ឆៃ សា​រ៉ា ជួប​ថៃ ឯ​រឿង សោ​ភ័​ណ្ឌ ជួប​ឡាវ​យប់​ថ្ងៃ​សុក្រ​នេះ​មួយ​ណា​សម្រេច​គោលដៅ?

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​សុក្រ ទី​២៩ កក្កដា ​នេះ កីឡាករ​កម្ពុជា​២​រូប​គឺ ឆៃ សា​រ៉ា និង​រឿង សោ​ភ័​ណ្ឌ នឹង​ឡើង​សង្វៀន​ទូរ​ទស្សន៍​អា​ស៊ី​អាគ្នេយ៍​ប្រកួត​ជាមួយ​កីឡាករ​ថៃ និង​ឡាវ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ K-Cement ជា​ថ្មី​ទៀត​ហើយ​ដើម្បី​រំលេច​នូវ​ការ​ចាប់អារម្មណ៍ ។ គេ​មិន​ទាន់​ដឹង​ថា រវាង​កីឡាករ​កម្ពុជា​ទាំង​ពីរ នឹង​មាន​វាសនា​យ៉ាងដូចម្ដេច​នោះ​ទេ ដោយសារ​តែ​សមាសភាព​កីឡាករ​បរទេស​ដែល​ពួក​គេ​ត្រូវ​ប៉ះ​ជាមួយ​ក៏​មិនមែន​ជើង​ថ្មី និង​ធ្លាប់​មាន​ប្រវត្តិ​ស៊ីជើង​ខ្លាំង​កម្ពុជា​ផង​ដែរ ។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​រហូត​ដល់​ម៉ោង​៨​យប់ស្អែក​នេះ តាំងពី​បើក​ដំណើរការ​គេ​កត់​សម្គាល់ថា មានការ​ទស្សនា​យ៉ាង​កកកុញ​តែ​ម្ដង គឺ​មិន​ខុស​ពី​ការ​ប្រកួត​នៅ​ពេល​រសៀល​ថ្ងៃ​សៅរ៍​ក្នុង​ពេល​មិន​ទាន់​ប្ដូរ​ពេល​នោះ​ទេ ។ ការ​ប្រដាល់​នៅ​វេលា​យប់​នេះ មានការ​រំពឹង​ថា នឹង​មាន​អ្នក​ទស្សនា​កកកុញ បើ​ទោះជា​ការ​ប្រដាល់​​នៅ​យប់​ថ្ងៃ​សុក្រ គឺជា​ព្រឹត្តិការណ៍​ដែល​បាន​ប្ដូរ​ពី​ថ្ងៃ​សៅរ៍​ដែល​ធ្វើ​ឱ្យ​អ្នកខ្លះ​មិន​បានដឹង និង​មិន​មាន​ពេល​ទស្សនា​។ នោះ​គឺ​ដោយសារ​តែ​វត្តមាន​របស់​កីឡាករ​ដែល​បាន​ឡើង​ប្រកួត​ត្រូវ​គេ​កត់​សម្គាល់ថា ​មាន​សមត្ថភាព​ខ្ពស់ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​ប្រកាស​ពី​ការ​សម្រិតសម្រាំង​កីឡាករ​សម្រាប់​ការ​ប្រកួត​យប់​នេះ ដោយ​វត្តមាន​របស់​កីឡាករ​កម្ពុជា និង​បរទេស​ទាំង​៤​រូប​ហាក់​ធ្វើ​ឱ្យ​មានការ​ជឿជាក់​ខ្លាំង​ថា ​ពួក​គេ​នឹង​បើក​ឆាកប្រយុទ្ធ​ខ្លាំង​ៗ​ដាក់​គ្នា ដោយសារ​តែ​ចង់​ឈ្នះ​មិន​ចង់​ចាញ់​។

កីឡាករ ឆៃ សា​រ៉ា ដែល​ជា​ម្ចាស់​ពាន​ក្នុង​ព្រឹត្តិការណ៍​K-Cement​កាលពី​ថ្ងៃ​សៅរ៍ ជា​ជើង​ខ្លាំង​ម្នាក់​ប្រចាំ​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផា យ៉ាក់​ឡេ​ក ដែល​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ថៃ ។ ជំនួប​ប៉ះ​គ្នា​រវាង​អ្នក​ទាំង​ពីរ​ត្រូវ​គេ​រំពឹង​ថា នឹង​បែក​ផ្កាភ្លើង​នៅ​លើ​សង្វៀន ដោយសារ​តែ​ពួក​គេ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដើម្បី​រក្សា​មុខមាត់ និង​ក្រេ​ឌី​ត ។ ផ្អែក​តាម​បទ​ពិសោធន៍​អ្នក​ទាំង​ពីរ​មាន​កម្រិត​ចាញ់​គ្នា​មិន​ច្រើន​ទេ ដោយ​កីឡាករ​កម្ពុជា​ក៏​មាន​ប្រវត្តិ​ប្រកួត​ច្រើន ហើយ​កីឡាករ​ថៃ​ក៏​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ដូច​គ្នា ។ លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា លោក​សម្រេច​ដាក់​ឱ្យ​កីឡាករ​ទាំង​ពីរ​ប៉ះ​គ្នា ដោយសារ​តែ ឆៃ សា​រ៉ា ក៏​ហ្វឹកហាត់​បាន​ច្រើន​ក្នុង​ការ​ត្រៀមខ្លួន ហើយ ផា យ៉ាក់​ឡេ​ក ក៏​ជា​កីឡាករ​ដែល​មាន​ស្នាដៃ​ម្នាក់​នៅ​លើ​សង្វៀន​ប្រទេស​ថៃ និង​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ គូ​នេះ កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​៥៨​លើក ឈ្នះ​៤៧​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៦៨​លើក ឈ្នះ​៥៧​លើក និង​ចាញ់​១១​លើក ។ កីឡាករ​កម្ពុជា​​បាន​ប្រកាសប្រាប់​ថា នឹង​ប្រឹង​យកឈ្នះ​លើ​កីឡាករ​ថៃ​ឱ្យ​ខាង​តែ​បាន ដោយសារ​តែ​មុន​ផ្គូផ្គង​លោក​ហ្វឹកហាត់​ច្រើន​នៅ​លើ​សង្វៀន​ក្នុង​ក្លិប ។ យ៉ាងណា​ក៏​ដោយ កីឡា​ករ​ថៃ​ក៏​មាន​ជំនឿ​ចិត្ត​បែប​នេះ​ផង​ដែរ​។

នេះ​បើ​យោង​តាម​ការ​អះអាង​របស់​លោក​ថៃ អ៊ូ ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត និង​ផ្អែក​តាម​ថ្វីដៃ​ដែល​កីឡាករ​ថៃ​ធ្វើ​បាន​នា​ពេល​កន្លង​មក​។ គូ​នេះ​ត្រូវ​គេ​រំពឹង​ច្រើន​ថា​នឹង​វាយ​អស់ពី​សមត្ថភាព ដោយសារ​តែ​ឆៃ សា​រ៉ា ថ្វីបើ​ខាន​ឡើង​រេញ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ តែ​អ្វី​ដែល​គេ​ធ្វើ​បាន​គឺ​មិន​ដែល​បណ្ដោយ​ឱ្យ​គូប្រកួត​ទៅ​រួច​ដោយ​ស្រួល​នោះ​ឡើយ។

កីឡាករ​រឿង សោ​ភ័​ណ្ឌ ឯណោះ​វិញ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ ចំប៉ា​សាក់ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ ។ អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ក្នុង​តំណែង​គូ​ឯក​ដោយ​កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​អួត​រៀងខ្លួន​ថា ពួក​គេ​នឹង​ប្រឹង​ឱ្យ​ឈ្នះ​។ ទោះបី​យ៉ាងណា គេ​មិន​ទាន់​ដឹង​ថា អ្នក​ណា​នឹង​ឈ្នះ​អ្នក​ណា​សម្រាប់​ការ​ប្រកួត​នេះ​នៅឡើយ​ទេ ដោយសារ​កីឡាករ​ទាំង​ពីរ​សុទ្ធតែ​ត្រូវ​បាន​មហាជន​ស្គាល់​ថា​ខ្លាំង​មិនធម្មតា​ដូច​គ្នា ។ គាប់​ជួន​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​រឿង សោ​ភ័​ណ្ឌ ជួន​ក៏​បាន​លទ្ធផល​ល្អ និង​ជួន​ក៏​បាន​លទ្ធផល​អវិជ្ជមាន​នោះ​ផង ទើប​ការ​ប្រាកដ​ចិត្ត​ថា​កីឡាករ​កម្ពុជា​នឹង​ឈ្នះ​កីឡាករ​ឡាវ​គឺ​មិន​ច្រើន​។ កីឡាករ​ឡាវ ចំប៉ា សាក់ ត្រូវ​បាន​ប្រកាស​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​ក្នុង​ប្រទេស​ឡាវ​ផង និង​ថៃ​ផង បើ​ទោះជា​បទ​ពិសោធន៍​របស់​គេ​តិច​ជាង​កីឡាករ​កម្ពុជា ។ រឿង សោ​ភ័​ណ្ឌ  ធ្លាប់​ប្រកួត​បាន​១៣៩​លើក ឈ្នះ​១២៦​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ខណៈ​ដែល​កីឡា​ករ​ឡាវ ក៏​ឡើង​រេញ​បាន​១០១​លើក ឈ្នះ​៨៥​លើក ចាញ់​១៥​លើក និង​ស្មើ​១​លើក​។

លោក ញាណ សុធី បញ្ជាក់​ថា គូ​នេះ​បើ​ឱ្យ​លោក​ទាយ គឺ​លោក​មាន​ទំនុកចិត្ត​លើ​កីឡាករ​កម្ពុជា ប៉ុន្តែ​បើ​ឱ្យ​លោក​ជឿជាក់​មាន​មិន​ច្រើន​នោះ​ទេ ដោយសារ​តែ​រឿង សោ​ភ័​ណ្ឌ ក៏​ល្អ ហើយ​កីឡាករ​ឡាវ ចំប៉ា សាក់ ក៏​មិន​ណ​យ​។ ដូច្នេះ​លោក​បាន​ត្រឹមតែ​ហ៊ាន​អះអាង​ថា នឹង​ប្រកួត​គ្នា​អស់ពី​សមត្ថភាព​ប៉ុណ្ណោះ ចំណែក​រឿង​ចាញ់​ឈ្នះ​លោក​ទុក​ឱ្យ​កីឡាករ​ទាំង​ពីរ​ប្រកួត​គ្នា​ជាក់ស្ដែង​ចុះ ៕