កូន​ភ្លោះ​ជា​សកម្មជន​បរិស្ថាន​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​នៅ​ប្រទេស​ទី​៣

កូន​ភ្លោះ​ពីរ​នាក់​ដែល​ជា​សកម្មជន​បរិស្ថាន និង​ជា​មនុស្ស​ស្និទ្ធស្នាល​នឹង​លោក​បណ្ឌិត កែម ឡី ឈ្មោះ ជុំ ហួរ និង ជុំ ហួត បាន​ទទួល​ឋានៈ​ជា​ជនភៀសខ្លួន​ពី​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) ទៅ​រស់​នៅ​ប្រទេស​ទី​បី​ហើយ ក្រោយ​ពី​មាន​ការ​ជួយ​ជ្រោមជ្រែង​របស់​អង្គការ​សភា​អន្តរជាតិ (IKARE) មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក។

ប្រធាន​អង្គការ​សភា​អន្តរជាតិ លោក សេក កុសល ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ពុធ ទី​២៧ ខែ​កក្កដា ថា មូលហេតុ​ដែល​អង្គការ​លោក​ជួយ​សង្គ្រោះ​យុវជន​ការពារ​បរិស្ថាន​ពីរ​នាក់​បងប្អូន​នេះ ដោយសារ​លោក​ចង់​ឲ្យ​ពួកគេ​បន្ត​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​នៅ​សេសសល់​ពី​គម្រោង​របស់​លោក​បណ្ឌិត កែម ឡី។

យុវជន ជុំ ហួរ និង ជុំ ហួត ជា​សាក្សី​រស់​ដែល​បាន​ជួប​ជាមួយ​លោក​បណ្ឌិត កែម ឡី មួយ​ថ្ងៃ​មុន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​ក្នុង​ទីក្រុង​ភ្នំពេញ។ ពួកគេ​ធ្លាប់​ទាមទារ​ឲ្យ​សមត្ថកិច្ច​ត្រូវ​បង្ហាញ​រូបភាព​ក្នុង​កាមេរ៉ា​សុវត្ថិភាព ដែល​បំពាក់​ក្នុង​ហាង​ស្តារម៉ាត ក្បែរ​ស្តុប​បូកគោ ទី​ដែល​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដើម្បី​បង្ហាញ​ឲ្យ​សាធារណជន​បាន​ដឹង​អំពី​សកម្មភាព​ដែល​ដៃដល់​ធ្វើ​ការ​បាញ់​ប្រហារ​នេះ។

យុវជន ជុំ ហួរ និង ជុំ ហួត បាន​ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​ធ្វើ​ឃាត​លោក កែម ឡី ដោយសារ​ពួកគេ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ប្រាប់​អំពី​រឿងរ៉ាវ​ជា​ច្រើន​ពាក់ព័ន្ធ​ការ​ធ្វើ​ឃាត​លោក​បណ្ឌិត កែម ឡី ដល់​ស្ថានទូត​សហរដ្ឋអាមេរិក រួច​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។