តួ​ក​គី​ដកហូត​តំណែង​ឧត្តមសេនីយ៍ និង​ឧត្តមនាវី​149​នាក់ និង​កាសែត​45 បិទ​ទូរទស្សន៍​16

ក្រោយ​រដ្ឋប្រហារ​តួ​ក​គី​បន្ត​បង្កើន​ការ​បង្ក្រាប​ពុំ​ធ្លាប់​មាន​ពី​មុន​មក ។ អ្នក​ទទួលខុសត្រូវ​តួ​ក​កី​ម្នាក់​ប្រកាស​នា​ថ្ងៃ​ទី​២៧ កក្កដា ថា ឧត្តមសេនីយ៍ និង​ឧត្តមនាវី​១៤៩​នាក់​បាន​ត្រូវ​ដកហូត​តំណែង ។

អ្នក​ទទួលខុសត្រូវ​រូប​នេះ​បន្ត​ថា ការ​ដកហូត​តំណែង​ទាំងនេះ​ធ្វើ​ឡើង​មុន​ពេល​ប្រជុំ​ក្រុមប្រឹក្សា​យោធា​ជាន់ខ្ពស់​នា​ថ្ងៃ​ទី​២៨ កក្កដា នៅ​ទីក្រុង​អង់កា​រ៉ា ដោយ​មាន​វត្តមាន​របស់​នាយក​រដ្ឋមន្ត្រី​តួ​ក​គី លោក​ប៊ី​ណា​លី យី​ល​ឌី​រី​ម និង​បណ្តា​អ្នក​ទទួលខុសត្រូវ​យោធា​ជាន់ខ្ពស់ ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ធំ​នៃ​កងទ័ព ។

ចាប់តាំងពី​រដ្ឋប្រហារ​មិន​បាន​សម្រេច​ពី​ថ្ងៃ​ទី​១៥ កក្កដា មក ឧត្តមសេនីយ៍​ដល់​ទៅ​១៧៨​រូប ត្រូវ​ចាប់​ឃុំឃាំង​ពោល​មាន​ចំនួន​ពាក់កណ្តាល​នៃ​ឧត្តមសេនីយ៍ ព្រមទាំង​ឧត្តមនាវី​របស់​កងទ័ព ។ នេះ​ជា​តួលេខ​ផ្តល់​ដោយ​ក្រសួងមហាផ្ទៃ ។

ទន្ទឹម​នឹង​នេះ អាជ្ញាធរ​តួ​ក​គី​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៧ កក្កដា បិទ​កាសែត​៤៥ និង​ទូរទស្សន៍​១៦ ។ ចំណែក​ទីភ្នាក់ងារសារព័ត៌មាន​៣ ស្ថានីយ​វិទ្យុ​២៣ ទស្សនាវដ្តី​១៥ និង​អគារ​បោះពុម្ពផ្សាយ​២៩ ក៏​បិទទ្វារ​ដែរ ។ ក្រៅពី​នេះ​មាន​ដីកាចាប់ខ្លួន​ថ្មី​ប្រឆាំង​អ្នកកាសែត​៤៧​នាក់ ។

យោង​តាម​ទូរទស្សន៍​ឯកជន CNN-TURK ថា ពុំ​មាន​បញ្ជី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ទាក់ទិន​ត្រូវ​បាន​ផ្តល់​ឱ្យ​ឡើយ ។ សារព័ត៌មាន​ទាំងនេះ​ភាគច្រើន​នៅ​តាម​ខេត្ត តែ​ក៏​មាន​សារ​ព័ត៌​មាន​ថ្នាក់​ជាតិ​មួយ​ចំនួន​ដែរ ។ ទីភ្នាក់ងារ​ព័ត៌មាន CIHAN ស្ថិត​ក្នុង​ចំណោម​សារព័ត៌មាន​ត្រូវ​បិទ​រួម​ទាំង​ទូរទស្សន៍​ស្និទ្ធ​ឃើ​ត IMC TV និង​កាសែត​ប្រឆាំង TARAF ៕