ហួសចិត្ត ! ដេក​លើ​ផ្លូវដែក​ត្រូវ​រថភ្លើង​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម

ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​បាន​រថភ្លើង​កិន​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​កាលពី​វេលា​ម៉ោងជាង​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ចំណុច​ភូមិ​អណ្តូង​ខ្មែរ​(​ហៅ​ភូមិ​ខ្នាច​រុន​) សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

លោក ងឹ​ម វ៉េ​ត អធិការ​នគរបាល​ក្រុង​កំពត បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ដើរទៅ​ចំការ បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ត្រូវ​រថភ្លើង​កិន​ស្លាប់​លើ​ផ្លូវ​រថភ្លើង​នៅ​ចំណុច​ភូមិ​ខាងលើ ក៏​បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អណ្តូង​ខ្មែរ ហើយ​ប៉ុស្តិ៍​ក៏​បាន​រាយការណ៍​បន្ត​មក​សុំ​កម្លាំង​នគរបាល​អធិការ​ក្រុង ដើម្បី​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ភ្លាម​ៗ​នោះ​កម្លាំង​របស់​ក្រុង និង​នគរបាល​ជំនាញ​បច្ចេកទេស​ស្នងការ​នគរបាល​ខេត្ត​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព ។

លោក​អធិការ​ក្រុង​ឲ្យ​ដឹង​ទៀត​ថា បុរស​ដែល​រថភ្លើង​កិន​ស្លាប់​នេះ​ពុំ​មាន​អ្នកស្រុក​នៅ​ក្បែរ​កន្លែង​កើតហេតុ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ សាកសព​មាន​ភិនភាគ​សម្បុរ​ទង់ដែង កំពស់​១​ម៉ែត្រ​៥០​ជាង ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង ពាក់អាវ​ក្រណាត់​យឺត​ដៃ​វែង ពណ៌​ទឹកប៊ិច សក់រួញ ពាក់​ស្បែកជើងផ្ទាត់​ពណ៌​លឿង អាយុ​ប្រហែល​២៦-២៧​ឆ្នាំ ។

លោក​បន្ត​ទៀត​ថា ជន​រង​គ្រោះ​អាច​ស្រវឹងស្រា ហើយ​ដេក​លើ​ផ្លូវ​រថភ្លើង​ពេល​រថភ្លើង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​ស៊ី​ហ​នុម​ក​ដល់​ចំណុច​កើតហេតុ​ចន្លោះ​ម៉ោង​៥​ជាង​ទៀប​ភ្លឺ​ក៏​កិន​ស្លាប់​តែ​ម្តង ។ ការ​សន្និដ្ឋាន​នេះ ដោយ​ឃើញ​សាកសព​នៅ​មាន​ឈាម​ហូរ​ស្រស់​ៗ ។

លោក​អធិការ​ឲ្យ​ដឹង​ទៀត​ថា រថភ្លើង​អាច​កិន​ហើយ​អូស​ជន​រង​គ្រោះ​ចម្ងាយ​ជាង​៤០​ម៉ែត្រ​ពី​កន្លែងដេក ដោយ​ឃើញ​ស្បែកជើង​ជន​រង​គ្រោះ​មួយគូ​នៅ​ឆ្ងាយ​ពី​សាកសព​ដូច​ចម្ងាយ​ខាងលើ ។

ក្រោយ​ពី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច ដោយ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​មិនឃើញ ហើយ​សាកសព​មិន​អាច​ទុក​យូរ​បាន លោក​ឧត្តមសេនីយត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ឋ ស្នងការ​ខេត្ត​បាន​ឯកភាព​ប្រគល់​សាកសព​ឲ្យ​អធិការ​ក្រុង​រៀប​ធ្វើ​ពិធី​និមន្ត​ព្រះសង្ឃ និង​អាចារ្យ​ចាត់ចែង​បូជា​នៅ​វត្ត​ពិជ័យ​ឧត្តុង្គ ហើយ​យក​អដ្ឋិធាតុ​រក្សា​ទុក ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​បន្ត​តាម​ប្រពៃណី ៕