ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​ស្ថិតនៅក្រោម​ការគំរាមកំហែង​

ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​ស្ថិតនៅក្រោម​ការគំរាមកំហែង​ហើយ​សហគមន៍​អន្តរជាតិ​ដូចជា​សហរដ្ឋអាមេរិក​ត្រូវតែ បង្កើន​ការជួយ​ដល់​ប្រទេស​ដ៏​ក្រីក្រ​នេះ​។ នេះ​ជាការ​សន្និដ្ឋាន​រួម​របស់​វាគ្មិន​ដែល​បាន​ចូលរួម​ពិភាក្សា​នៅឯ​មូលនិធិ ហ​រី​ធេ​ក (Heritage)​នៅ​សហរដ្ឋអាមេរិក​។ ការសន្និដ្ឋាន​នេះ​កើតឡើង​ស្រប​ពេលដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុងតែ​ធ្វើទុក្ខបុកម្នេញ​តាមច្រើន​រូបភាព​ឥត​ឈប់​ឈើ​លើ​គណបក្សជំទាស់ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​។​

បើទោះជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ព្យាយាម​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​កំពុងតែ​ដំណើរការ​ទៅមុខ​រលូន​ល្អ​ក៏ដោយ ក៏​ក្រុម​អ្នកជំនាញ​ដែល​បាន​ជួប​ពិភាក្សាគ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារ​បានលើកឡើង​ពី​ការគំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​ដោយសារ​មានការ​បាញ់សម្លាប់​អ្នកវិភាគ​ឯករាជ្យ​គឺ​លោក​កែម ឡី ការ​ដាក់គុក​សកម្មជន​សិទ្ធិមនុស្ស និង​សមាជិក​គណបក្សជំទាស់ ព្រមទាំង​ការបោះឆ្នោតជាតិ​ក្នុងពេល​ខាងមុខ​ត្រូវគេ​វាយតម្លៃថា​នឹង​គ្មាន​ភាពយុត្តិធម៌ តម្លាភាព និង​មិនអាច​ទទួលយកបាន​។​

គួររំលឹកថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្មីៗ​នេះ​បានបញ្ជាក់ រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មិនអាច​សម្រេច​បំណង​មិនល្អ​របស់​ពួកគេ​បានឡើយ ហើយក៏​មិនអាច​បំភ្លៃ​ការពិត​ជុំវិញ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​បានដែរ​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា សាធារណមតិ​ជាតិ និង​អន្តរជាតិ មានការ​ជ្រួតជ្រាប​ជុំវិញ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ពិសេស​តថភាព​សង្គម​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ហ៊ុន សែន ច្រើន​ឆ្នាំ​មកនេះ​ដូចនេះ​គ្មាន​អ្នកណាម្នាក់​អាច​បំភ្លៃ​ការពិត​បានឡើយ​។​

ទន្ទឹមនឹងនេះ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​បណ្ដា​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​លើក​ពី​កង្វល់​របស់គេ ជុំវិញ​ស្ថានភាព​នៅ​កម្ពុជា​គឺ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ពិចារណា​ឡើងវិញ​ចំពោះ​ទង្វើ​របស់ខ្លួន​ព្រោះ​សហគមន៍​អន្តរជាតិ​បានដឹង​ការពិត​អស់​ទៅហើយ​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា បណ្ដា​ប្រទេស​ដែល​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នៅ​កម្ពុជា​មានដូចជា ប្រទេស​ជប៉ុន បារាំង សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​ជាដើម​៕

5 8dbeac0b5b63be83dbcb1da578408e84 3627253A00000578-0-image-a-49_1468232970478