ព្រៃឈើ​នៅ​តំបន់ភ្នំ​ក្រវាញ បន្ត​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​

​សកម្មជន​ព្រៃឈើ​ដែល​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ភ្នំក្រវាញ នៅ​ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និង​កោះកុង បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​កា​ប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​បន្ត​កើតមាន​យ៉ាង​មហន្តរាយ ហើយ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិន​ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​បរិស្ថាន​ការពារ​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​មួយចំនួន គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​និង​ក្រុម​ជនល្មើស​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះទេ​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និង​ខេត្តពោធិ៍សាត់ ក៏ដូចជា​មន្ត្រី​បរិស្ថាន​ដែល​ការពារ​តំបន់​អភិរក្ស ពួកគេ​មិន​យកចិត្តទុកដាក់​ការពារ​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ដោយសារ​តែមាន​ការបើក​ដៃ​ពី​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត ទើប​ឈ្មួញ​និង​ក្រុម​ជនល្មើស​អាច​ចូល​ព្រៃ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​អំពើ​ចិត្ត​។ មានពេលខ្លះ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់​មុខ​ស្នាក់ការ​របស់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​កងរាជអាវុធហត្ថ យោធា និង​នគរបាល​ជាដើម ក៏ប៉ុន្តែ​សមត្ថកិច្ច​ទាំងនោះ​មិន​បង្ក្រាប​បទល្មើស​ឡើយ ហើយ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

សូមបញ្ជាក់ថា​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ គឺជា​តំបន់​ការពារ​ដោយ​ព្រះរាជក្រឹត្យ ក៏ប៉ុន្តែ​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​និង​ក្រុម​ជនល្មើស ហើយ​បើកដៃ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ដឹក​ចេញពី​ព្រៃ​ចូលមក​ខេត្តកំពង់ស្ពឺ ហើយ​យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រក​ព្រែក​ចាក និង​ច្រក​តន់​ហន់​យ៉ាង​រលូន​។ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត ត្រូវបាន​គេ​សង្ស័យថា​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន ទើប​មិន​ចេញ​បទបញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​បង្ក្រាប​បទល្មើស​។ ជាពិសេស​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនត្រូវ​មើលរំលង​ភាព​អសកម្ម​របស់​មន្ត្រី​បរិស្ថាន ទទួលបន្ទុក​ការពារ​តំបន់​ជួរ​ភ្នំក្រវាញ​នោះទេ ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​នោះ កំពុង​បន្ត​កើតមាន​យ៉ាង​រាលដាល​៕

saysamal-620លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន vayo1PH - Copy vayo1PH