ដី​ចំណី​ស្ទឹង​ព្រៃ​ប្រស់​ត្រូវ​ឈ្មួញ​ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន​

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កំពុង​បង្ហាញ​នូវ​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​នៅពេល​ដែលមាន​ឈ្មួញ​ចាក់ដី​រំលោភ​យក​ចំណី​មាត់​ស្ទឹង​ព្រៃ​ប្រស់ ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន ហើយ​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា ស្ទឹង​ព្រៃ​ប្រស់​ដែលជា​ស្ទឹង​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​ក្នុង​ខេត្តកំពង់ធំ កំពុង​ត្រូវ​ឈ្មួញ​ទន្ទ្រាន​កាន់កាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ស្ទឹង​យ៉ាងខ្លាំង​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឡើយ​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា​តាម​ដែល​ពួកគាត់​ដឹង​គឺ​ឈ្មួញ​នៅ​ភ្នំពេញ បាន​ទិញ​ដី​មាត់​ស្ទឹង​ពី​ឈ្មោះ សួន ឡុ​ញ អតីត​មេឃុំ​ត្បែង ហើយ​បច្ចុប្បន្ន​លោក សួន ឡុ​ញ រស់នៅក្នុង​ភូមិ​បាគង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ ឈ្មួញ​បាន​ចាក់ដី​រំលោភ​យក​ចំណី​មាត់​ស្ទឹង​ព្រៃ​ប្រស់​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ទាំង​មេឃុំ​ថ្មី ទាំង​អភិបាលស្រុក​កំពង់ស្វាយ នាំគ្នា​ធ្វើ​មិនដឹងមិនឮ​អ្វី​ឡើយ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្បែង បាន​រិះគន់​ថាបើ​គ្មាន​ការ​បើកដៃ​ពី​មេឃុំ​ត្បែង និង​ពី​អភិបាលស្រុក​កំពង់ស្វាយ​ទេនោះ គឺ​ឈ្មួញ​មានអំណាច​មិនអាច​ចាក់ដី​រំលោភ​យក​តំបន់​រមណីយដ្ឋាន​ស្ទឹង​ព្រៃ​ប្រស់​បានឡើយ មានន័យថា អ្វីៗ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។

​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ បាន​អំពាវនាវ​ឲ្យ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ឈ្មួញ​ចាក់ដី​លុប​រមណីយដ្ឋាន​ស្ទឹង​ព្រៃ​ប្រស់​តាម​អំពើ​ចិត្ត​ទៀត ព្រោះ​អាចធ្វើ​ឲ្យ​ស្ទឹង​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​នេះ ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​ឈ្មួញ​គ្រប់គ្រង​។ សកម្មភាព​ឈ្មួញ​ចាក់ដី​លុប​ស្ទឹង​ព្រៃ​ប្រស់​កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​តាម​បណ្ដា​ភូមិ​នានា​ក្នុង​ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​អ្នកសារព័ត៌មាន​មួយចំនួន​ក៏​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដែរ​។ នៅពេល​អ្នកសារព័ត៌មាន​និង​ប្រជាពលរដ្ឋ​ទៅពិនិត្យ​សកម្មភាព​ឈ្មួញ​ប្រើ​គ្រឿងចក្រ ឈូសឆាយដី និង​ចាក់ដី​លើ​ចំណី​មាត់​ស្ទឹង​ព្រៃ​ប្រស់​នោះ គឺ​អ្នកបើកបរ​គ្រឿងចក្រ​ក៏​ប្រញាប់ប្រញាល់​បើក​គ្រឿងចក្រ​ចេញពី​ទីតាំង​ចាក់ដី​យ៉ាង​តក់ក្រហល់​តែម្តង​៕

13728343_165372647217037_1782990523_o អន1-618x318លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ