអង្គភាពប្រឆាំងអំពើពុករលួយ។ ខ្ញុំគ្រាន់តែចង់និយាយថា ការចោទប្រកាន់ពីមន្ត្រីក្រោមឱវាទរបស់ខ្ញុំមិនមែនជាការពិតទេ នោះជាមូលហេតុដែលអង្គភាពប្រឆាំងអំពើពុករលួយបានចុះផ្សាយការបំភ្លឺរបស់ខ្ញុំ”។ ទោះជាយ៉ាងណា បន្ទរតាមពាក្យបណ្តឹងអនាមិកនេះ លោក ស […]

The post នគរ​បាល​ចោទ​ប្រកាន់​​​​​ប្រធាន​​​​​​​​​​​​នាយកដ្ឋាន​​​​​​​​​នគរ​​​បាល​​​​​​ចរាចរណ៍ ​​​​និង​​​​​​សណ្ឋាប់ធ្លាប់​​​​ពីបទ​កិបកេង​ appeared first on The Cambodia Daily.