លែងលះ​មិន​ដាច់ស្រេច ឃើញ​នាង​ជិះ​រថយន្ត​ជាមួយ​គូ​ថ្មី ប្រទូស្ត​រ៉ា​យ​ពេញ​ផ្លូវ

លែងលះ​មិន​ដាច់ស្រេច ឃើញ​នាង​ជិះ​រថយន្ត​ជាមួយ​គូ​ថ្មី ប្រទូស្ត​រ៉ា​យ​ពេញ​ផ្លូវ



រាជធានី​ភ្នំពេញ ៖ រថយន្ត​ពីរ​គ្រឿង​បាន​បើក​ដេញ​កៀរ​គ្នា​ឲ្យ​ឈប់​នៅ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ​ភាគី​ម្ខាង​ៗ​ចុះ​ពីលើ​រថយន្ត​ដេញ​ប្រវាយប្រតប់​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ទើប​គេ​ដឹង​ថា គឺ​ប្តី​បើករថយន្ត​ដេញ​តាម​ប្រពន្ធ​ដែល​កំពុង​ជិះ​រថយន្ត​ជាមួយ​ប្រុស​ស្នេហ៍​ថ្មី​។ ចំណែក​ប្រុស​ស្នេហ៍​ពេល​ដែល​ប្តី​គេ​តាម​ទាន់ ក៏​បាន​ចូល​ទៅ​ពួន​នៅ​ក្នុង​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​សុវត្ថិភាព ។

ហេតុការណ៍​ប្រទូស្ត​រ៉ា​យ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។ តាម​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ មួយ​គ្រឿង​ម៉ាក​ហាំ​ម័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រដ្ឋ​13 -2 0064 ជិះ​គ្នា​២​នាក់ ប្រុស​ម្នាក់​និង​ស្រី​ម្នាក់ និង​មួយ​គ្រឿង​ទៀត​ម៉ាក native ពណ៌​ទឹក​ប៊ិក ពាក់​ស្លាក​លេខ ភ្នំពេញ 2I-3140 បើកបរ​ដោយ​បុរស​ជា​ប្តី​និង​ដែល​គេ​ដឹង​ថា​ជា​អ្នក​សារព័ត៌មាន​ផង​ដែរ ។

រថយន្ត​ទាំង​២​គ្រឿង​ធ្វើ​ដំណើរ​តាម​មហាវិថី​សហ​ព​ន្ធ័​រុ​ស្ស៊ី​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ ដេញ​កៀរ​គ្នា​រហូត​ដល់​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី រថយន្ត​បុរស​ជា​ប្តី​បាន​បើក​កៀរ​រថយន្ត​ហាំ​ម័​រ ឲ្យ​ឈប់ រួច​ហើយ​ចុះ​ទៅ​ប្រវាយប្រតប់​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ ។ ចំណែក​បុរស​ជា​ប្រុស​ស្នេហ៍​របស់​ប្រ​ពន្ធ​ដែល​គេ​ដឹង​ថា ​ជា​មន្ត្រីរាជការ​មួយ​រូប​ដែរ បើកទ្វារ​រថយន្ត​រត់គេច​ចូល​ទីស្តីការគណៈរដ្ឋមន្ត្រី​បាត់​ស្រមោល​ទៅ ។

តាម​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​ថា រូប​គាត់​ និង​ប្រពន្ធ​បាន​រៀប​អាពាហ៍ពិពាហ៍​ស្របច្បាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទើបតែ​រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ​ទេ ដែល​ប្រពន្ធ​បាន​ចុះ​ចោលផ្ទះ​បាត់​ៗ​មិនសូវ​នៅផ្ទះ ។ សកម្មភាព​បែប​នេះ​ធ្វើ​ឲ្យ​រូប​គាត់​មានការ​សង្ស័យ ក៏​តាមដាន​ដឹង​ថា ​ប្រពន្ធ​លួច​មក​នៅ​ជាមួយ​បុរស​ម្នាក់​ដែល​ជិះ​រថយន្ត​ហាំ​ម័​រពាក់​ស្លាក​លេខ​រដ្ឋ​ខាងលើ ដោយ​បាន​ដើរ​លេង​ជាមួយ​គ្នា ចូល​មើល​កុន និង​ចូល​ខុន​ដូ​ស្នាក់​នៅ​ជាមួយ​គ្នា​ទៀត​ផង ។ ប៉ុន្តែគាត់​មិន​មាន​ភ័ស្តុតាង​គ្រប់គ្រាន់ ទើបតែ​នៅ​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា​នេះ គាត់​បានឃើញ​ផ្ទាល់​ភ្នែក​ និង​បើករថយន្ត​ដេញ​តាម​ប្រពន្ធ​រហូត​មក​ដល់​ចំណុច​ខាងលើ ឃាត់​រថយន្ត​ឲ្យ​ឈប់​ដើម្បី​និយាយ​គ្នា ។

ទោះបីជា​យ៉ាងណា បុរស​ជា​ប្ដី​និយាយ​ថា ថ្វី​ដ្បិត​ពួក​គាត់​បាន​លែងលះ​គ្នា​ពិតមែន តែ​មិន​ទាន់​ដាច់ស្រេច​នៅឡើយ​ទេ ។

ចំណែក​ស្ត្រី​ជា​ប្រពន្ធ​វិញ​បាន​ចោទ​បុរស​ជា​ប្តី​ថា ​មិន​ចេះ​រកស៊ី​អី​ទេ គឺ​ដេក​ចាំតែ​ចាយ​លុយ​នាង​ចិញ្ចឹម ធ្វើ​ឲ្យ​នាង​អស់ចិត្ត និង​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ដើម្បី​លែងលះ​គ្នា តែ​អតីត​ប្តី​នេះ​មិន​ព្រម​លែង​ទេ ហើយ​ចេះ​តែម​កតាម​រករឿង​នាង​ធ្វើ​ឲ្យ​រូប​នាង​ខ្មាស​គេ ។

ក្រោយ​ពេល​ប្រវាយប្រតប់​គ្នា​មួយសន្ទុះ​រួច​មក សម្ថ​កិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ធ្វើការ​សម្របសម្រួល ដើម្បី​ឲ្យ​ភាគី​ទាំង​សងខាង ចេញ​ផុត​ពីមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ។ ស្រប​ពេល​នោះ គេ​ឃើញ​បុរស​ដែល​ជិះ​រថយន្ត​ហាំ​ម័​រ ចេញ​មក​លួច​បើករថយន្ត​ចេញ​ទៅ​បាត់ ចំណែក​ពីរ​២​នាក់​ប្តី​ប្រពន្ធ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន តែ​មិនដឹង​ថា តើ​នឹង​មាន​អ្វី​កើតឡើង​រវាង​អ្នក​ទាំង​២​ទៀត​នោះ​ទេ ។ ប្ដី​ប្រពន្ធ​ដែល​បាត់បង់​សុភមង្គល ពិតជា​លំបាក​បន្តដំណើរ​សម្រាប់​អនាគត​បាន​ណាស់ ៕