កម្ពុជា​ប្រកាស​ជំហរ​មិន​កាន់​ជើង​ភាគី​ណា​មួយ​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន

ប្រទេស​ជា​សមាជិក​អាស៊ាន​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ការវិវត្តន៍​ចុង​ក្រោយ​នៅ​តំបន់​សមុទ្រ​ចិន ខាង​ត្បូង ដែល​កំពុង​មាន​ភាព​តានតឹង។

កម្ពុជា បាន​បញ្ជាក់​ជំហរ​ក្នុង​នាម​ជា​រដ្ឋ​មួយ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ជម្លោះ​នេះ​​ថា ខ្លួន​មិន​កាន់​ជើង​ភាគី​ជម្លោះ​ណា​មួយ​ឡើយ និង​ចាត់​ទុក​រឿង​នេះ​ជា​ជម្លោះ​ទ្វេ​ភាគី​រវាង​ហ្វីលីពីន និង​ចិន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​២៧ កក្កដា ឲ្យ​ដឹង​ថា ប្រទេស​ជា​សមាជិក​អាស៊ាន និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​មាន​ការ​ចាំបាច់​ថែរក្សា​នូវ​សមិទ្ធផល​ដ៏​ធំធេង​នៃ​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​វាង​អាស៊ាន និង​ចិន ព្រមទាំង​ចូលរួម​លើក​ទឹក​ចិត្ត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ផ្ទាល់ ដោះស្រាយ​ជម្លោះ​របស់​ខ្លួន​ដោយ​សន្តិវិធី តាម​រយៈ​ការ​ពិគ្រោះ ការ​ចរចា​ស្រប​តាម​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ រាប់​ទាំង​អនុសញ្ញា​​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ផង​ដែរ។ ក៏​ប៉ុន្តែ​ប្រទេស​ជា​សមាជិក​អាស៊ាន មួយ​ចំនួន​ថ្មីៗ​នេះ បាន​រិះគន់​កម្ពុជា ថា បាន​កាន់​ជើង​ចិន ដោយ​បំភ្លេច​បញ្ហា​សុខទុក្ខ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​ជាមួយ​គ្នា។

កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន លើក​ទី​៤៩ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ រយៈពេល ៤​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​២៣ ដល់​ថ្ងៃ​២៦ កក្កដា បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា។

កិច្ច​ប្រជុំ​លើក​ទី​៤៩​នេះ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បាន​ពិភាក្សា​គ្នា​ប្រកប​ដោយ​ផ្លែផ្កា​លើ​បញ្ហា​នយោបាយ សន្តិសុខ និង​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សំខាន់ៗ រវាង​ប្រទេស​សមាជិក​អាស៊ាន និង​អាស៊ាន ព្រមទាំង​ប្រទេស​ជា​ដៃគូ​នានា។ កិច្ច​ប្រជុំ​ដដែល​នេះ​បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ការ​ជំរុញ​កិច្ច​ប្រឹងប្រែង​របស់​សហគមន៍​អាស៊ាន តាម​រយៈ​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​២០២៥ ដើម្បី​រួម​ចំណែក​ក្នុង​ការ​ថែរក្សា និង​លើក​ស្ទួយ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។