E-Sports អន្តរជាតិ​​ចាប់​ដៃ​គូ​ជា​មួយ​ Alisports កំណត់​គោល​ដៅ​សំខាន់​៣​

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ (IeSF) ​បាន​ប្រកាស​ចាប់​ដៃ​​គូ​ជា​​ផ្លូវ​ការ​ជា​មួយ​​​ស្ថាប័ន​កីឡា​ Alibaba Sports Group ​​ហៅ​កាត់​ Alisports ​ដែល​ព្រឹត្តិការណ៍​នេះ​បាន​រៀប​ចំ​ឡើង​​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០១៦។

 

ស្ថាប័ន​ Alisports នុង​​ IeSF ​បាន​ជួប​គ្នា​ជា​លើក​ដំបូង​កាល​ពី​ដើម​ឆ្នាំ​នេះ​នៅ​ទី​ក្រុង​ប៉េកាំង​​ប្រទេស​ចិន​​ហើយ​ក៏​មាន​ការ​ទំនាក់ទំនង​គ្នា​រហូត​ឈាន​ដល់​​សហការ​គ្នា​ជា​ដៃ​ បន្ទាប់​ពី​មាន​ឆន្ទៈ​រួម​គ្នា។

 

E-Sports អន្តរជាតិ​​ចាប់​ដៃ​គូ​ជា​មួយ​ Alisports កំណត់​គោល​ដៅ​សំខាន់​៣​លោក  Zhang ជា​ CEO ​របស់ Alisports (ឆ្វេង​ទី២) និង​លោក Jun, Byung-Hun ប្រធាន​ IeSF (ស្តាំ​ទី២)

 

ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ​ អង្គភាព​ទាំង​ពីរ​បាន​ហៅ​​កិច្ច​សហការ​នេះ​ថា​​ជា​ «ដៃ​គូ​យុទ្ធ​សាស្ត្រ​​ផ្តាច់​មុខ»​ដែល​បង្កប់​ដោយ​គោល​បំណង​សំខាន់​​រួម​គ្នា​៣។ ទី​១៖ ភាគី​ទាំង​ពីរ​ចង់​មាន​កម្មវិធី​ប្រកួត​មួយ​ដែល​​អត្តពលិក​ e-Sports​ ទាំង​ស្ម័គ្រ​ចិត្ត​ និង​អាជីព​អាច​ចូល​រួម​ប្រកួត​បាន។ ចំណុច​នេះ​មាន​ន័យ​ថា​ IeSF គាំទ្រ​ពេញ​ទំហឹង​ចំពោះ​គំនិត​ផ្តួច​ផ្តើម​ព្រឹត្តិការណ៍​ប្រកួត​​ WESG Game Series។ ទី​២៖ ​ភាគី​ទាំង​ពីរ​នឹង​ធ្វើ​ការ​រួម​គ្នា​​ដើម្បី​ជំរុញ​​​កីឡា​ E-Sports ​ឲ្យ​​​គេ​ទទួល​ស្គាល់​ជា​កីឡា​មួយ​​ប្រភេទ​ទូទាំង​ពិភព​លោក​ និង​ទី​៣៖ ភាគី​ទាំង​ពីរ​នឹង​បង្កើត​ IP តែ​មួយ។

 

សហព័ន្ធ​ IeSF ​នឹង​គាំទ្រ​ការ​ប្រកួត​ World Electronic Sports Games  (WESG) ពិភព​លោក​​ ដែល​រៀប​ចំ​ដោយ​Alisports ​និង​ជា​ប្រយោជន៍​ដល់​​អត្តពលិក​ e-Sports អ្នក​គាំទ្រ​ និង​មន្ត្រី​កីឡា​អេឡិចត្រូនិក។ នាយក​ប្រតិបត្តិ​ Alisports លោក​ Zhang Dazhong ​បាន​​លើក​ឡើង​ថា ៖«ក្នុង​នាម​ជា​ស្ថាប័ន​អាជ្ញាធរ​អន្តរជាតិ​​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ សហព័ន្ធ​ IeSF ​បាន​ប្តេជ្ញា​ចិត្ត​​ផ្សព្វផ្សាយ​​ចលនា​កីឡា​ e-Sports​ ឲ្យ​​រីក​ចម្រើន​ខ្លាំង​​ក្នុង​នោះ​ជំរុញ​ឲ្យ​ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ដែល​ជា​គោល​បំណង​ដ៏​សំខាន់។ យើង​មាន​កិត្តិយស​ដែល​បាន​សហការ​ជា​មួយ​ IeSF ​ក្នុង​នាម​ជា​ដៃ​គូ​សកល​ផ្តាច់​ព្រ័ត្រ​រយៈ​ពេល​យូរ​អង្វែង»។

 

ចំណែក​​ប្រធាន​សហព័ន្ធ​​កីឡា​ IeSF លោក​ Byung Hun Jun ​បាន​និយាយ​ដែរ​ថា ៖«ដៃ​គូ​សហការ​នេះ​ជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ IeSF។ ខ្ញុំ​ជឿ​លើ​​ IeSF និង​ Alisports ​នឹង​​បង្កើត​យុទ្ធសាស្ត្រ​ទៅ​​វិញ​ទៅ​មក​កាន់​តែ​ច្រើន។ ខ្ញុំ​ក៏​ជឿ​ដែរ​ថា​ ទី​លាន​ប្រកួត​ e-Sports ​អាច​ត្រូវ​បាន​កែ​ប្រែ​ទៅ​ជា​ទី​កន្លែង​ហ្វេហ្ស៊ិន​សម្រាប់​យុវជន»។

 

Alisports ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៥​​ជា​​​ស្ថាប័ន​កីឡា​មួយ​​ដោយ​មាន​គោល​បំណង​កំណត់​​សេវាកម្ម​សម្រាប់​សំបុត្រ​ និង​​ការ​គ្រប់​គ្រង​លើ​សិទ្ធិ​ការ​ផ្សាយ។ ​ពិសេស​​គឺ​បង្កើត​​ទម្រង់​​អាជីវកម្ម​កីឡា​សំខាន់​​ក្នុង​នោះ​មាន​ទាំង​អាជីវកម្ម​អ៊ិនធើណេត​ និង​ការ​អភិវឌ្ឍ​កីឡា ព្រម​ទាំង​មាន​សេវាកម្ម​ជា​ច្រើន​ទៀត៕

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា
ប្រភព៖ IeSF