អ្នក​ស្រី ជា សុផល្លា តស៊ូ​ពី​បុគ្គលិក​ធម្មតា រហូត​មាន​ក្រុមហ៊ុន៨

ភាពជោគជ័យរបស់អ្នកជំនួញ សុទ្ធតែកើតចេញពីការតស៊ូ ព្យាយាមឆ្លងកាត់ឧបសគ្គរាប់មិនអស់។ ចំណែកអ្នកស្រី ជា សុផល្លា នាយិកាប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Emerald+ ក៏មិនខុសគ្នាដែរ គឺចាប់ផ្ដើមដំបូងពីបុគ្គលិកធម្មតាម្នាក់ រហូតមានក្រុមហ៊ុន៨ កំពុងដំណើរការដល់សព្វថ្ងៃ។

អ្នក​ស្រី ជា សុផល្លា តស៊ូ​ពី​បុគ្គលិក​ធម្មតា រហូត​មាន​ក្រុមហ៊ុន៨

ជីវិតឯកជន

អ្នកស្រី ជា សុផល្លា មានស្រុកកំណើតនៅរាជធានីភ្នំពេញផ្ទាល់តែម្ដង ទើបមានអំណោយផលស្រាប់ទាំងការសិក្សា និងការធ្វើជំនួញ។ នៅឆ្នាំ១៩៩៨ អ្នកស្រី បានចាប់ផ្ដើមស្គាល់បុរសម្នាក់ឈ្មោះ ឈាង សុភក្ដិ និងមានទំនាក់ទំនងស្វែងយល់ចិត្តគ្នា រហូតសម្រេចចិត្តក្រាបផ្ទឹមរៀបការតាមប្រពៃណីទំនៀមទម្លាប់នៅក្នុងឆ្នាំ២០០៦។ ជីវិតគ្រួសារដ៏មានសុភមង្គលមួយនេះ បង្កើតបានកូនប្រុសម្នាក់ និងស្រីម្នាក់ជាចំណងដៃរហូតដល់ពេលបច្ចុប្បន្ន។

អ្នក​ស្រី ជា សុផល្លា តស៊ូ​ពី​បុគ្គលិក​ធម្មតា រហូត​មាន​ក្រុមហ៊ុន៨

ការសិក្សា

អ្នកស្រី ជា សុផល្លា ធ្លាប់ឆ្លងកាត់បទពិសោធន៍សិក្សាច្រើន មិនថានៅក្នុងប្រទេស ឬនៅក្រៅប្រទេសឡើយ។ បន្ទាប់ពីជោគជ័យលើការសិក្សាបន្តបន្ទាប់តាំងពីកម្រិតបឋមសិក្សា រហូតដល់បរិញ្ញាបត្រ អ្នកស្រីបានបន្តបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងក្នុងឆ្នាំ២០០៤។

ក្រៅពីការសិក្សាខាងលើ អ្នកស្រី ជា សុផល្លា ក៏ធ្លាប់បានឆ្លងកាត់វគ្គបំប៉នជាច្រើននៅក្រៅប្រទេស ដូចជាការគ្រប់គ្រងអចលនទ្រព្យ Property Management នៅប្រទេសសិង្ហបុរី និងវគ្គសិក្សាទាក់ទងនឹងការគ្រប់គ្រងគម្រោង Facilities Planning and Project Management ពីចក្រភពអង់គ្លេស ព្រមទាំងវគ្គសិក្សាក្នុងភាពជាអ្នកដឹកនាំ Global Leadership ពីប្រទេសជប៉ុន។

អ្នក​ស្រី ជា សុផល្លា តស៊ូ​ពី​បុគ្គលិក​ធម្មតា រហូត​មាន​ក្រុមហ៊ុន៨

ប្រវត្តិការងារ

នៅក្នុងឆ្នាំ២០០២ អ្នកស្រី ជា សុផល្លា បានចាប់ផ្ដើមធ្វើការជាជំនួយការគណនេយ្យនៅក្រុមហ៊ុន Istana Import & Export ដែលជាក្រុមហ៊ុននាំចូល និងនាំចេញឡានធំជាងគេ។ ការតស៊ូ និងភាពអំណត់ក្នុងការងារ បានធ្វើឲ្យអ្នកស្រីឡើងតំណែងជាប្រធានគ្រប់គ្រងទូទៅនៅក្រុមហ៊ុនដដែល។ ប៉ុន្តែដើម្បីបទពិសោធន៍ថ្មីក្នុងជីវិត អ្នកស្រីបានសម្រេចចិត្តលាឈប់ពីក្រុមហ៊ុនខាងលើក្នុងឆ្នាំ២០០៦។

ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៥ អ្នកស្រី ជា សុផល្លា បានចាប់ផ្ដើមការងារបន្ទាប់ជាអនុប្រធានផ្នែកគណនេយ្យ Deputy Finance នៅក្រុមហ៊ុន Metfone និងឡើងតួនាទីជាប្រធានផ្នែកលក់ Director of Corporate Sale នៅក្រុមហ៊ុនដដែល។ ទោះយ៉ាងណា អ្នកស្រីគិតថាការធ្វើការឲ្យគេមិនអាចសមប្រកបចំពោះជីវិត ទើបសម្រេចចិត្តលាឈប់ពីការងារទាំងស្រុងក្នុងឆ្នាំ២០១៥ ដើម្បីចាប់ផ្ដើមជំនួញពេញលេញ។

ការបង្កើតជំនួញដោយខ្លួនឯង

ការចាប់ផ្ដើមរកស៊ីមិនមែនជារឿងងាយស្រួលឡើយ ហើយអ្វីដែលត្រូវគិតខ្លាំងបំផុតគឺដើមទុន។ អ្នកស្រី ជា សុផល្លា មានដើមទុនត្រឹមតែ ៣៥០០០ដុល្លារប៉ុណ្ណោះ ដើម្បីចាប់ផ្ដើមបើកក្រុមហ៊ុន ហើយវាជាញើសឈាមដែលអ្នកស្រីខំសន្សំក្នុងនាមជាបុគ្គលិកធម្មតាម្នាក់អស់រយៈពេលជាច្រើនឆ្នាំ។

MOB Corporation គឺជាក្រុមហ៊ុនដំបូងរបស់អ្នកស្រី ជា សុផល្លា ដែលបើកសម្ពោធក្នុងឆ្នាំ២០១៣។ នៅក្នុងឆ្នាំ២០១៤ អ្នកស្រី ជា សុផល្លា បានចាប់ផ្ដើមក្រុមហ៊ុន ២ទៀត ក្នុងនាមជាដៃគូ គឺ 360 Ads & Event Management និង 360 Printing ដែលទទួលបានជោគជ័យបន្តបន្ទាប់ ធ្វើឲ្យអ្នកស្រីមានដើមទុនច្រើនបង្គួរ។

នៅឆ្នាំ២០១៥ សហគ្រិននារីរូបនេះ បានចាប់ផ្ដើមក្រុមហ៊ុន Emerald+ Property ដែលជាក្រុមហ៊ុនចំណាយដើមទុនធំបំផុតក្នុងចំណោមក្រុមហ៊ុនទាំងអស់។ បន្ទាប់មកក្នុងឆ្នាំដដែល អ្នកស្រី ជា សុផល្លា បានចាប់ផ្ដើមបើកហាង The Place Salon Spa មួយទៀត ព្រមទាំងចាប់ផ្ដើមជាដៃគូសហការបើកក្រុមហ៊ុន Emerald Hub។

ភាពជោគជ័យលើក្រុមហ៊ុនទាំង ៦ខាងលើ បានធ្វើអ្នកស្រី ជា សុផល្លា ចាប់ផ្ដើមបើកក្រុមហ៊ុន Emerald Architecture and Land Scaping ព្រមទាំងចាប់ផ្ដើមភាពជាដៃគូក្នុងការបើកក្រុមហ៊ុន Battambong Restaurant & Bar ក្នុងឆ្នាំ២០១៦ នេះទៀត។ សរុបក្រុមហ៊ុនទាំង៨ កំពុងដំណើរការជាធម្មតា។

អ្នក​ស្រី ជា សុផល្លា តស៊ូ​ពី​បុគ្គលិក​ធម្មតា រហូត​មាន​ក្រុមហ៊ុន៨

ជោគជ័យខ្លាំងទទួលបានពាន៣ ក្នុងឆ្នាំ២០១៦

លោកស្រី ជា សុផល្លា ជាស្ត្រីខ្មែរម្នាក់ក្នុងចំណោមស្ត្រីខ្មែរ ១០ នាក់ផ្សេងទៀត ដែលបានទទួលពាន Outstanding ASEAN Women Entrepreneur Award ពីកម្មវិធី ASEAN WOMEN ENTERPRENEURS FORUM លើកទី ២ ឆ្នាំ ២០១៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ការទទួលបានពានរង្វាន់នេះ គឺដោយសារអ្នកស្រី ជា សុផល្លា មានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យជំនួញ ព្រមទាំងមានឯកសារទាក់ទងហិរញ្ញវត្ថុ សញ្ញាប័ត្រ ការងារសង្គមគ្រប់គ្រាន់ បូករួមទាំងការងារលើកកម្ពស់ស្ត្រីជាដើម។

កាលពីចុងខែមិថុនាកន្លងទៅ អ្នកស្រី ជា សុផល្លា បានទទួលពានរង្វាន់ ២ទៀតពីសមាគម Socrates នៅប្រទេសអាល្លឺម៉ង់។ ពានរង្វាន់ទាំង២ នោះគឺ Best Enterprise សម្រាប់ក្រុមហ៊ុនពីប្រទេសកម្ពុជា និង Manager of the year ជាលក្ខណៈបុគ្គល។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានការសហការពីបណ្ដាប្រទេស ចំនួន២៦ នៅលើពិភពលោកដើម្បីចែករំលែកបទពិសោធន៍ និងរៀនបន្ថែមពីគ្នាទៅវិញទៅមក។

ក្នុងបទសម្ភាសន៍ជាមួយ Sabay លោកស្រី ជា សុផល្លា បានរៀបរាប់ថា ការអញ្ជើញឲ្យទៅចូលរួមកម្មវិធីប្រគល់ពានរង្វាន់របស់សមាគម Socrates នៅទីក្រុង BAD EMS ប្រទេសអាល្លឺម៉ង់ គឺជារឿងនឹកស្មានមិនដល់ ព្រោះលោកស្រីមិនធ្លាប់មានទំនាក់ទំនងជាមួយសមាគមនេះទេពីមុនមក។ លោកស្រីបានបន្ថែមទៀតថា សហគ្រិនបរទេសដែលចូលរួមកម្មវិធីខាងលើ មានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីលោកស្រីបានធ្វើបទបង្ហាញពីក្រុមហ៊ុន ក៏ដូចជាប្រទេសកម្ពុជាផ្ទាល់។

អ្នក​ស្រី ជា សុផល្លា តស៊ូ​ពី​បុគ្គលិក​ធម្មតា រហូត​មាន​ក្រុមហ៊ុន៨

មេរៀនជីវិត

បើនិយាយទៅ ក្នុងឆាកជីវិតរបស់អ្នកស្រី ជា សុផល្លា ភាគច្រើនទទួលបានជោគជ័យ គ្មានពាក្យថាបរាជ័យជាដុំកំភួនឡើយ ព្រោះអ្នកស្រីតែងតែយកការព្យាយាមដាក់ខ្លួនជានិច្ច។ អាចចាត់ទុកថាជាមនុស្សមានសំណាងម្នាក់ ព្រោះទាំងការសិក្សា ទាំងការងារ ជំនួញ និងគ្រួសារ មិនទាន់មានបរាជ័យ ដែលអាចរាប់បានថាជាមេរៀនជីវិតឡើយ។

យ៉ាងណាក្ដី អ្នកស្រី ជា សុផល្លា បានបញ្ជាក់ថា ធ្លាប់ឆ្លងកាត់ការលំបាកច្រើន ក្នុងនាមជាស្ត្រីម្នាក់ដែលដាក់ចិត្តលើជំនួញ។ អ្នកស្រី ត្រូវធ្វើកិច្ចការគ្រប់យ៉ាងដែលមនុស្សប្រុសធ្វើ ព្រោះដើម្បីជោគជ័យមុនក្លាយជាសហគ្រិនម្នាក់។ ការព្យាយាមដើរតួនាទីជាមេផង ជាកូនចៅផង គឺអ្នកស្រីធ្លាប់ឆ្លងកាត់ទាំងអស់។

ជាសហគ្រិនធ្លាប់ឆ្លងកាត់បទពិសោធន៍ច្រើន អ្នកស្រី ជា សុផល្លា បានបង្ហាញផ្លូវឲ្យអ្នកចង់ចាប់ផ្ដើមជំនួញក្រោយៗទៀត គិតខ្លាំងទៅលើដើមទុន ព្រោះវាពិតជាមានសារសំខាន់ខ្លាំងណាស់។ លើសពីនេះ ត្រូវមានភាពជឿជាក់ទៅលើដៃគូ ទើបអាចដំណើរការរលូនទៅមុខ។ ចំណែកការតស៊ូពិតជាមិនអាចរំលងបានឡើយ ព្រោះវាហាក់ដូចជាក្បូនរុញច្រានទូកលើជលសាឲ្យលឿនលយឲ្យទៅមុខយ៉ាងដូច្នោះដែរ៕

ប្រភព៖ sabay

  • អ្នក​ស្រី ជា សុផល្លា តស៊ូ​ពី​បុគ្គលិក​ធម្មតា រហូត​មាន​ក្រុមហ៊ុន៨已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: