រថយន្ត​ទួ​រី​ស​ក្រុមហ៊ុន ​វី​រៈ ប៊ុ​ន​ថាំ ​បុក​រថយន្ត​ដឹក​ខ្សាច់​របួសស្រាល​-​ធ្ងន់​10​នាក់

រថយន្ត​ទួ​រី​ស​ក្រុមហ៊ុន ​វី​រៈ ប៊ុ​ន​ថាំ ​បុក​រថយន្ត​ដឹក​ខ្សាច់​របួសស្រាល​-​ធ្ងន់​10​នាក់



ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​ដឹក​អ្នកដំណើ​ប្រភេទ​១៤​កៅអី​មួយ​គ្រឿង បាន​បុក​ជាមួយ​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​យ៉ាង​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ២០១៦ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ថ្នល់​បត់ ឃុំ​ប្ញ​ស្សី​ក្រាំង ស្រុក​មោង​ប្ញ​ស្សី​បណ្ដាល​ឱ្យ​អ្នកដំណើរ​ប្រុស​-​ស្រី​១០​នាក់​រង​ របួសធ្ងន់​-​ស្រាល ។

មន្ត្រី​នគរបាល​ស្រុក​មោង​ប្ញ​ស្សី​បានឱ្យ​ដឹង​ថា រថយន្ត​ទួ​រី​ស​១៤​កៅអី​ខាងលើ​ជា​រថយន្ត​របស់​ក្រុមហ៊ុន​វី​រៈ ប៊ុ​ន​ថាំ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK-2615 ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តបាត់ដំបង ។ សមត្ថកិច្ច​បាន​និយាយ​ថា រថយន្ត​នេះ​បាន​បើក​ក្នុង​ល្បឿន​លឿន ហើយ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឱ្យ​ អ្នកដំណើរ​ប្រុស​ស្រី រួម​ទាំង​អ្នកបើកបរ​ផង​បាន​រង​របួស ។ រីឯ​រថយន្ត​ដឹក​ខ្សាច់​បាន​បើក​គេច​បាត់​ស្រមោល​ភ្លាម​ៗ​ដែរ ។

ក្រោយ​ពេល ​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ជួយ​ដឹក​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ រីឯ​រថយន្ត​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ការិយាល័យ​ចរាចរណ៍​ខេត្ត ដើម្បី​ដោះស្រាយ​បន្ត ៕