តើយក​ប្រពន្ធ​មក​ដើម្បី​ស្រឡាញ់​ថ្នាក់​ថ្នម​ ឬវាយ​បំបែក​ភ្នែក​ ?

​ខេត្តកណ្តាល : បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អំពើហិង្សា ខណៈដែល​ទើបតែ​រៀបការ​ជាមួយគ្នា​បាន​២​ខែ ត្រូវ​ប្តី​ប្រមឹក ផឹក​ស្រវឹង​វាយ ប៉ោង​ភ្នែក​ម្ខាង ដោយសារ​ខឹង ហៅ​ប្រពន្ធ​ទៅលេង​ផ្ទះ​ឱ​ពុក​ម្តាយក្មេក​ខ្លួន​មិន​ទៅ​។ ករណីនេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​


​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​ឈ្មោះ វី ស្រី​ពៅ អាយុ​២២​ឆ្នាំ មាន​របួសស្នាម ប៉ោង​ហើម ជាំភ្នែក​ស្តាំ​១ កន្លែង (​ប្រពន្ធ​)​។ ជនដៃដល់​ឈ្មោះ ផ្លា​យ សំណាង អាយុ ៣៩ ឆ្នាំ  (​ត្រូវជា​ប្តី​)​។ អ្នក​ទាំងពីរ​មានមុខរ​បរជាកសិក​រ មាន​ទីលំនៅ នៅ​ភូមិ​ឈូក ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ គឺ​ក្នុង​រយ​:​ពេល​ប្រហែល​ពីរ​ខែ​មកហើយ ដែល​ជនសង្ស័យ​បាន​រៀបកា​ជាមួយ​ជនរងគ្រោះ​។ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ ជនសង្ស័យ និង​ជនរងគ្រោះ​បាននាំគ្នា​មកលេង​ផ្ទះ ឪពុកធម៌ ឈ្មោះ ម៉ុ​ល នៅ​ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឫស្សី និង​ស្នាក់នៅ​ទីនោះ​។​


​លុះដល់​ថ្ងៃកើតហេតុ​ជនសង្ស័យ បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​បបួល​ប្រពន្ធ ឈ្មោះ វី ស្រី​ពៅ ទៅលេង​ផ្ទះ​ឪពុក ម្តាយ​របស់ខ្លួន នៅ​ភូមិ​អ​ញ្ជែ​ង​ក្រោម ឃុំ​ពុក​ឫស្សី តែ​ជនរងគ្រោះ ប្រកែក បន្ទាប់មក ក៏មាន​ជម្លោះ​ពាក្យសំដី​ជាមួយគ្នា​។ ភ្លាមនោះ​ជនសង្ស័យ​បាន​ចាប់​បោចសក់​ជនរងគ្រោះ អូស​ចូលទៅ​ក្នុងផ្ទះ ឈ្មោះ ម៉ុ​ល ប្រតាយប្រតប់​គ្នា​។ ពេលនោះ ជនសង្ស័យ បាន​ដាល់​ជាច្រើន​ដៃ ត្រូវចំ​ភ្នែក​ស្តាំ របស់​ជនរងគ្រោះ បណ្តាលអោយ​របួស​ប៉ោង​ហើម​ជាំ ហូរឈាម​។ បន្ទាប់មក ជនរងគ្រោះ បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​ពុក​ឫស្សី​។​


​ក្រោយមក សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ បាន​ចុះ​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ផ្លា​យ សំណាង បញ្ជូនមក​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​សាកសួរ និង​បន្ត​ចាត់ការ តាម​នីតិវិធី​៕​

តើយក​ប្រពន្ធ​មក​ដើម្បី​ស្រឡាញ់​ថ្នាក់​ថ្នម​ ឬវាយ​បំបែក​ភ្នែក​ ?