មន្ត្រី​គយ និង​កាំកុងត្រូល​ច្រក​គីឡូ​១៣ នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ត្រី​ខូចគុណភាព​តាម​អំពើ​ចិត្ត​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា បទល្មើស​នាំចូល​ត្រី​ខូចគុណភាព​ពី​ប្រទេស​សៀម​តាម​ច្រក​គីឡូ​១៣ ឬ​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​បើកដៃ​ពី​លោក ជា វុទ្ធី មន្ត្រី​គយ​ប្រចាំ​ច្រក​នេះ និង​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​នេះ​ផងដែរ​។ មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​សំពៅ​លូន បាន​លើកឡើងថា​មន្ត្រី​គយ​និង​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​គីឡូ​១៣ គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ដូច្នេះ​លោក ឈុន សុភមង្គល មេ​គយ​ខេត្តបាត់ដំបង និង​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ ជាពិសេស​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​ផងដែរ ព្រោះ​រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ ឈ្មួញ​នាំចូល​ត្រី​ខូចគុណភាព​តាម​ច្រក​គីឡូ​១៣​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​។

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ត្រី​ប្រា ត្រី​ទី​ឡាប់​យ៉ា និង​ត្រី​ត្រសក់ ត្រូវ​ឈ្មួញ​ដឹកជញ្ជូន​ទាំង​រថយន្តៗ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​តំបន់​គីឡូ​១៣ ឬ​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន​។ ភាគច្រើន​នៃ​ត្រី​ដែល​ឈ្មួញ​នាំចូល​នោះ​គឺជា​ត្រី​ខូចគុណភាព ហើយ​ត្រូវគេ​យកទៅ​ធ្វើជា​ណែម​ត្រី សង្វាក់ និង​ប្រហិត​ជាដើម លក់​ចែកចាយ​នៅ​ក្រុង​បាត់ដំបង និង​ទីផ្សារ​នៃ​ស្រុក​មួយចំនួន​។ មន្ត្រី​គយ​និង​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​គីឡូ​១៣ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ត្រី​ខូចគុណភាព​ទាំងនោះ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​មិន​ត្រួតពិនិត្យ​គុណភាព​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​មាន​សេចក្ដី​ព្រួយបារម្ភ​អំពី​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ផងដែរ ព្រោះ​ត្រី​ខូចគុណភាព​មួយចំនួន​ត្រូវគេ​ប្រើប្រាស់​សារធាតុ​គីមី ដើម្បី​ឲ្យ​នៅ​ស្រស់​បានយូរ​ទុក​លក់​ចែកចាយ​លើ​ទីផ្សារ​។

​តាម​ការអះអាង​របស់​មន្ត្រីរាជការ​ក្នុង​ខេត្តបាត់ដំបង មួយចំនួន​ដែល​តាមដាន​បញ្ហា​នេះ​បាន​ឲ្យ​ដឹងថា ត្រី​ខូចគុណភាព​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​គីឡូ​១៣​ក្នុង​មួយថ្ងៃៗ​រាប់សិប​តោន​នោះ ភាគច្រើន​គេ​ដឹកជញ្ជូន​ទៅកាន់​ទីតាំង​ផ្សារ​ប្រហុក​ក្នុងស្រុក​ឯក​ភ្នំ ដើម្បី​កែច្នៃ​ជា​ត្រី​ប្រា​ហើម ហើយ​ត្រី​ត្រសក់​ត្រូវគេ​យកទៅ​ច្នៃ​ធ្វើជា​ណែម​ត្រី​ឬ​សង្វាក់ សម្រាប់​លក់​នៅលើ​ទីផ្សារ​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង បាន​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល ដែលជា​អភិបាលខេត្ត ក៏ដូចជា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង ពិនិត្យឡើងវិញ​អំពី​ករណី​ឈ្មួញ​នាំចូល​ត្រី​ខូចគុណភាព​តាម​ច្រក​គីឡូ​១៣ ព្រោះ​ឈ្មួញ​មិនមែន​យកទៅ​ឲ្យ​ក្រពើ​ស៊ី​ទេ គឺ​គេ​យកមក​លក់​លើ​ទីផ្សារ​សម្រាប់​ប្រជាពលរដ្ឋ​ទិញ​ទៅ​ចំអិន​ទទួលទាន និង​កែច្នៃ​ជា​ផលិតផល​ផ្សេងៗ​ដូចជា ណែម​ត្រី សង្វាក់ និង​ប្រហិត​។ ទន្ទឹមនឹងនេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​គយ​នៅ​ច្រក​តំបន់​គីឡូ​១៣ ឬ​ច្រក​ភ្នំ​ដី​ផងដែរ​ដើម្បី​កុំ​ឲ្យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​៕

Pic161 Pic160