តុលាការ​ឲ្យ​លោក សម រង្ស៊ី សង​ជំងឺ​ចិត្ត​ទៅ​លោក ហេង សំរិន ១៥០​លាន​រៀល​ពី​បទ​បរិហារកេរ្តិ៍

ចៅក្រម​ជំនុំជម្រះ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍​​នៅ​លើ​ហ្វេសប៊ុក (Facebook) និង​តម្រូវ​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ជា​ទឹក​ប្រាក់​ចំនួន ១៥០​លាន​រៀល ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ព្រឹក​នេះ​ថា ការ​សម្រេច​​ផ្ដន្ទាទោស​លោក សម រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍​​ជា​សាធារណៈ នៅ​ពេល​នេះ គឺ​យោង​លើ​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ។

មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ពី​បទ​បរិហារកេរ្តិ៍​​ជា​សាធារណៈ ថា គ្រប់​ការ​អះអាង​បំផ្លើស ឬ​ការ​ទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត​លើ​អំពើ​ណាមួយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ឬ​កិតិ្តសព្ទ​នៃ​បុគ្គល ឬ​ស្ថាប័ន គឺ​ជា​ការ​បរិហារកេរ្តិ៍។ ការ​បរិហារកេរ្តិ៍​ដែល​ធ្វើ​តាម​មធ្យោបាយ​ណាមួយ​ដូចជា តាម​សំដី លិខិត ឬ​គំនូរ និង​ទូរគមនាគមន៍​សោតទស្សន៍ នៅ​ទី​សាធារណៈ ឬ​នៅ​ក្នុង​សាល​ប្រជុំ​ជាដើម ដែល​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ១​សែន ដល់​១០​លាន​រៀល។

ប៉ុន្តែ​ការ​សម្រេច​របស់​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ នៅ​ថ្ងៃ​ទី​២៨ កក្កដា នេះ គឺ​ផ្ដន្ទាទោស​លោក សម រង្ស៊ី ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ដល់​លោក ហេង សំរិន ចំនួន ១៥០លាន​រៀល រួម​នឹង​ទឹក​ប្រាក់​ចំនួន​១០លាន​រៀល​ទៀត ចូល​ក្នុង​ថវិកា​រដ្ឋ​ផង។

មេធាវី​តំណាង លោក ហេង សំរិន គឺ​លោក គី តិច បាន​ដាក់​បណ្ដឹង​លោក សម រង្ស៊ី ក្រោយ​ពេល​លោក សម រង្ស៊ី បាន​​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ២០១៥ ថា របប​កើត​ឡើង​ក្រោយ​ថ្ងៃ​៧ មករា ១៩៧៩ បាន​ឲ្យ​តុលាការ​របស់​គេ កាត់​ទោស​ប្រហារ​ជីវិត​សម្ដេច​ព្រះ​នរោត្ដម សីហនុ ដោយ​ចោទ​ព្រះអង្គ​ថា ជា​ជន​ក្បត់​ជាតិ។

ចំណែក​អ្នក​ច្បាប់​ធ្លាប់​លើក​ឡើង​ថា បើ​មាន​ការ​កាត់​ទោស​ទ្រង់ ក្នុង​របប​គ្រប់គ្រង​របស់​លោក ហេង សំរិន មែន លោក សម រង្ស៊ី និយាយ​មិន​ខុស​ទេ តែ​បើ​​គ្មាន​ការ​កាត់​ទោស​ទេ លោក សម រង្ស៊ី គួរ​ពន្យល់​ឲ្យ​បាន​ច្បាស់​ថា លោក​បាន​ពាក្យ​សម្ដី​នេះ​មក​ពី​ណា។ ទោះ​ជា​យ៉ាងណា លោក សម រង្ស៊ី ធ្លាប់​អះអាង​ថា លោក​គ្រាន់​តែ​និយាយ​តាម​សម្ដេច ព្រះនរោត្តម សីហនុ ប៉ុណ្ណោះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។