តុលាការ​ពិន័យ​ឯ​.​ឧ សម រង្ស៊ី ឲ្យ​បង់​ថវិកា ១៥០​លាន​រៀលដល់​​សម្តេច ហេង សំរិន​ និពន្ធដោយ : រឿន ភារុន       July-28-2016, 1:47 pm         520

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តុលាការ​ពិន័យ​ឯ​.​ឧ សម រង្ស៊ី ឲ្យ​បង់​ថវិកា ១៥០​លាន​រៀលដល់​​សម្តេច ហេង សំរិន​​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ពិន័យ​ឯកឧត្តម សម រង្ស៊ី ឲ្យ​បង់​ថវិកា​ចំនួន​១០​លាន​រៀល​ជូន​រដ្ឋ និង​សង​សំណង​ជំងឺ​ចិត្ត​ចំនួន ១៥០​លាន​រៀល​ជូន​សម្តេច ហេង សំរិន  ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​ជំនុំជម្រះ លើ​សំណុំរឿង​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ ខណៈ​ឯកឧត្តម សម រង្ស៊ី និង​មេធាវី​អវត្តមាន​ក្នុង​សវនាការ​តុលាការ​។​

​អ្នកនាំពាក្យ​របស់​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាន់​ណា បាន​ប្រាប់​សារព័ត៌មានថ្មីៗ តាមរយៈ Telegram ក្រោយ​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​ករណី​បរិហារកេរ្តិ៍​លើស​ម្តេច ហេង សំរិន នៅ​ថ្ងៃទី​២៨ ខែកក្កដា​នេះ​ថា លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ បានសម្រេច​ផ្តន្ទា​ទោសពិន័យ​ឯកឧត្តម សម រង្ស៊ី ចំនួន​១០​លាន​រៀល​ជូន​រដ្ឋ និង​សង​សំណង​ជំងឺ​ចិត្ត​សម្តេច​ហេង សំរិន ចំនួន​១៥០​លាន​រៀល​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ សារព័ត៌មាន​ថ្មីៗ​ពុំ​អាចទាក់ទង​មេធាវី​របស់​ឯកឧត្តម សម រង្ស៊ី ដើម្បី​សុំ​ការបំភ្លឺ​បន្ថែម​នោះទេ​។​

​គួរ​ជម្រាប​ថា កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ឯកឧត្តម សម រង្ស៊ី បាន​រិះគន់​របប​នៃ​ការកើត​ថ្ងៃ​៧​មករា ១៩៧៩ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា របប​រដ្ឋ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច ហេង សំរិន បាន​បង្គាប់​តុលាការ​ឲ្យ​កាត់ទោស​ប្រហារជីវិត​សម្តេចព្រះ នរោត្តម សីហនុ ដោយ​ចោទ​ព្រះអង្គ​ជា​ជន​ក្បត់ជាតិ​។​

​ករណីនេះ ត្រូវបាន​លោក គី តិច មេធាវី​តំណាង​របស់​សម្តេច ហេង សំរិន ប្តឹង​ឯកឧត្តម សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍​សាធារណៈ ដោយ​ចោទថា ការផ្សព្វផ្សាយ​នេះ​ពុំបាន​ឆ្លុះបញ្ចាំង​ពី​ការពិត និង​គ្មាន​ឯកសារ​ច្បាស់លាស់​។ តុលាការ​ភ្នំពេញ បាន​ចោទប្រកាន់​ឯកឧត្តម សម រង្ស៊ី ពីបទ​បរិហាកេរ្តិ៍​សាធារណៈ តាម​បណ្តឹង​ខាងលើ​។​

​ក្រៅ​ពីបទ​ចោទ​ខាងលើ ឯកឧត្តម សម រង្ស៊ី ដែល​កំពុងស្ថិត​នៅក្រៅ​ប្រទេស​នោះ ក្នុងនោះ រួមមាន ទី​១. បទ​សមគំនិត​ក្នុង​អំពើ​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ង្គ​ម ។ ទី​២. បទ​បរិហារកេរ្តិ៍ លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស ដែល​ឯកឧត្តម សម រង្ស៊ី ចោទប្រកាន់​លោក ហោ ណាំហុង ថា បាន​ឃុបឃិត​ជាមួយ​ក្រុមខ្មែរក្រហម ពេលដែល​លោក ហោ ណាំហុង នៅជាប់​ក្នុង​ពន្ធនាគារ​បឹងត្របែក​។ ទី ៣ រឿងក្តីក្តាំទាក់នឹង​បទ​បរិហារកេរ្តិ៍ ដែល​ប្តឹង​ដោយ​លោក សោម សឿន រដ្ឋមន្រ្តីអមនាយក​រដ្ឋមន្រ្តី ដោយ​សារ​ឯកឧត្តម សម រង្ស៊ី លើ​កឡើង​ថា លោក សម សឿន ឲ្យមន្រ្តីរាជ​ការ កងកម្លាំង​ប្រដាប់​អាវុធ បង្កើត​ហ្វេសប៊ុកសប្បនិមិត្ត​ចុច​Like ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន៕