សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ជា​ថ្នាក់ដឹកនាំ រាជធានី​-​ខេត្ត

រាជធានីភ្នំពេញ ៖ នៅព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ទទួល​ជួប​សំណេះ សំ​ណា​ល​ជាមួយ​មន្ត្រី​មួយ​ចំនួន ជា​ថ្នាក់ដឹកនាំ​រាជធានី​-​ខេត្ត​។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ សម្តេច​ភក្តី បាន​ថ្លែង​នូវ​អំណរ​សរសើរ ចំពោះ​មន្ត្រីរាជការ ជា​ថ្នាក់ដឹកនាំ​នៅ​រាជធានី​-​ខេត្ត ទាំងអស់ ដែល​កន្លង​មក​បាន​ខិតខំ និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​សេដ្ឋកិច្ច​-​សង្គម រួមចំណែក​ធ្វើ​ឲ្យ​ការ​អនុវត្តន៍​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​យុទ្ធសាស្ត្រ​ចតុកោណ តំណាក់កាល​ទី​៣ បាន​ប្រកប​ទៅ​ដោយ​លទ្ធផល​ផ្លែផ្កា​ល្អ និង​ជោគជ័យ​។

សម្តេច​បាន​លើកទឹកចិត្ត​ឲ្យ​មន្ត្រីរាជការ​ទាំងអស់ ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ចូលរួម​កិច្ចការ​សង្គម កិច្ចការ​សាធារណៈ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។ ហើយ​បន្ត​ទៅ​មុខ​ទៀត​នេះ ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការ​ជួយ​ជម្រុញ ប្រជាពលរដ្ឋ​គ្រប់​រូប​ឲ្យ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​ទៅ​បោះ​ឆ្នោត ដើម្បី​ជ្រើសរើស​បេក្ខជន​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ តំណាង​គណបក្ស​នយោបាយ ដែល​ខ្លួន​ពេញចិត្ត... និង​ចំណុច​សំខាន់​ចុង​ក្រោយ គឺ​ពង្រឹង​ធ្លុង​សាមគ្គីភាព​ផ្ទៃក្នុង និង​ក្នុង​ជួរ​ប្រជាជន ដោយ​មិន​រើសអើង ឬ​ប្រកាន់​និន្នាការ​អ្វី​នោះ​ឡើយ ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ភក្តី ក៏​បាន​អញ្ជើញ​មន្ត្រី និង​ក្រុមការងារ​ទាំងអស់​គ្នា ចូលរួម​ពីសារ​អាហារ​ថ្ងៃត្រង់ ជាមួយ​គ្នា​ប្រកបដោយ​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​ជាទី​បំផុត ៕