កម្ពុជា​-​វៀតណាម​គ្រោង​សាងសង់​ផ្សារ​តាម​ព្រំដែន​ដើម្បី​ជំរុញ​ផ្នែក​ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត កម្ពុជា និង​វៀតណាម​គ្រោង​សាងសង់​ផ្សារ​គំរូ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដែល​​មា​នទី​តាំងនៅ​ខេត្ត​ត្បូងឃ្មុំ មាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​២​លាន​ដុល្លារ​ជា​ជំនួយ​របស់​ភាគី​វៀតណាម ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ការ​សាងសង់​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-​វៀតណាម រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ដែល​បាន​ធ្វើ​នៅ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​២៧ កក្កដា ម្សិលមិញ​នេះ ។

ថ្លែង​ក្នុង​ពិធី​នោះ លោក ប៉ាន សូ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ៖ « គម្រោង​ផ្សារ​គំរូ​ព្រំដែន​នេះ នឹង​ធ្វើ​ឱ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​នៅ​តាម​ព្រំដែន​មាន​ភាព​សកម្ម​ឡើង និង​អាច​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រួម​នៃ​ប្រទេស​ទាំង​ពីរ​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ។ ទោះបី​យ៉ាងណា លោក​ថា ផ្សារ​គំរូ​ព្រំដែន​នេះ​នឹង​សាងសង់​លឿន​ឬ​យឺត វា​អាស្រ័យ​លើ​ភាគី​វៀតណាម​ដាក់​ដេញថ្លៃ​រក​ក្រុមហ៊ុន​សាងសង់​» ។

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម​បាន​កើនឡើង​២,៣៦% ពី​៣.២៩២​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤ កើន​ដល់​៣.៣៧០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ហើយ​នៅ​ឆ្នាំ​២០១៦​ក្នុង​ខែ​មករា​​កន្លង​ទៅ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម​មានទឹក​ប្រាក់​សរុប​ជាង​១.៥៣០​លាន​ដុល្លារ ។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ ។

លោក Nguyen Cam Tu អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ថ្លែង​ថា វៀតណាម និង​កម្ពុជា​មាន​ព្រំដែន​ជាប់​គ្នា​វែង និង​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​យូរអង្វែង ។ ម្យ៉ាងវិញទៀត​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ក៏​មានការ​កើនឡើង​លឿន​ប្រហែលជា​៩០​ភាគរយ​នៃ​ទំនិញ​ឆ្លងកាត់​តាម​បណ្តា​យ​ព្រំដែន ។ ដូច្នេះ ផ្សារ​គំរូ​នេះ​ជា​លក្ខខណ្ឌ​ល្អ​សម្រាប់​ពាណិជ្ជកម្ម  និង​ត្រូវ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​សម្រាប់​ពាណិជ្ជកម្ម​នេះ ។

លោក​បន្ត​ថា ៖ « នេះ​ជា​ការ​ធ្វើ​ពាណិជ្ជ​-​កម្ម​គំរូ មិន​ត្រឹមតែ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ ដោយ​វា​បាន​ជួយ​ភាគី​ទាំង​ពីរ​ឲ្យ​យល់​ពី​សក្តានុពល​នៃ​ពាណិជ្ជកម្ម​តាម​បណ្តោយ​ព្រំដែន និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​នៅ​តាម​បណ្តោយ​ព្រំដែន ព្រមទាំង​ជួយ​ឲ្យ​ទំនាក់ទំនង​ក្នុង​ការ​លក់​ផលិតផល​ដូច​ជា ផលិតផល​ធ្វើ​ពី​ដៃ និង​ផលិតផល​ផ្សេង​ៗ​ទៀត​របស់​ប្រទេស​ទាំង​ពីរ ហើយ​ក៏​ជា​ជំហាន​ដំបូង​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​នៅ​បណ្តា​ប្រទេស​អាស៊ាន​ផង​ដែរ » ។

គួរ​បញ្ជាក់​ថា បើ​ផ្សារ​គំរូ​ព្រំដែន​ទី​មួយ​នេះ ទទួល​បាន​ជោគជ័យ ភាគី​ទាំង​ពីរ​នឹង​សាងសង់​ផ្សារ​បែប​នេះ​មួយទៀត​នៅ​ខេត្តកំពត ៕