មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ចាំ​យាម​ធុំក្លិន​មិន​ស្រួល

ខេត្តកោះកុង ៖ ​ប្រភព​ពី​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ចាំ​យាម​បាន​បង្ហើប​ឲ្យ​ដឹង​ថា មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ ចាំ​យាម បាន​និង​កំពុង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​យក​អំណាច​ខ្លួន​ស៊ីដាច់​លុយ​កូនចៅ​នោះ​ថែម​ទៀត ។

ប្រភព​បន្ត​ថា បច្ចុប្បន្ន លោក​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម កៅ សា​រ៉ា​ណា ប្រព្រឹត្ត​អំពើ​ពុក​រលួយ កាន់តែ ខ្លាំង​ឡើង​ៗ ហើយ​កំណត់​ឲ្យ​កូនចៅ​រក​ចំណូល​ឲ្យ​ខ្លួន​ក្នុង​មួយ​ខែ​ជាង​១​ម៉ឺន​ដុល្លារ​ឯណោះ ហើយ​ថា​សូ​ម្បី​តែ​លុយ​ប្រថាប់ត្រា ក៏​លោក កៅ សា​រ៉ា​ណា កំណត់​ឲ្យ​កូនចៅ​រក​ឲ្យ​បាន​៤៣​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ សម្រាប់​ខ្លួន​យក​ទៅ​ស៊ីចាយ សប្បាយ​ហ៊ឺហា​ក្នុង ហាង​ខារ៉ាអូខេ បង្អួត​ស្រី​ញី​គួរ​ឲ្យ​ស្អប់ខ្ពើម ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​លុយ​ជាង​១​ម៉ឺន​ដុល្លារ ដែល​លោក​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ ចាំ​យាម​តម្រូវ​ឲ្យ​កូនចៅ​បង់​ជូន​ខ្លួន​នោះ គឺ​បុគ្គល​នេះ​នៅ​ទទួល​បាន​ផលប្រយោជន៍​ជា​ច្រើន​ទៀត​ពី​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច ពន្ធ​និង​ទំនិញ​ខុសច្បាប់​ផង​ដែរ ។

ប្រភព​ពី​មន្ត្រី​ប៉ូលិស​ច្រក​ទា្វរ​អន្តរជាតិ​បាន​សង្កត់ធ្ងន់​ទៀត​ថា លោក កៅ សា​រ៉ា​ណា ពុំ​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ការងារ​ប្រចាំ​ថ្ងៃ នៅ​ច្រក​ទ្វារ​ចាំ​យាម​នោះ​ទេ ប៉ុន្តែ​បុគ្គល​នេះ​បាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ខាងលើ ដោយសារ​យក​អំណាច​ឪពុក​ខ្លួន​មក ធ្វើ​ជា​បង្អែក​ប៉ុណ្ណោះ ។

ដោយឡែក​ប្រភព​មួយទៀត​ក៍បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា មាន​បុគ្គល​ម្នាក់​បាន​ជំពាក់​លុយ​លោក​កៅ សា​រ៉ា​ណា ចំនួន​១៥០០០ ដុល្លារ ប៉ុន្តែ​មក​ដល់​ពេល​នេះ​រឿងរ៉ាវ​ជំពាក់​លុយ​នេះ​បាន​ដោះស្រាយ​គ្នា​បញ្ចប់​ហើយ តែ​អ្វី​ដែល​សំខាន់​នៅ​ត្រង់ ថា​លោក មេ​ប៉ុស្តិ៍ អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​មិនដឹង​យក​ច្បាប់​មក​ពី​ប្រទេស​ណា​ទេ នៅ​ពេល​ដែល​អ្នក​ជំពាក់​លុយ​មិន​ទាន់​សង ប៉ុន្តែ​កូនបំណុល​សន្យា​ថា​នឹង​សង​ជា​លាយលក្ខណ៍អក្សរ​ផង ស្រាប់តែ​ឈ្មោះ កៅ សា​រ៉ា​ណា បាន​បញ្ជា​ទៅ​មន្ត្រី​តុលាការ​ឈ្មោះ​ប៊ុ​ន ធី ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​កូនបំណុល​ដាក់គុក​ដោយ​មិន​បាន​ចេញ​ដីកា​លើក​ទី​១ និង​លើក​ទី​២​នោះ​ទេ ដែល​អ្នក​ច្បាប់​អះអាង​ថា ជា​ការ​បំពាន​នីតិវិធី​ច្បាប់​ទាំងស្រុង ។

យ៉ាងណា​ក៍ដោយ មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ២០១៦ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​តប​នៅឡើយ​ទេពី​លោក កៅ សា​រ៉ា​ណា និង​មន្ត្រី​តុលាការ​ឈ្មោះ ប៊ុ​ន ធី ជុំវិញ​ព័ត៌មាន​ចោទប្រកាន់​ខាងលើ និង​ដែល​ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​និង​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក ។

គេ​នៅ​ចាំ​មើល​ថា តើ​លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​មាន​វិធានការ​បែប​ណា​ទៅ​លើ​មន្ត្រី​ខិលខូច​ពុក​រលួយ​ដូច​ជា​បុគ្គល កៅ សា​រ៉ា​ណា​នេះ ៕

ប្រភព ៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ចាំ​យាម​ធុំក្លិន​មិន​ស្រួល

មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ចាំ​យាម​ធុំក្លិន​មិន​ស្រួល