សាង​ស្នេហ៍​សហាយស្មន់ ប្តី​យក​កូន ប្រពន្ធ​ជ្រើសរើស​យក​ប្រុស​សហាយ

សាង​ស្នេហ៍​សហាយស្មន់ ប្តី​យក​កូន ប្រពន្ធ​ជ្រើសរើស​យក​ប្រុស​សហាយ



ខេត្តបន្ទាយមានជ័យ ៖ បុរស​ស្ត្រី​វ័យ​ស្ទាវ​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បណ្តើរ​ចេញពី​ក្នុង​ឃ្លាំង​ធំ​មួយ​បន្ទាប់​ពី​បុរស​ម្នាក់​ផ្សេង​ទៀត​ដែល​អះអាង​ថា ជា​ប្តី​បាន​តាម​ទាន់ និង​ចោទ​ថា​ ពួក​គេ​បាន​លួច​សហាយ​ស្មន់នឹងគ្នា ។ ហេតុការណ៍​ផិតក្បត់​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលឡើង​កាលពី​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ទី​២៧ កក្កដា នៅ​ភូមិ​បា​លិ​លេ​យ្យ​២ ក្រុង​ប៉ោយ​ប៉ែ​ត ។

បុរស​ស្ត្រី​ដែល​ប្តី​តាម​ទាន់ ហើយ​ចោទ​ថា​សហាយ​ស្មន់នឹងគ្នា​នេះ គឺ​បុរស​ជាប់ចោទ​លួច​សហាយ​ប្រពន្ធ​គេ​ឈ្មោះ ឈើ​យ សុខ​លៀង អាយុ​១៩​ឆ្នាំ ជា​កម្មករ​យាមឃ្លាំង​ខោអាវ​ជជុះ ។ ចំណែក​ស្ត្រី​ដែល​ជាប់ចោទ​ថា ផិត​ប្តី​ឈ្មោះ រដ្ឋ ស្រី​ឌៀប អាយុ​២៤​ឆ្នាំ អតីត​ជា​បុគ្គលិក​កាស៊ីណូ​ផ្នែក​ចែក​បៀរ (Dealer) នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

បុរស​ជា​ប្តី​របស់​ស្ត្រី​ខាងលើ​ឈ្មោះ សៅ មង្គល ​អាយុ​២៧​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​ផ្កាយ​៥ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ។ តាម​បុរស​ជា​ប្តី​បាន​ប្រាប់​ថា ប្រពន្ធ​របស់​ខ្លួន​នេះ តែង​បាត់​ពី​ផ្ទះ​ញឹកញាប់ រូបគេ​ក៏​មានការ​សង្ស័យ​ដែរ តែ​ពុំ​មាន​ភស្តុ​តាង​ណាមួយ​ចោទ​ទាំង​ទទឹងទទែង​បាន​ទេ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ មិត្តភក្តិ​របស់​ខ្លួន​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ឃើញ​ប្រពន្ធ​ក្លើ​ឯង​ដើរ​ចូល​ទៅ​ក្នុង​ឃ្លាំង​ខោអាវ​គីប​។ ពេល​បាន​ទទួល​ដំណឹង​នេះ រូបគេ​ក៏​បាន​បីកូន​ប្រុស​មាន​អាយុ​ជិត​២​ឆ្នាំទៅ​មើល ក៏​ស្រាប់តែ​ឃើញ​ស្បែកជើង​ប្រពន្ធ​នៅ​មុខ​បន្ទប់​មួយ ក្នុង​ឃ្លាំង​ស្តុក​ខោអាវ​គីប​នោះ ។

បុរស​ជា​ប្តី​បន្ត​ថា ដំបូង​មិន​ចង់​វែង​ឆ្ងាយ​ទេ ដោយ​បាន​អង្វរ​សុំ​យកប្រពន្ធ​ពី​ប្រុស សហាយ​នោះ ហើយ​ក៏​អង្វរ​នាង​ឲ្យ​ចេញ​ដើម្បី​ជួប​ដោះស្រាយ​គ្នា ។ ដោយសារ​តែ​ការ​អង្វរ​ពី​ខាងក្រៅ​បន្ទប់ សហាយស្មន់​ទាំង​២​មិន​ព្រម​ចេញ​ជួប ទើប​សម្រេចចិត្ដ​ទាក់ទង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ពួក​គេ​ទាំង​២​តែ​ម្តង គឺ​សមត្ថកិច្ច​ចូល​ទៅ​ក្នុង​ឃ្លាំង​ចាប់​បណ្តើរ​សហាយស្មន់​ទាំង​២​ចេញ​មក​ក្រៅ​នាំ​ទៅ​ដោះស្រាយ ។ នៅ​ចំណុច​កើតហេតុ គេ​ឃើញ​បុរស​ជា​ប្តី​បាន​ឈរ​យំ​ពិតជា​គួរ​ឲ្យ​អាណិត ត្រង់​ចំណុច​នេះហើយ​នឹកឃើញ​ពាក្យ​លោក​បណ្ឌិត កែម ឡី ថា ជួត​ទឹកភ្នែក​របស់​អ្នក​, រួច​បន្តដំណើរ​ទៅ​មុខ​ទៀត​។

នៅ​កន្លែង​កើតហេតុ ស្ត្រី​ដែល​ជាប់ចោទ​ផិត​ប្តី​បាន​និយាយ​ទាំង​ខឹង​ថា ការ​បែកធ្លាយ​នេះ​ដោយសារ​មិត្ដភក្តិ​ប្ដី​របស់​ខ្លួន​ឈ្មោះ ពេជ្រ គឹ​ម​លៀង ជា​អ្នក​ប្រាប់ ក៏​បាន​យក​ទូរស័ព្ទ​គប់​ទៅ​លើ បណ្តាល​ឱ្យ​ត្រូវ​ចំ​កែងដៃ​ខាងស្តាំ នៅ​ពេល​នាង​ត្រូវ​សមត្ថកិច្ច​កំពុង​បណ្តើរ​ចេញពី​ក្នុង​បន្ទប់​ដែល​ជា​ឋានសួគ៌​របស់​នាង និង​គូស្នេហ៍​នោះ ។

មក​ទល់​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល ភ្នាក់ងារអ្នកយកព័ត៌មានយើង​បាន​ព្យាយាម​ជួប​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដោយ​បុរស​ជា​ប្តី​អះអាង​ថា មិន​យក​នាង​ជា​ប្រពន្ធ​វិញ​ទេ គឺ​សុំ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ លើ​ករណី​ផិតក្បត់​តាម​ច្បាប់​ឯក​ព័ន្ធ​ភាព​។ ឆ្លើយ​ទៅ​នឹង​សំណួរ​ស្ត្រី​ខាងលើ​បាន​ប្រាប់​ថា នាង​ក៏​មិន​យក​គាត់​ជា​ប្តី​វិញ​ដែរ សុខចិត្ត​យក​ប្រុស​ស្នេហ៍​ថ្មី​វិញ ហើយ​ក៏​ព្រម​ឲ្យ​កូនប្រុស​ទៅ​បុរស​ជា​ប្តី​ទៀត​ផង ។

ដោយឡែក​ប្រុស​សហាយ​វិញ​អះអាង​ថា ក្រោយ​ចប់​បញ្ហា ខ្លួន​នឹង​សុំ​រៀប​ការ​ឲ្យ​បាន​ត្រឹមត្រូវ​ជាមួយ​ស្ត្រី​ខាងលើ​នេះ និង​នាំ​គ្នា​ទៅ​ចុះ​អេ​តា​ស៊ី​វិល​ឲ្យ​បាន​ត្រឹមត្រូវ​ទៀត​ផង ។

ស្ត្រី​ជា​ប្រពន្ធ​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​នាង​អស់​អាល័យ​ពី​ប្ដី មក​ចាប់​ចិត្តនឹង​ប្រុស​សហាយ​ថា ការ​លួច​ទៅ​រួមមេត្រី​ជាមួយ​ប្រុស​សហាយ​នេះ ដោយសារ​បុរស​ជា​ប្តី មិន​ដែល​ផ្តល់​សុភមង្គល​ឲ្យ​នាង​ឡើយ គឺ​ប្តី​នាង​គ្មាន​ភាព​ផ្អែមល្ហែម «​ក្នុង​សោ​សុវណ្ណ​» ទាល់តែ​សោះ គឺ​ស្នេហ៍​សោះកក្រោះ តែ​នាង​បាន​បដិសេធ​ថា រវាង​ប្ដី​និង​នាង​ជា​ប្រពន្ធ មិន​ដែល​មាន​អំពើ​ហិង្សា​នឹង​គ្នា​ទេ ។

ចំណែក​ប្រុស​សហាយ​បាន​អះអាង​ថា រូបគេ​បាន​ស្គាល់​នាង​តាម​ទូរស័ព្ទ​ចាប់តាំងពី​ដើមខែ​កក្កដា ២០១៦ មក​ម្ល៉េះ ហើយ​ស្ដ្រី​សំណព្វចិត្ត​នេះ តែង​ស្កាត់​ទៅ​រក​ញឹកញាប់​ចាប់ពី​ថ្ងៃ​ទី​១៩ កក្កដា មក ដោយ​ជួប​បាន​គ្នា​តែ​ពេល​ថ្ងៃ ។ លុះ​លើក​នេះ នាង​បាន​ទៅ​រក​ខ្លួន​ដល់​បន្ទប់​នៅ​ម៉ោង​២​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ កក្កដា តែ​ម្ដង ។

មន្ត្រី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា បញ្ហា​ខាងលើ​នឹង​បញ្ជូន​សំណុំរឿង​ទៅ​តាម​សំណើ​របស់​បុរស​ជា​ប្ដី​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

សូម​បន្ថែម​ថា តាម​ការ​សាកសួរ​គឺ​ប្ដី​ប្រពន្ធ​ទាំង​២ មិន​បាន​រៀប​ការ​ធំដុំ​ទេ គឺ​បាន​ត្រឹម​សែនព្រេន​ប៉ុណ្ណោះ ហើយ​ក៏​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ដែរ ។ មិន​ទាន់​ដឹង​ថា តើ​ករណី​នេះ​ច្បាប់​ឯក​ព័ន្ធ​ភាព​នឹង​សម្រេច​បែប​ណា​នៅឡើយ​ទេ ?