ពលរដ្ឋ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ព្រះ​កាយ​លោកសង្ឃ​១​អង្គ​នៅ​វត្ត​ភ្នំ​ព្រូស

ខេត្ត​កែប ៖ លោកសង្ឃ​១​អង្គ​គង់​នៅ​វត្ត​ភ្នំ​ព្រូស​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ព្រះ​កាយ​ខណៈ​កំពុង​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​កាលពី​យប់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រៃធំ សង្កាត់​ព្រៃធំ ក្រុងកែប ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​សមត្ថកិច្ច​ចម្រុះ​ចុះ​ជួយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ព្រៃធំ​បាន​ចេញ​ត្បា​ត​ក្នុងភូមិ​សាស្ត្រ​ខាងលើ ហើយ​ត្រូវ​បាន​ពលរដ្ឋ​ល្អ​រាយការណ៍​ថា មាន​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​លោកសង្ឃ​១​អង្គ​គង់នៅ​ក្នុង​វត្ត​ភ្នំ​ព្រូស ស្ថិត​ក្នុងភូមិ​-​សង្កាត់​ខាងលើ សមត្ថកិច្ច​ក៏​បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​នៅ​ចំណុច​ដែល​ពលរដ្ឋ​រាយការណ៍ ក៏​បាន​ប្រទះ​ឃើញ​លោកសង្ឃ​១​អង្គ​កំពុង​ប្រើប្រាស់ និង​ចែកចាយ​ជាក់ស្តែង ក៏​បាន​រាយការណ៍​ទៅ​មន្ទីរ​ធម្មការ និង​សាសនា​ក្រុង ហើយ​មន្ទីរ​ធម្មការ​ក៏​បាន​រាយការណ៍​ជូន​ព្រះ​មេគណក្រុង​ដើម្បី​សហការ​ជាមួយ​សមត្ថកិច្ច​ចុះ​ពិនិត្យ​ជាក់ស្តែង​ដល់​កន្លែង​កើតហេតុ រួច​និមន្ត​ព្រះសង្ឃ​អង្គ​នោះ​មក​កាន់​វត្ត​កំពង់ត្រឡាច ស្ថិត​នៅ​ភូមិ​សង្កាត់​ខាងលើ ដែល​ជា​វត្ត​មេគណ​សង្ឃ​ក្រុង​គង់នៅ រួច​បាន​ឲ្យ​ផ្សឹក​ហើយ​ប្រគល់​ជូន​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ​ន្ទិ​ត​ជា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​មានឈ្មោះ សុខ ចាន់​ឌី អាយុ​២២​ឆ្នាំ កាល​នៅ​ជា​សង្ឃ​ស្នាក់​នៅ​វត្ត​ក្នុងភូមិ​សង្កាត់​ខាងលើ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​ចាប់​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​១​កញ្ចប់​តូច ទុយោ​ជ័រ​សម្រាប់​ជក់​៥​ដើម ទូរស័ព្ទ​ដៃ​៣​គ្រឿង ម៉ាក​សាំ​ស៊ុ​ង​២​គ្រឿង និង​ម៉ាក​ណូ​គា​១​គ្រឿង កំប៉ុង​ទឹក​សុ​ទ្ឋ​សម្រាប់​ដាក់​ទឹក​ជក់​១ ។ ក្នុង​ករណី​នេះ​ដែរ ពេល​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​រូប​នេះ​បាន​បង្ហាញ​គូកន​ម្នាក់​ទៀត​ឈ្មោះ ពៅ ជូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដ​ណា​ក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា​នេះ​ដែរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕