ព្រះសង្ឃ ប៊ុត ប៊ុនតិញ ចេញក្រៅប្រទេសដោយថាបារម្ភពីសុវត្ថិភាព

ព្រះតេជគុណប៊ុត ប៊ុនតិញ ដែលស្និទនឹងលោកបណ្ឌិត កែម ឡី អះអាងថា ព្រះអង្គកំពុងស្នាក់នៅក្រៅប្រទេសមួយរយៈ ដោយអះអាងថា បារម្ភពីសុវត្ថិភាព និងថាមានគេតាមរំខានដល់កន្លែងធ្វើការរបស់ព្រះអង្គ។

ព្រះតេជគុណប៊ុត ប៊ុនតិញ ប្រាប់VODនៅព្រឹកថ្ងៃនេះតាមបណ្ដាញសង្គមថា ព្រះអង្គកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសថៃ ដើម្បីព្យាបាលសុខភាព ក្រោយពីមានការនឿយហត់ ពីការរៀបចំពិធីបុណ្យសពលោក បណ្ឌិត កែម ឡី និងជាការទៅតាមការណាត់ជួបពីក្រុមគ្រូពេទ្យ នៅប្រទេសថៃនោះ។ ប៉ុន្ដែព្រះអង្គថា ការភៀសព្រះកាយនេះ ក៏ដើម្បីបញ្ចៀសការរំខានរបស់មនុស្សមួយចំនួនដែលតាមសាកសួរព្រះអង្គនៅកន្លែងធ្វើការនៅប្រទេសកម្ពុជា ប៉ុន្ដែព្រះមិនបានបញ្ជាក់ថា ជាសមត្ថកិច្ចឬជាជនស៊ីវិលនោះទេ។

ទោះជាយ៉ាងនេះក្តី ព្រះអង្គអះអាងថា នឹងវិលត្រឡប់មកកាន់ស្រុកកំណើត។

មុនពេលចាកចេញពីកម្ពុជា ព្រះតេជគុណ ប៊ុត ប៊ុនតិញ អះអាងថាព្រះអង្គបានទទួលទូរស័ព្ទពីជនមិនស្គាល់អត្តសញ្ញាណម្នាក់នៅថ្ងៃទី២៦ខែកក្កដានេះ ដោយអះអាងថារូបគេជានគរបាល ហើយប្រាប់ព្រះអង្គថាមានសមត្ថកិច្ចកំពុងតាមរកព្រះអង្គ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុអ្វីទេរួចបិទទូរសព្ទវិញ។

ព្រះអង្គមានសង្ឃដីកាថា៖ “ទទួលទូរស័ព្ទតាំងពីម៉ោង៧ព្រឹកនេះថា គាត់ជាប៉ូលីសគាត់អាណិតគាត់ស្រលាញ់ហើយគាត់ប្រគេនដំណឹងមកតេជគុណ សុំឲ្យតេជគុណរកកន្លែងមានសុវត្ថិភាពទៅ ព្រោះឥឡូវនេះខាងប៉ូលីសគេតាមដានរកតេជគុណហើយ។ … អត្មាគិតតាមឧត្តមបណ្ឌិតរបស់លោក កែម ឡី ដែលថា យើងរស់នៅស្រុកមួយដែលមានខ្លា មានសត្វសាហារវមានពស់វែកអីច្រើន យើងខំប្រឹងគេចទៅណាក៏គេចមិនរួចដែរ ពិបាកនឹងគេចណាស់ បើគេចង់ចាក់គេចង់ខាំវាងាយស្រួលសម្រាប់គេទេ ព្រោះយើងឋិតក្នុងទីតាំងមួយដែលគេអាចធ្វើបាបយើងបានគ្រប់ពេល”។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ បន្តថាព្រះអង្គមានការបារម្ភខ្លះដែរពីសុវត្ថិភាព តែព្រះអង្គថាទោះ ជាចង់ គេចទៅណាក៏មិនរួចដែរបើសមត្ថកិច្ចចង់ចាប់ព្រះអង្គនោះ។

VOD មិនអាចទាក់ទងសមត្ថកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីសាកសួរបានភ្លាមៗនៅឡើយទេ។ ប៉ុន្ដែអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ធ្លាប់បានបដិសេធពីដំណឹងដែលថា សមត្ថ កិច្ចតាមរកចាប់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដោយលោកថាមិនមានហេតុផលណាដែលសមត្ថ កិច្ចត្រូវការតាមរកព្រះអង្គនោះទេ។ លោកមានប្រសាសន៍ថា៖ “សូមព្រះអង្គគិតឡើង វិញមើ លថា ក្រែងលោ វាមិនមែនសមត្ថកិច្ចឬមួយយ៉ាងម៉េចយ៉ាងម៉ា ហីក៏អ្នកដទៃបើជា សមត្ថកិច្ច គ្មានទេ!”។លោកបានបន្ថែមថា បើមានការគំរាមណាមួយដល់ព្រះអង្គ សូមព្រះអង្គនិមន្តទៅប៉ុស្តិ៍ប៉ូលីស ណាដែលនៅក្បែរព្រះអង្គដើម្បីទទួលបានការការពារ។

លោកថា៖ “យើងការពារគ្នាទាំងអស់ កាលណានៅក្បែរៗព្រះអង្គ មើលៗព្រះអង្គផង។ បើយើងដាក់សមត្ថកិច្ចទៅថាធ្វើការគំរាមអីលោក បើលោកមិនស្នើសុំ”។

ក្រោយពីមានការបាញ់សម្លាប់លោក កែម ឡី ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថាមានគេកំពុងតាមដានព្រះអង្គ។ បន្ទាប់ពីមានការបាញ់សម្លាប់លោក កែម ឡី មនុស្សមួយចំនួនដែលធ្លាប់ធ្វើការស្និទ្ធជាមួយលោកកែម ឡី បានចាកចេញពីប្រទេសកម្ពុជាដូចជាព្រះតេជគុណ សាន សុជា និងកូនភ្លោះ ជុំ ហួត ជុំ ហួរ ជាដើម៕

ប្រភព៖ VOD


Related Posts