បុស្បា ប៉ាន់ បង្ហើរ​សំនៀង​បទស្នាដៃ​កវី គង្គ ប៊ុនឈឿន នៅ​សៀមរាប

ក្រោយ​មក​ដល់​កម្ពុជា​ប្រមាណ ២​សប្ដាហ៍ បាន​ទៅ​ចូល​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​មួយ​នៅ​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​បាន​បង្ហើរ​សំនៀង​ចំនួន​៣​បទ ដែល​មួយ​បទ​ចំណោម​នោះ ជា​ស្នាដៃ​និពន្ធ​ដោយ​កវី​ម្ចាស់​ស្ទឹង​សង្កែ។

 

បុស្បា ប៉ាន់ បង្ហើរ​សំនៀង​បទស្នាដៃ​កវី គង្គ ប៊ុនឈឿន នៅ​សៀមរាប

 

សកម្មភាព​សិល្បៈ​របស់​អ្នក​ចម្រៀង​សំឡេង​គ្រលួច​សូប្រាណូ (Soprano) កម្ពុជា កញ្ញា បុស្បា ប៉ាន់ គឺ​ដើម្បី​ស្វែង​រក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​ធ្វើ​កាល​ពី​យប់​មិញ នៅ​ភោជនីយដ្ឋាន​ម្លិះ​ក្រោម​វត្តមាន​មន្ត្រី​រដ្ឋាភិបាល ពាណិជ្ជករ សិល្បករ​និង​តន្ត្រីករ​បរទេស​ផង​ដែរ។
តាម​អ្នក​រៀប​ចំ​កម្មវិធី បទ​ចម្រៀង​ដែល បុស្បា ប៉ាន់ បាន​យក​ទៅ​ច្រៀង មាន​បទ”ទោះ​យ៉ាង​ណា” សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ក្នុង​នោះ​នាង​ច្រៀង និង​លេង​ហ្គីតា​ផ្ទាល់។

 

បន្ទាប់​មក មាន​បទ ”Mona Lisa” ដោយ​មាន​ការ​ចូល​រួម​លេង​ភ្លេង​ដោយ​តន្ត្រីករ​ព្យាណូ​ជន​ជាតិថៃ និង​ជា​អ្នក​និពន្ធ​បទ​ភ្លេង​ហ្សាស់(Jazz)ដ៏ ល្បី គឺ​លោក សាក់​ស្រ៊ី ប៉ាង​វង្សតារាដន(Saksri Pang Vongtaradon)។ មាន​បទ​ចម្រៀង​ខ្មែរ និង​បច្ចឹម​ប្រទេស​មួយ​ចំនួន​ទៀត ត្រូវ​បាន​ប្រគំ​ក្រោម​វត្តមាន​ភ្ញៀវ​ជា​ច្រើន។

 

ប្រភព​ដែល បញ្ជាក់​ទៀត​ថា អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង គឺ​ការ​បក​ស្រាយ​របស់​អ្នក​ចម្រៀង បុស្បា ប៉ាន់ នូវ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា ”កូន​ស្រី​អ្នក​នេសាទ​នៅ​ភូមិ​បាក់​ព្រា” ដែល​ជា​ស្នាដៃ​និពន្ធ​លោក គង្គ ប៊ុន​ឈឿន ដែល​ទើប​នឹង​ធ្វើ​មរណកាល​ផុត​ទៅ។ បទ​នេះ គឺ​នាង​បកស្រាយ​ចំ​ថ្ងៃ​គម្រប់​១០០​ថ្ងៃ​របស់​អ្នកនិពន្ធ​រូប​នេះ​តែ​ម្ដង។

 

បុស្បា ប៉ាន់ បង្ហើរ​សំនៀង​បទស្នាដៃ​កវី គង្គ ប៊ុនឈឿន នៅ​សៀមរាប

 

ការ​សម្ដែង​របស់ បុស្បា ប៉ាន់ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន។ អ្នក​ចម្រៀង​អូប៉េរ៉ា​កម្ពុជា លោក ឃួន សិទ្ធិ​ស័ក្កិ បាន​ឲ្យ​ដឹង​ថា លោក​អារម្មណ៍​ភ្ញាក់​ផ្អើល​នឹង​ទឹក​ដម​សំនៀង និង​ការ​វិវត្ត​កាន់​តែ​ខ្ពស់​នូវ​ទេពកោសល្យ​របស់ បុស្បា។

 

លោក​ថា បុស្បា ច្រៀង និង​លេង​ភ្លេង​កាន់​តែ​ល្អ​ខ្លាំង​ជាង​មុន ក្នុង​នោះ អ្វី​ដែល​គួរ​ឲ្យ​មោទនៈ គឺ​នាង​អាច​និពន្ធ​បទ​ភ្លេង​បាន​ដោយ​ខ្លួន​ឯង​ថែម​ទៀត។ ប្រការ​នេះ​លោក​ សិទ្ធិស័ក្ដិ សង្កត់​ធ្ងន់​ថា បុស្បា នឹង​ក្លាយ​ជា​ធន​ធាន​មនុស្ស​សំខាន់ និង​មាន​តម្លៃ​សម្រាប់​សង្គម​នា​ពេល​អនាគត។

 

បុស្បា ប៉ាន់ បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២​ខែ​កក្កដា​នេះ​ដើម្បី​ចូល​រួម​កម្មវិធី​សិក្សា​សាលា និង​កម្មវិធី​មួយ​ចំនួន​ទៀត​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប ជាក់​ស្ដែង​ដូច​កម្មវិធី​យប់​មិញ​នេះ​ជា​ដើម។ បេសកកម្ម​របស់​នាង​យប់​មិញ គឺ​ដើម្បី​អង្គាស​មូលនិធិ​ជូន​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ ដែល​ពេល​នេះ ស្ថិត​ក្នុង​ឆ្នាំ​ទី ១៧​ហើយ​របស់​មន្ទីរ​ពេទ្យ​មួយ​នេះ​ដែល​បាន​ផ្ដល់​ការ​ថែ​ទាំ​សុខភាព​ពេញ​លេញ​ឥត​គិត​ថ្លៃ​ដល់​កុមារ​នៅ​កម្ពុជា៕

 

បុស្បា ប៉ាន់ បង្ហើរ​សំនៀង​បទស្នាដៃ​កវី គង្គ ប៊ុនឈឿន នៅ​សៀមរាប

 

បុស្បា ប៉ាន់ បង្ហើរ​សំនៀង​បទស្នាដៃ​កវី គង្គ ប៊ុនឈឿន នៅ​សៀមរាប

 

រូបភាព៖ ផ្ដល់​អោយ​ក្រុម​ការងារ បុស្បា ប៉ាន់