សិរីមន្ត-នី រតនា យក​អំណោយ​​ ១៥,០០០ដុល្លារ ​ជូន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា

ព្រឹក​មិញ​នេះ​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត នី រតនា ក៏​ដូច​ជា​ក្រុម​ការងារ​ Theara Salon​ បាន​នាំ​យក​ថវិកា​​​១៥ ០០០ដុល្លារ ដែល​ចំណេញ​ពី​ការ​ប្រគំ​តន្ត្រី​នៅ​​ប្រទេស​កូរ៉េ​កន្លង​មក យក​ទៅ​ផ្ដល់​ជូន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ នី រតនា មុន​នេះ។​

 

ជួស​មុខ​ឲ្យ​សិល្បករ​ដទៃ​ទៀត​ និង​ក្រុម​ការងារ​​ Theara Shop  នី រតនា ថ្លែង​ថា៖ “បាទ ព្រឹក​មិញ​នេះ​ខ្ញុំ​ បង សិរីមន្ត និង​ក្រុម​ការងារ​របស់​ Theara Salon បាន​យក​ថវិកា​ដែល​ចំណេញ​ពី​ការ​ប្រគំ​តន្ត្រី​​មក​ផ្ដល់​ជូន​ពេទ្យ​គន្ធ​បុប្ផា​ ក្នុង​នោះ​មាន​ជា​ទឹក​ប្រាក់​ចំនួន ១៥,០០០ដុល្លារ ​សម្ភារៈ​ផ្សេងៗ​ទៀត​ដូចជា ខោអាវ ថ្នាំ​សង្កូវ​ ជាដើម​បង។ ការ​ពិត​ត្រូវ​មាន​បង ពេជ្រ សោភា និង​បង​ដេវីត ទៀត​ តែ​ភ្លាមៗ បង​ភា ឈឺ ទើប​ខក​ខាន​មិន​បាន​ចូល​រួម”។

 

សិរីមន្ត-នី រតនា យក​អំណោយ​​ ១៥,០០០ដុល្លារ ​ជូន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា

រូបភាពពីហ្វេស​ប៊ុករបស់​ Bong Lo Hi

ថវិកាដែល​ចំណេញ​​ទាំង​នេះ​​ នី​ រតនា បញ្ជាក់​ទៀត​ថា​ គឺ​ជា​ថវិកា​​មួយ​ផ្នែក​ធំ​ ដែល​​បាន​មក​ពី​ការ​ជួយ​​របស់​បងប្អូន​ខ្មែរ​ដែល​នៅ​ប្រទេស​កូរ៉េ។ លោក​ថ្លែង​ថា ៖ “ពួក​គាត់​ដឹង​ថា​មន្ទីរ​ពេទ្យ​មាន​ការ​ខ្វះ​ខាត ហើយ​ទឹក​ចិត្ត​របស់​ពួក​គាត់​បាន​នាំ​គ្នា​ទិញ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​របស់​ពួក​ខ្ញុំ​ ថែម​ទាំង​ជួយ​ឧបត្ថម្ភ​ក្រៅ​ទៀត​”។

 

កាល​ពី​ថ្ងៃ​ទី ៩​កក្កដា​ វត្ត​មាន ពេជ្រ​សោភា ខេមរ សិរីមន្ត នីរតនា និង​ ងួន ចាន់​ដេវីត​ បាន​ទៅ​សម្ដែង​នៅ​ប្រទេស​កូ​រ៉េ​ ក្រោម​ការ Sponser ពី​ ក្រុម​ហ៊ុន​ Theara Salon ហើយ​ត្រឡប់​មក​វិញ​នៅ​យប់​ថ្ងៃ​ទី​១៣​កក្កដា៕​

 

​អត្ថបទ៖ ថា ម៉ាលីដា