តុលាការ​អាមេរិក​ដោះលែង​ជន​ប៉ុនប៉ង​ធ្វើ​ឃាត​លោក Reagan កាលពី​៣៥​ឆ្នាំមុន​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-28-2016, 3:34 pm         496

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តុលាការ​អាមេរិក​ដោះលែង​ជន​ប៉ុនប៉ង​ធ្វើ​ឃាត​លោក Reagan កាលពី​៣៥​ឆ្នាំមុន​​ជនដៃដល់​ដែល​បាន​បាញ់​អតីត​ប្រធានាធិបតីអាមេរិក លោក  Ronald Reagan និង​មនុស្ស​បីនាក់​ផ្សេងទៀត​ឲ្យ​របួស កាលពី​ឆ្នាំ​១៩៨១ នឹងត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ពី​មន្ទីរពេទ្យ​វិកលចរិត ដើម្បី​រស់នៅ​ជាមួយ​ម្ដាយ​របស់ខ្លួន​។ យ៉ាងណាមិញ ក្រុមគ្រួសារ​របស់លោក Reagan បាន​បញ្ចេញ​ជំហរ​ជំទាស់​នឹង​ការដោះលែង​នេះ ដោយ​លើក​មូល​ហេតុថា ជនដៃដល់​នៅតែមាន​គ្រោះថ្នាក់​ដដែល​។​

​ចៅក្រម Paul Friedman នៅ​ថ្ងៃទី​២៧ ខែកក្កដា បានសម្រេច​ដោះលែង​ជន​ឈ្មោះ John Hinckley Jr. ដែល​បាន​បាញ់​អតីត​ប្រធានាធិបតី Reagan ឲ្យ​របួស​។ ចៅក្រម Friedman រកឃើញថា Hinckley ដែល​មិនបាន​ជាប់ទោស​ដោយសារ​តែមាន​ស្មារតី​មិនល្អ​នោះ មិនអាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃទៀត​ទេ ទើប​រូបគេ​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​។​

​ចៅក្រម​ដដែល​នេះ សម្រេច​ទៀតថា Hinckley អាច​ត្រូវបាន​ដោះលែង​ពី​មន្ទីរពេទ្យ St. Elizabeth ឲ្យ​លឿន​បំផុត​នៅត្រឹម​ថ្ងៃទី​៥ ខែសីហា ជាមួយនឹង​លក្ខខណ្ឌ​មួយចំនួន ដើម្បី​ធានាថា រូបគេ​នេះ​ត្រូវបាន​ឃ្លាំមើល​។ ចៅក្រម Friedman បន្តថា​៖« ចាប់តាំងពី​ការប៉ុនប៉ង​ធ្វើអត្តឃាត​ក្នុង​ឆ្នាំ​១៩៨៣​មក ជនដៃដល់​វ័យ​៦១​ឆ្នាំនេះ មិនបាន​បង្ហាញ​សញ្ញា​នៃ​បញ្ហា​ខួរក្បាល អាកប្បកិរិយា​ហិង្សា ការចាប់អារម្មណ៍​លើ​អាវុធ និង​ការប៉ុនប៉ង​ធ្វើអត្តឃាត​អ្វី​ទេ​។​»

​សូម​រម្លឹកថា ក្នុង​ហេតុការណ៍​ក្នុង​ឆ្នាំ​១៩៨១ ជន​ដ​ដៃដល់​ខាងលើ បាន​បាញ់​ឲ្យ​លោក Reagan និង​មនុស្ស​បីនាក់​ទៀត​របួស គឺ​អ្នកនាំពាក្យ​ប្រធានាធិបតី​លោក James Brady មន្ត្រីប៉ូលិស​ម្នាក់ និង​សមាជិក​ក្រុម​សម្ងាត់​ម្នាក់ទៀត​។ ហេតុការណ៍​បាញ់ ក៏​ជា​ចំណុច​ចាប់ផ្ដើម​នាំ​ការត្រួតពិនិត្យ​កាំភ្លើង ដោយ​លោក Brady និង​ភរិយា បាន​បង្កើតជា​យុទ្ធនា​ការបង្ការ​អំពើហិង្សា​ដោយ​កាំភ្លើង​។

​ត្រលប់មក​ការដោះលែង Hinckley វិញ មូលនិធិ​ប្រធានាធិបតី Ronald Reagan និយាយថា ក្រុមគ្រួសារ​លោក Reagan ប្រឆាំងនឹង​ការដោះលែង​នេះ ដ្បិត​ជនដៃដល់​នៅតែ​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​អ្នកដទៃ​បាន​។ ចំណែក​មូលនិធិ Brady វិញ ដោយ​មិន​និយាយ​ចំៗ​ដល់​ការដោះលែង Hinckley ពួកគេ​បញ្ជាក់ថា ច្បាប់គ្រប់គ្រងអាវុធ ដូចជា​មិនមាន​ប្រសិទ្ធភាព​ឡើយ​។​

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters សម្រាប់​ជន Hinckley ប្រសិនបើ​ក្រុមគ្រូពេទ្យ​របស់គេ​ឯកភាព​ហើយ​នោះ គេ​នឹងត្រូវ​រស់នៅ​ដោយ​ខ្លួនឯង ឬក៏​មាន​អ្នក​រួម​បន្ទប់​ជាមួយគ្នា​ដែរ​។ នេះ​ជាការ​បញ្ជាក់​របស់​ចៅក្រម Friedman មុននឹង​បន្ថែមថា ប្រសិនបើ​ម្ដាយ​របស់​ជននេះ មិនអាច​ថែទាំ​រូបគេ​បាន បងប្អូន​ប្រុស​ស្រី នឹង​តម្រូវ​ឲ្យ​រស់នៅ​ជាមួយគ្នា រហូតដល់​ពេល​ដែ​គ្រូពេទ្យ​មាន​ផែនការ​ថ្មី​៕